ហិរញ្ញវត្ថុ

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) សម្រេចបាន៨០%ហើយ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៣

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោង ធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) គិតមកទល់ពេលនេះសម្រេចបាន៨០%ហើយ ដែលគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៣។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ(AC) និងមានសួរច្បារកណ្តាល។

គម្រោងនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតនៅក្នុង កំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង។ដោយឡែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global គិតរហូតមកទល់ពេលនេះសម្រេចបាន៨០%ហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៣។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋក្នុងការជួយថែទាំផ្លូវថ្នល់ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវសូមសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសុំកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឱ្យទឹកហូរលើផ្លូវ នាំឱ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែង លក់ដូរ បង្កឱ្យមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដោយច្បាប់ជាដើម។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមផងដែរសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ប្រុងប្រយ័ត្នដោយសារ ឃើញផ្លូវល្អ ហើយបើកបរលើសល្បឿនកំណត់ដោយមិនដឹងខ្លួន ត្រូវពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត មិនត្រូវប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន និងមិនត្រូវប្រើ ទូរសព្ទនៅពេលបើកបរដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានជម្រាបជូនផងដែរថា៖ បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ របួសពី១០ទៅ១៥ក្នុងមួយថ្ងៃ ខាតបង់ថវិកាជាតិ និងថវិកាឯកជនប្រមាណពី៤០០ ទៅ ៤២០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី បានអំពាវនាវសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ធ្វើឱ្យមានការលំបាកដល់យុទ្ធនាការកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកថវិកាទាំងប្រាក់កម្ចី ទាំងថវិកាជាតិ និងជំនួយឥតសំណងមក កសាងប្រព័ន្ធផ្លូវថ្នល់របស់យើង ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនមានតម្លៃថោក អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញវិនិយោគិនមក ដាក់ទុននៅកម្ពុជា បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើ៕

Most Popular

To Top