Home Blog Page 101

ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ ចែករំលែកក្តីស្រឡាញ់ ផ្តល់សម្ភារសិក្សា និងបំពាក់គ្រឿងបរិក្ខារអេឡិចត្រូនិក ដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត!

(ភ្នំពេញ) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២៖ ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាធនធាន ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400 ក្បាល ព្រមទាំងបំពាក់គ្រឿងបរិក្ខារ និងបរិក្ខារអេឡិចត្រូនិកមួយចំនួន ជូនដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថាសកម្មភាពសប្បុរសធម៌នេះ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការ សប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ ហើយគោលបំណងចម្បងបំផុត នៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាក្រៅអំពីការបរិច្ចាគនូវកញ្ចប់សម្ភារសិក្សា និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញពោរពេញដោយផាសុកភាពជាមួយនឹងបរិក្ខារអេឡិចត្រូនិកដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននាពេលនេះក្រុមហ៊ុនក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឭកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តខិតខំផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្ស និងបន្តរក្សាអនាម័យ និងអនុវត្តវិធានការ 3កុំ 3ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។

លោកនាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា  “ការផ្តល់ជូននូវផលិតផល សាមសុង ដែលមានគុណភាពខ្ពស់បំផុតជូនមនុស្សជាតិគឺជារឿងដ៏សំខាន់បំផុតស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ប៉ុន្តែការផ្តល់នូវក្តីស្រឡាញ់ និងយកចិត្តទុកដាក់លើសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការអាជីវកម្ម ជាពិសេសការអភិវឌ្ឍន៍វិស័យធនធានមនុស្សក៏ជាកត្តាអាទិភាពដែលមិនអាចខ្វះបានផងដែរ”។

ជាមួយគ្នានេះដែរ លោក សាំង នី នាយកសាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ក៏បានមានប្រសាសន៍ដែរថា “ក្រោយពីមានការរីករាលដាលវិបត្តិសកល និងឧបសគ្គយ៉ាងណាក្តីក៏ថ្នាក់ដឹកនាំ សាលា លោកគ្រូ អ្នកគ្រូ និងជាពិសេសក្រុមហ៊ុន សាមសុង កម្ពុជា មិនដែលភ្លេច និងតែងតែយកចិត្តទុកដាក់ក្នុងការជួយជំរុញដល់វិស័យធនធានមនុស្សជាពិសេសសម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីស្នូលដ៏សំខាន់សម្រាប់ប្រទេសជាតិ”។

បន្ថែមពីនេះដែរ លោក គីម យ៉ុងហូ ប្រធានគ្រប់គ្រងនៃអង្គការ Good Neighbors ក៏បានមានប្រសាសន៍ផងដែរថា “នេះមិនមែនជាលើកទី1 ទេដែលបានឃើញក្រុមហ៊ុន សាមសុង កម្ពុជា ធ្វើការចែករំលែកនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សតាមរយៈយុទ្ធនាការសប្បុរសធម៌របស់ខ្លួនស្របគ្នាជាមួយនឹងចក្ខុវិស័យអង្គការ Good Neighbors ដោយផ្តោតសំខាន់ជំរុញការអប់រំលើកុមារ អភិវឌ្ឍសហគមន៍ និងលើកម្ពស់បញ្ហាសុខភាពជាដើម”។

ជាចុងក្រោយអ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះគឺគ្រាន់តែចង់ឃើញ និងចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និងជាពិសេសផ្តល់នូវផលវិជ្ជមានទៅដល់សហគមន៍…ដល់សង្គម និងដល់ប្រទេសកម្ពុជាវិញ ប៉ុណ្ណោះ៕

មណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ក្រុងព្រះសីហនុ ដាក់សម្ពោធបើកឱ្យដំណើរការជាផ្លូវការ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង និង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី ដែលមានទីតាំងឋិតនៅជាន់ទី៣នៃផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall) មានអាសយដ្ឋានស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ ១០០ (វីថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពី សារសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវា សាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការធ្វើកំណែទម្រង់ និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែជិតស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងនឹងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពី គម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅទីតាំងមួយចំនួនតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គសនីពីសំណាក់ សាធារណៈទូទៅ និងកិច្ចសហការជាមួយក្រុមហ៊ុននានាដើម្បីជំរុញការដំឡើងស្ថានីយបញ្ចូលថាមពល អគ្គិសនីឱ្យបានច្រើនថែមទៀត។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង ផ្សារ FURI TIMES SQUARE MALL ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវាសាធារណៈ ដោយ ឥតគិតថ្លៃរយៈពេល៥ឆ្នាំក្នុងការជំរុញការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងការប្រមូលចំណូលពន្ធ និងអង្គការUNDP ដែលបានផ្តល់ការគំាទ្រក្នុងយុទ្ធនាការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី រួមទំាង ស្ថានីយបញ្ចូលថាមពលអគ្គិសនី និងក្រុមហ៊ុនKTS ដែលបានសហការ និងគាំទ្ររាល់គំនិតផ្តួចផ្តើម របស់ក្រសួង។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអរគុណផងដែរដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមការងារ និងមន្រ្តីជំនាញ ដែលបានខិតខំប្រឹងប្រែងរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសតភ្ជាប់ប្រព័ន្ធ និង បានរៀបចំកម្មវិធីដើម្បីបានដាក់ដំណើរការជាស្ថាពរនាថ្ងៃនេះ។

លោកទេសរដ្ឋមន្ត្រី បានសំណូមពរទៅបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុត សុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឱ្យស្រប ច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតមណ្ឌលផ្ដល់សេវាប្រភេទនេះនៅក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា ដោយបងប្អូនគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះសម្រាប់សេវាប្ដូរ ឬពន្យារបណ្ណបើកបរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ថា៖ ដើម្បីយើងអនុវត្តគោលនយោ បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បាន យើងត្រូវធ្វើការងារអាទិភាពចំនួនបួនឱ្យបានគឺ៖ ទី១. ត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ទី២. ត្រូវ មានធនធានមនុស្សល្អ ទី៣.ត្រូវបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ទី៤. រៀបចំខេត្តព្រះសីហនុទាំង មូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ច ពិសេស ដើម្បីទាក់ទាញវិនិយោគឱ្យមកបណ្ដាក់ទុនបង្កើតការងារធ្វើជូន បងប្អូនប្រជាពលរដ្ឋយើង។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃសុខសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសម្តេចបានប្រើយុទ្ធសាស្រ្ត នយោបាយ ឈ្នះ-ឈ្នះ អភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតដល់ប្រទេសកម្ពុជាមានការរីកចម្រើន គ្រប់វិស័យ និងមានធនធានមនុស្ស និងធ្វើឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះកិតិ្តយសលើឆាកអន្តរជាតិ ផងដែរ។

សូមជម្រាបជូនថា មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៦ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយ ក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាម ដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

មណ្ឌលនេះមានទទឹង៩,៣ ម៉ែត្រ និងបណ្តោយ ១១,៨ ម៉ែត្រ ទំហំសរុប ១០៩ ម៉ែត្រការ៉េ រៀបចំឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមហ៊ុនកាំត្រង់ស៊ីប និងផ្សារទំនើប FURI Times Square Mall។ មណ្ឌលនេះមានបំពាក់ដោយ ឧបករណ៍ និងសម្ភារបរិក្ខារចាំបាច់ដូចជា៖ សម្ភារការិយាល័យ កុំព្យូទ័រ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោះពុម្ភបណ្ណ ម៉ាស៊ីនហ្វូតូកូពី ប្រព័ន្ធInternet និងសម្ភារផ្សេងៗទៀតសម្រាប់ដំណើរការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មានកិច្ច សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ដើម្បីធ្វើការទូទាត់បានឆាប់រហ័សប្រកបដោយ តម្លាភាព នៅពេលប្រជាពលរដ្ឋមកស្នើសុំសេវានៅក្នុងមណ្ឌល។

ក្រសួងនឹងដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈនេះចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នេះតទៅ។ ប្រភេទសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដែលត្រូវផ្តល់រួមមាន៖ ប្ដូរបណ្ណបើកបរ ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ម៉ោងធ្វើការ៖ ០៧ថ្ងៃ ក្នុង០១សប្ដាហ៍ ពីម៉ោង ០៩ ព្រឹក ដល់ ០៦ល្ងាច សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ ទំនង៖ មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈលេខទូរស័ព្ទHOTLINE ១២៧៥ ទំព័រហ្វេសប៊ុកផ្លូវការ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន៖ www.fb.com/mpwt.gov.kh អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោកំ៖ www.fb.com/gdlt.mpwt.gov.kh ។

គួរកត់សម្គាល់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់ សេវាសាធារណៈបានចំនួន៦ទីតាំង រួមមាន៖ ១)មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន ១ (AEON 1) បានបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់សេវាប្ដូរនិងពន្យាបណ្ណបើកបរ យានយន្តសម្រាប់ជនជាតិខ្មែរ ២)មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន ២ (AEON 2)បាន បើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្តល់សេវាប្ដូរ និងពន្យាបណ្ឌបើកបរយានយន្តសម្រាប់ ជនជាតិខ្មែរ និងបរទេស ៣)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL) បានបើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ផ្តល់សេវាចុះបញ្ជី យានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ បណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ៤)មណ្ឌល ផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាជីវកម្មដឹកជញ្ជូន អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និងកំពង់ផែ ៥)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK) បានដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ត្រៀមដំណើរការ ផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ រួមទាំងមណ្ឌលផ្តល់សេវាសាធារណៈដែលកំពុងបើកឱ្យដំណើរ ការនាពេលនេះផងដែរ៕

រដ្ឋមន្រ្តីពាណិជ្ជកម្ម ប្តេជ្ញាជំរុញឱ្យមន្ត្រីពាក់ព័ន្ឋ នៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឱ្យកាន់តែជិតស្និទ្ឋ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាថា នឹងជំរុញឱ្យមន្ត្រីពាក់ព័ន្ឋនៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឱ្យកាន់តែជិតស្និទ្ឋ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ លោកសង្ឃឹម និងជឿជាក់ថា យើងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បី ជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ ប្រជាពលរដ្ឋ។យោងតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការប្តេជ្ញានេះធ្វើឡើងនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២២ ក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ចូលរួមកិច្ចប្រជុំពិភាក្សាពីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ដោយមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ឋ តំណាងខេត្តទាំង១១ នៃគោលដៅគម្រោង អភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូនិង SME អង្គការជាតិ អន្តរជាតិ ព្រមទាំងវិស័យឯកជន ផងដែរ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឯឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងស្ថាប័នពាក់ព័ន្ឋទាំងអស់ ព្រមទាំងអង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានា ដែលបានរួមគ្នាគិតរួមគ្នាធ្វើ ក្នុងការលើកកម្ពស់ផលិតផលខ្មែរ ទាំងការពង្រឹងគុណភាពផលិតផល ការរកទីផ្សារ ការការពារអត្តសញ្ញាណផលិតផលនានាក្នុងសហគមន៍ ការកសាងសមត្ថភាពកសិករ ផលិតករ សិប្បករ និងសេវាករនានា ក្នុងក្របខ័ណ្ឌសមាជិកចលនាភូមិ១ ផលិតផល១ នៅទូទាំងប្រទេស។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា គណៈកម្មាធិការជាតិជំរុញចលនា១ ផលិតផល១ គឺជាស្ថាប័នរដ្ឋមួយដែលមានបេសកកម្មសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលបាននិងកំពុងផលិតនូវផលិតផលនានា នៅតាមសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ។ល។ ហើយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការងារនេះ បានស្តែងចេញសកម្មភាព និងសមិទ្ធផលនានាជាច្រើន ទាំងផ្នែកទន់ និងផ្នែករឹង ក្នុងការជួយដល់កសិករ ផលិតករ សិប្បករ និងសេវាករ ក្នុងនោះរួមទាំងការរៀបចំ និងអនុម័តឯកសារគតិយុត្តនានា ការបណ្តុះបណ្តាលសហគមន៍ ការខិតខំរកដៃគូសហការពីវិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍនានា ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវទិសដៅដ៏ធំធេងនេះ គណៈកម្មាធិការជាតិបានរៀបចំរចនាសម្ព័ន្ធគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ រាជធានី ខេត្ត និងការចាត់តាំងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃគណៈកម្មាធិការជាតិនេះ ក្នុងនោះរាជរដ្ឋាភិបាលបានចាត់តាំង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិនេះ ដោយក្រសួងនេះជាស្ថាប័នគន្លឹះមួយដើម្បីជួយរកទីផ្សារលក់ផលិតផលខ្មែរ ជួយពង្រឹងគុណភាព សោភ័ណភាព និងឧត្តមភាពផលិតផលខ្មែរ ដើម្បីលក់ និងប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងនៅបរទេស។

ជាការឆ្លើយតបនឹងតួនាទីនេះ លោករដ្ឋមន្ត្រី បានប្តេជ្ញាថា នឹងជំរុញឱ្យមន្ត្រីពាក់ព័ន្ឋនៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឱ្យកាន់តែជិតស្និទ្ឋ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ហើយ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា យើងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បី ជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលបានផ្តល់ទំនុកចិត្ត និងបានតែងតាំង ឯកឧត្តមរដ្ឋមន្ត្រី ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នេះ។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូ និងSME ផ្តួចផ្តើមឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ (គ.ជ.ភ១.ផ១.) សហការជាមួយអង្គការ OXFARM ក្នុងរយៈពេល៨ខែ ដោយចាប់ផ្តើមពីខែមសា ដល់ខែធ្នូ ២០២២ នៅខេត្តគោលដៅចំនួន៨ គឺខេត្តកំពត, តាកែវ, ព្រះសីហនុ, សៀមរាប, បាត់ដំបង,បន្ទាយមានជ័យ, កំពង់ចាម និងរាជធានីភ្នំពេញ និងពិភាក្សារកដៃគូ ៣ទៀត គឺអង្គការតម្លាភាពអន្តរជាតិ ស្ថាប័ន Micro Finance L.O.L.C, និងក្រុមហ៊ុន Cambrew ដើម្បីពង្រីកទៅ ៣ ខេត្តទៀត គឺខេត្តស្វាយរៀង, កំពង់ឆ្នាំង និងឧត្តរមានជ័យ។ បច្ចុប្បន្នអគ្គលេខាធិការដ្ឋាន បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ដើម្បីបណ្តុះបណ្តាលផលិតផលមួយចំនួនដែល គ.ជ.ភ១.ផ១. បានទទួលស្គាល់ជាផ្លូវការជាផលិតផលភូមិ១ ផលិតផល១ ចំនួន ១២១មុខ ក្នុង ១០ខេត្ត ព្រមទាំងបានសហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់ និងរិះរករូបមន្តអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃបន្ថែម និងមានគ្រប់សក្តានុពល ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនជប៉ុន និងនិងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួល ក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនជប៉ុន ព្រមទាំងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួលដ៏ល្អប្រសើរក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត ស្របពេលដែលកម្ពុជាមានវិស័យសក្តានុពលជាច្រើនទៀត ជាពិសេស ឱកាសដែលទទួលបានក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ និងអាសិបចូលជាធរមាន។ យោងតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការសើ្ននេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Fumiaki TAKASHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមន្សរីកររាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រួល និងធ្វើឱ្យប្រសើរឡើងនូវបរិយកាសធុរកិច្ច-វិនិយោគនៅកម្ពុជា និងបានជម្រាបជូនអំពីការគាំទ្រ របស់ក្រសួងពាណិជ្ជកម្មដល់ធុរកិច្ចនៅកម្ពុជា តាមរយៈការសម្រួលការចុះបញ្ជីម៉ាកដល់ក្រុមហ៊ុនធុរកិច្ចនានា ការជំរុញការធ្វើធរុកិច្ចលើផលិតផលសក្តានុពលនានានៅកម្ពុជា រួមមានកសិដ្ឋានចិញ្ចឹមដង្កូវនាងសម្រាប់ បម្រើដល់ការផលិតគ្រឿងសំអាង និងផលិតផលកសិកម្មមានសក្តានុពលដទៃទៀត។

ជាការឆ្លើយតប លោក Fumiaki TAKASHASHI បានសម្តែងការកោតសរសើរចំពោះ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវកំណើនពាណិជ្ជកម្មទ្វេភាគី ដ៏ល្អប្រសើរ ទោះបីកន្លងមកប្រទេសទាំងពីរស្ថិតក្នុងកាលៈទេសៈលំបាក ដែលបង្កដោយជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។

ទន្ទឹមនឹងនេះ គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ពេលវេលាជម្រាបជូនអំពីកិច្ចសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការបន្តសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ច-វិនិយោគិនជប៉ុន សំដៅជំរុញ បន្ថែមនូវការវិនិយោគ ព្រមទាំងធ្វើពាណិជ្ជកម្មលើទំនិញ និងវិស័យសក្តានុពលដទៃទៀតរបស់កម្ពុជា។

ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀតពាក់ព័ន្ធនឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយកាត់បន្ថយឧស្ម័នកាបូនរយៈពេលវែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពល (Energy Transition) ជាដើម។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួលជំរុញសកម្មភាព ធុរកិច្ច និងវិនិយោគបន្ថែមទៀត លើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី និងស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩៕

ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ខូអីលធីឌី នឹងបើកវគ្គបណ្តុះបណ្តាល អំពីភ្នាក់ងារអចលនទ្រព្យ (វគ្គ ១) ដែលចាប់ផ្តើមចូលរៀននៅថ្ងៃសៅរ៍ទី ១៤ ខែឧសភាឆ្នាំ២០២២

គោលបណង នៃវគ្គបណ្តុះបណ្តាល អំពីភ្នាក់ងារអចលនទ្រព្យ រួមមាន៖

  • ផ្តល់នូវចំណេះដឹង និងចំណេះធ្វើ សម្រាប់អ្នកដែលមិនទាន់មានការយល់ដឹងអំពីវិស័យអចលនទ្រព្យ។
  • វគ្គបណ្តុះបណ្តាលនេះជូនដល់អ្នករៀចប់ថ្នាក់ទី១២ ឬសិស្សនិស្សិតដែមានចំណាប់អារម្មណ៍អំពីវិស័យអចលនទ្រព្យ។
  • អត្ថប្រយោជន៍ដែលទទួលបានក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះគឺ៖
  • របៀបដែលភ្នាក់ងារអចលនទ្រព្យអាចរកប្រាក់ចំណូលបាន
  • យល់ដឹងអំពីតួនាទី និងច្បាប់នានាដែលទាក់ទងនិងការធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យ
  • យល់ដឹងអំពីក្រមសីលធម៍វិជ្ជាជីវៈនៃភ្នាក់ងារអចលនវត្ថុ
  • យល់ដឹងលំអិតអំពីអចលនទ្រព្យ
  • យល់ដឹងអំពីតិថិជន
  • វិធីសាស្រ្តនៃការធ្វើទីផ្សាអចលនទ្រព្យ
  • វិធីសាស្រ្តផ្គត់ផ្គង់អចលនទ្រព្យ និងអតិថិជន
  • ការបិទការលក់ (Close Deal)
  • ការទទួលបានអត្ថប្រយោជន៍ (ប្រាក់កម្រៃជើងសារ)

បញ្ជាក់៖

  • វគ្គបណ្តុះបណ្តាលនេះធ្វើនៅរាល់ថ្ងៃសៅរ៍ និងអាទិត្យ ពីម៉ោង២ ដល់ម៉ោង៥ រសៀល មានរយៈពេល ២៨ម៉ោង
  • ថ្លៃសិក្សាមួយចប់ម្នាក់ ៨០ ដុល្លា (អាមេរិក)
  • ព័ត៌មានបន្ថែម និងដើម្បីចុះឈ្មោះ សូមទាក់ទង​ ទូរស័ព្ទ/តេឡេក្រាម៖ ០១២​​ ៩០២ ០៧៤
  • វគ្គសិក្សានេះមានធ្វើ TEST ផ្ទាល់មុនពេលអនុញ្ញាតឲ្យចូលរៀន
  • មានធ្វើ TEST ផ្ទាល់ក្រោយពេលបានចូលរៀន
  • សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រ ពីក្រុមហ៊ុន ស៊ីអិល រៀលធី (CL REALTY)
  • នឹងអាចទទួលបានឱកសការងារ
  • ចំនួនសក្ខាកាមចូលរៀនមានកំណត់ សូមរួសរាន់ អ្នកចុះឈ្មោះមុន មានអទិភាពមុន

គ្រូបណ្តុំបណ្តាល៖

  1. លោក ស៊ា ឆៃលីន មានបទពិសោធន៍ក្នុងវិស័អចលនទ្រព្យ ២០ឆ្នាំ។
  2. បច្ចុប្បន្នគាត់ដឹកនាំក្រុមហ៊ុន ស៊ីអិល រៀលធី (CL REALTY) ក្នុងតួនាទីជា អគ្គនាយកក្រុមហ៊ុន
  3. គាត់ក៏ជានាយក ទំនាក់ទំនងបុគ្គលិកនៅសមាគមន៍ CVEA (សមាគមន៍អ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា)
  4. គាត់ក៏ជាសមាជិក NRA នៅសហរដ្ឋអាមេរិក

ធនាគារ ABA បរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់កម្មវិធីសប្បុរសធម៌

ភ្នំពេញ ថ្ងៃទី 27 មេសា 2022 – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ​ 2022។ ថវិកាសប្បុរសធម៌ពី ​ABA នឹងយកទៅប្រើប្រាស់ ដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទូទាំងប្រទេស។

ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងជាអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា, ​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ ​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀតនៅ​ស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា​។

ថ្លែងក្នុងពិធីនេះ លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ “កាកបាទក្រហមកម្ពុជាដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ពិសេសអំឡុងពេលនៃគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ និងរាំងស្ងួតជាដើម។ ធនាគារ ABA សូមសម្ដែង ការអរគុណ និងគាំទ្រយ៉ាងពេញទំហឹងនូវរាល់គំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាល ក្នុងការផ្ដល់កញ្ចប់ ជំនួយសង្គ្រោះ បន្ទាន់, សេវាសុខាភិបាល ក្នុងសហគមន៍ និងសុខុមាលភាពសង្គមជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ការបរិច្ចាគ ដ៏ស្ដួចស្ដើងរបស់យើងខ្ញុំបានឆ្លុះ បញ្ចាំងពី ការបន្ដប្ដេជ្ញាចិត្តរបស់ ABA ក្នុងការរួមចំណែកជាវិជ្ជមានដល់សហគមន៍ ក្នុងស្រុក ហើយយើងខ្ញុំសង្ឃឹមថាថវិកានេះនឹងជួយសម្រួលការងារដ៏មានតម្លៃរបស់កាកបាទក្រហមកម្ពុជា”។​

កាកបាទក្រហមកម្ពុជា ជាអង្គការសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1955 ក្រោមវីរភាព ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អង្គការនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាថា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌ ដោយចូលរួមក្នុងសកម្មភាពជាច្រើនរួមមាន កម្មវិធីជំនួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ និងសកម្មភាពសុខុមាលភាពនានាក្នុងប្រទេសកម្ពុជា៕

កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវឱ្យកាន់តែទូលាយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ភាគីកម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក ព្រមទាំងដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ យោងតាម ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

ការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរាជធានីបាងកក ប្រទេសថៃ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ក៏បានកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ានប្តូរវេន ព្រមទាំងតួនាទីនៅក្នុងតំបន់ជាដើម។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា កម្ពុជា ក៏បានអរគុណដល់ប្រទេសម៉ាល់ឌីវ ដែលបានបញ្ជូនមន្ត្រីទេសចរណ៍របស់ខ្លួនមកចូលក្នុងព្រឹត្តិការណ៍ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិនៅកម្ពុជាកន្លងមក ជាពិសេសនៅឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានជម្រាបជូនទៅឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ពីស្ថានភាពកាន់តែប្រសើរឡើង ហើយស្ទើរតែដូចប្រក្រតីភាពឡើងវិញមុនការរីករាលដាលជំងឺកូវីដ១៩ ដោយផ្តោតសំខាន់ទៅលើប្រសិទ្ធភាព និងការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយភាពឆ្លាតវៃ ហើយបានចាត់ទុកការចាក់វ៉ាក់សាំងដើម្បីបន្ស៉ាំក្នុងសហគមន៍ ជាយុទ្ធសាស្ត្រគន្លឹះក្នុងការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះដែរ លោកថោង ខុន ក៏បានជម្រាបថា សកម្មភាពសង្គមសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក៏បានបើកឡើងវិញនៅក្នុងប្រក្រតីភាពថ្មី និងបន្តវិធានការសុវត្ថិភាពមួយចំនួនផងដែរ។

លោក ថោង ខុន បានបញ្ជាក់ប្រាប់ឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ថាកម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា ហើយស្ថានភាពនេះ គឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកន្លងមកក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងផងដែរ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីទេសចរណ៍ ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ជាពិសេសអំឡុងពេលកូវីដ១៩នេះ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា ទោះបីកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ ដូចជាផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តសៀមរាប នៅខេត្តព្រះសីហនុ ដូច្នេះកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកភ្ញៀវទេសចរអន្តរជាតិ។

លោករដ្ឋមន្ត្រី ថោង ខុន «ក៏បានស្នើសុំ និងមានការឯកភាពគ្នាភាគីទាំងពីរនេះ គឺធ្វើយ៉ាងម៉េចយើងជំរុញឱ្យមានការហោះហើរទៅវិញទៅមក ទោះបីប្រទេសម៉ាល់ឌីវជាប្រទេសតូចមែន ប៉ុន្តែជាប្រទេសដែលសម្បូរទៅដោយកោះ អញ្ចឹងថ្ងៃក្រោយយើងអាចទៅសិក្សាយកបទពិសោធន៍ ពីការអភិវឌ្ឍកោះរបស់ប្រទេសគាត់ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា»។

ភាគីទាំងពីរ ក៏បានឯកភាពគ្នារៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យប្រទេសម៉ាល់ឌីវ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត នៅក្នុងឆ្នាំ២០២២ ដើម្បីគាំទ្រអោយកម្ពុជារៀបចំកិច្ចប្រជុំនេះនៅឆ្នាំ២០២៣ ហើយកិច្ចការនេះកំពុងតែ ពិភាក្សាជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីពិនិត្យលទ្ធភាពរៀបចំ កិច្ចប្រជុំនេះនៅកម្ពុជា។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានគាំទ្រឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទសចរណ៍ពិភពលោក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត៕

ភាពអស្ចារ្យគ្មានពីរ ក្នុងលោកនៃប៊ិកវេទមន្ត S Pen របស់ Galaxy S22 Series ត្រូវបានលាតត្រដាង!

(ភ្នំពេញ) ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២៖ ពេលខ្លះបើក្រុមហ៊ុន សាមសុង មិនបានធ្វើការបង្ហាញជូនទេលោកអ្នកប្រាកដជាមិនបានដឹង ឬពេលខ្លះក៏មិនបានដឹងថាវាមានលក្ខណៈអស្ចារ្យលើសពីអ្វីដែលលោកអ្នកធ្លាប់បានគិតដែរ។ បើលោកអ្នកចង់ប្រើស៊េរី Galaxy Note ស្តាយកំពូលស៊េរី Galaxy Flagship, ប៉ុន្តែបើប្រើ Galaxy ស៊េរី Flagship, ស្តាយស៊េរី Note! ឥឡូវសម្រាប់ភាពស្តាយមុខ…ស្តាយក្រោយទាំងនេះ…ក្រុមហ៊ុន សាមសុង ផ្គាប់ចិត្តដោយផ្តល់ជូននូវភាពអស្ចារ្យដែលនឹកស្មានមិនដល់ និងគួរឱ្យភ្ញាក់ផ្អើលបំផុតជាមួយនឹងស្មាតហ្វូនកូនកាត់ Galaxy S22 Ultra ជូនលោកអ្នកតែម្តង។

ដូច្នេះហើយទើបថ្ងៃនេះក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញ និងលើកយកលក្ខណៈពិសេសបំផុត ពិសេសរហូតដែលធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើលនឹកស្មានមិនដល់ទៅលើកំពូលបច្ចេកវិទ្យាដែលញាត់បញ្ចូលក្នុង Galaxy S22 Ultra ជាមួយនឹងប៊ិកវេទមន្តជំនាន់ថ្មី បំពាក់កំពូលបច្ចេកវិទ្យាថ្មីជំនាន់ចុងក្រោយគេបង្អស់ និងដំបូងគេបង្អស់ផងដែរ។

លក្ខណៈពិសេសទាំងអស់នេះមានដូចជា៖

* Screen Off Memo

មុខងារនេះអាចឱ្យលោកអ្នកធ្វើការកត់ត្រាក្នុងពេលប្រញាប់បន្ទាន់បានលឿនបើទោះបីជាមិនទាន់បើកអេក្រង់ ឬ នៅមិនទាន់ដោះសោក៏ដោយជាមួយនឹងពន្លឺណេអុងដ៏ទាក់ទាញ (Neon Color)

* Quick Create Note

លោកអ្នកគ្រាន់តែដកប៊ិក S Pen មកហើយចុច 2 ដងលើអេក្រង់ (Double tap on the screen) ហើយចុចលើរូបប៊ិក បន្ទាប់មកចុចយកពាក្យ Create Note ជាការស្រេច! ដូច្នេះលោកអ្នកអាចធ្វើការកត់ត្រា វែង ឬខ្លី ទៅតាមចិត្តរបស់អ្នកបាន។

* Super Smooth

ប៊ិក S Pen ដែលបំពាក់ជាមួយ Galaxy S22 Ultra លើកនេះគឺល្អឥតខ្ចោះ (Seem no have the latency) អាចឱ្យយើងមានអារម្មណ៍ថារអិលលឿន រហ័សដូចជាប្រើប៊ិកសរសេរលើក្រដាសពិតៗដូច្នោះដែរ។

* Blur / Draw on photo or video

មុខងារនេះលោកអ្នកអាចធ្វើឱ្យព្រាលចំណុចណា ឬកន្លែងណានៅលើរូបថត ឬវីដេអូដោយគ្រាន់តែយកប៊ិក S Pen គូសវាសត្រង់កន្លែងដែលចង់ឱ្យព្រាលនោះជាការស្រេច សល់ពីនេះគឺរូបដែលមានលក្ខណៈផុសដាច់ស្អាត! មើលទៅប្លែក ឡូយ!

* Blur / Draw on the screenshot

មិនគ្រាន់តែឱ្យព្រាលលើរូបថតវីដេអូនោះទេ ប៉ុន្តែសម្រាប់រូប ស្គ្រីនសត (Screenshot) ជាមួយមុខងារ S Pen នេះលោកអ្នកក៏អាចធ្វើឱ្យព្រាលត្រង់ចំណុចដែលលោកអ្នកចង់បានផងដែរ។

* Translate

ដោយមានការសហការគ្នាជាមួយនឹង Google translate (It’s powered by Google translate) សម្រាប់សិស្សនិស្សិត បុគ្គលិកបម្រើការ ឬអ្នកជំនួញ អាចនឹងមានភាពងាយស្រួលក្នុងការស្វែងយល់បានរហ័សផងដែរទៅលើពាក្យបច្ចេកទេស ឬឃ្លាប្រយោគភាសាផ្សេងៗដែលលោកអ្នកចង់ដឹងបានផងដែរ។

* S Pen to Text

មុខងារនេះពិតជាមានប្រយោជន៍ច្រើនពោរពេញដោយភាពឆ្លាតវៃផងដែរដោយឱ្យលោកអ្នកសរសេរដោយប្រើ S Pen ហើយអក្សរ ឃ្លា ឬ ប្រយោគទាំងនោះនឹងផ្លាស់ប្តូរជាប្រភេទ (Convert to the text) អត្ថបទបានយ៉ាងងាយស្រួល។ អ៊ីចឹងមិនចាំបាច់ចូលទៅវាយជាប្រភេទ Text ម្តងទៀតនោះទេ!

នេះគ្រាន់តែមួយផ្នែកតូចនៃមុខងារ S-Pen ខ្លះៗតែប៉ុណ្ណោះ! គិតយ៉ាងម៉េចដែរ? មិនបាច់ឆ្លើយក៏ដឹងថាវាពិតជាមានប្រយោជន៍ក្នុងការងារ និងជីវិតប្រចាំថ្ងៃរបស់លោកអ្នកដែរ។ ម៉្យាងវិញទៀតអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាមិនចង់បាន ឬធ្វើនូវរឿងអ្វីដែល Impossible ទាំងក្នុងការងារ និងជីវិតប្រចាំថ្ងៃនោះទេ។ ហេតុដូច្នេះហើយបានជាក្រុមហ៊ុន សាមសុង បាន Break the rules of Impossible ជូនលោកអ្នក ដើម្បីធ្វើឱ្យការងារ និងជីវិតប្រចាំថ្ងៃរបស់លោកអ្នកពោរពេញដោយភាពជោគជ័យគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ នឹងដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដាខាងមុខ

ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចវឌ្ឍនភាពការងារបាន៩០,៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលវេលាសមស្រប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT 

ក្នុងឱកាសអញ្ជើញដឹកនាំក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារសាង​សង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងបងប្អូនប្រជាពលរដ្ឋផងដែរនោះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានថ្លែងថា តាមរយៈដំណើរទស្សនកិច្ចនេះ យុវជនក្រសួង និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរសាធារណការរាជធានីខេត្តទាំងអស់ និងប្រជាពលរដ្ឋ បានឃើញពីការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជាពិសេសផ្លូវល្បឿនលឿន បានចូលរួមដឹងឮ រៀនសូត្រ និងជួយផ្សព្វផ្សាយបន្តទៅកាន់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំស្រុករបស់ខ្លួនថាប្រទេសជាតិពិតជាមានការរីកចម្រើនប្រាកដមែន។

លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថាផ្លូវនេះនឹងចូលរួមចំណែក ក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតា ដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេ ដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះ នឹងចូលរួមបម្រើផែនការមេនេះ ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

កម្ពុជា ដាក់ឱ្យដំណើរការ នូវស្ថានីយសាកថ្មយានយន្តអគ្គិសនី

ភ្នំពេញ៖លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការ UNDP។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈកាល់តិចទី៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ជាមួយនឹងការគាំទ្ររបស់ UNDP ក្រសួងបាន និងកំពុងធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវគោកឆ្នាំ២០២២-២០៣១។ សេចក្តីព្រាងគោលនយោបាយនេះទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងច្របាច់បញ្ចូលជាមួយគោលនយោបាយស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក។

លោកទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ផងដែរអំពីកំណើន នៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០% ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគត នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនី ត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើន អំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។

ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការ UNDP កំពុងជួយជ្រោមជ្រែងដល់ក្រសួងក្នុងការបង្កើតផែនទី បង្ហាញផ្លូវសម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនី នៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការ UNDP នៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក”៕