ក្នុងពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម–កម្ពុជា ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone រួមជាមួយបណ្តាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធក្រុមហ៊ុន Viettel បាននាំយកដំណោះស្រាយបច្ចេកវិទ្យាជាច្រើនមកដាក់តាំងបង្ហាញ ដែលគ្របដណ្តប់លើវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុឌីជីថល បញ្ញាសិប្បនិម្មិត (AI) ភស្តុភារកម្ម និងទីក្រុងឆ្លាតវៃ ដើម្បីបើកឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអនុវត្តបច្ចេកវិទ្យានៅកម្ពុជា។

ពិព័រណ៍ VIDEX CAMBODIA 2026 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសហគ្រាសជាង ១៦០ និងស្តង់តាំងពិព័រណ៍ជាង ២៣០។ ព្រឹត្តិការណ៍នេះផ្តល់ឱកាសដល់សហគ្រាស នៃប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនង បង្ហាញផលិតផល និងស្វែងរកឱកាសភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា។

ក្រោមសារសំខាន់ «បច្ចេកវិទ្យាសកល ដើម្បីអនាគតប្រកបដោយចីរភាព» ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ Viettel ក្នុងការប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យាលំដាប់សកល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ អាជីវកម្ម និងសង្គម ស្តង់ពិព័រណ៍របស់ Viettel បានទាក់ទាញចំណាប់អារម្មណ៍ពីក្រសួង ស្ថាប័នរដ្ឋាភិបាល សហគ្រាស និងអ្នកទស្សនាមកពីប្រទេសវៀតណាម និងកម្ពុជា។ ស្តង់ពិព័រណ៍នេះផ្តល់ឱកាសឱ្យអ្នកចូលរួម ទទួលបានបទពិសោធន៍ផ្ទាល់ជាមួយ ដំណោះស្រាយតភ្ជាប់ឌីជីថល ហិរញ្ញវត្ថុឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងដំណោះស្រាយថាមពល និងទីក្រុងឆ្លាតវៃ ដែលផ្តល់ដោយក្រុមហ៊ុន Viettel Cambodia ដែលធ្វើប្រតិបត្តិការក្រោមម៉ាកយីហោ Metfone និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតរបស់ Viettel។

ក្នុងវិស័យភស្តុភារកម្ម Metfone បាននាំយកសេវាកម្ម Metfone Express ដែលបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៦ មកបង្ហាញ។ សេវាកម្មនេះប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការគ្រប់គ្រងការបញ្ជាទិញ ការសម្របសម្រួលការដឹកជញ្ជូន និងការតាមដានស្ថានភាពកញ្ចប់ទំនិញ។ សេវាកម្មនេះគឺជាជំហានបន្ត នៃការពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើនឡើងក្នុងទីផ្សារពាណិជ្ជកម្ម និងដឹកជញ្ជូននៅកម្ពុជា។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ២០០៩ Metfone បានក្លាយជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍មួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្របដណ្តប់ យ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ក្រុមហ៊ុនកំពុងពង្រីកសកម្មភាព ជាបន្តបន្ទាប់ទៅកាន់សេវាកម្មឌីជីថល ហិរញ្ញវត្ថុឌីជីថល ភស្តុភារកម្ម និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស។
ទន្ទឹមនឹងសកម្មភាពអាជីវកម្ម Metfone ក៏បានអនុវត្តកម្មវិធីគាំទ្រសហគមន៍ក្នុងវិស័យអប់រំ សុខាភិបាល និងការតភ្ជាប់អ៊ីនធឺណិត ដើម្បីជួយពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យា ជាពិសេសនៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល។

ការចូលរួមរបស់ Metfone ក្នុងពិព័រណ៍ VIDEX CAMBODIA 2026 បានបង្កើតឱកាសបន្ថែមសម្រាប់ការតភ្ជាប់ ទំនាក់ទំនងរវាងសហគ្រាសបច្ចេកវិទ្យាវៀតណាម និងកម្ពុជា ព្រមទាំងណែនាំដំណោះស្រាយឌីជីថល ដែលអាចអនុវត្តបានក្នុងវិស័យសេដ្ឋកិច្ចជាច្រើន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមចំណែក លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា គាំទ្រតម្រូវការនៃការធ្វើបរិវត្តកម្មឌីជីថល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជាប្រកបដោយចីរភាព ៕




