ហិរញ្ញវត្ថុ

ជប៉ុនផ្តល់ថវិកា ជាង៧០ម៉ឺនដុល្លារ សម្រាប់ការពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ដ ការពង្រឹងបណ្តាញគាំទ្រសម្រាប់កុមារ និងការកែលម្អបរិស្ថានសិក្សា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៧២៨,៥០១ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់ គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

តាមរយៈស្ថានទូតជប៉ុន បានបញ្ជាក់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះថា ក្នុងនោះ ថវិកា ១២៥,០១២ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្ត “គម្រោងសម្រាប់សល្យសាស្រ្តកុមារ ប្រចាំខេត្តក្រចេះ (ឆ្នាំទី៣)” ថវិកា ២០០,៩០៦ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិជប៉ុន (PHJ) ដើម្បីអនុវត្ត “គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ៣)” និងថវិកាចំនួន ៤០២,៥៨៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីអនុវត្ត “គម្រោងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សាតាមរយៈការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាក្នុងខេត្តបាត់ដំបង“។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំង៣ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយលោកបានថ្លែងអំណរគុណ ចំពោះអង្គការទាំងបីដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលជប៉ុន។ ខណៈពេលដែលគម្រោងជំនួយអភិវឌ្ឍន៍ ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានា។ លោកជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕

Most Popular

To Top