Home Blog Page 102

ឯកអគ្គរដ្ឋទូតអ៊ីតាលីថ្មី ទទួលស្គាល់នូវល្បឿន នៃការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗ ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា

ភ្នំពេញ៖លោក Lorenzo Galanti ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជា ទួលស្គាល់នូវល្បឿន នៃការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗ ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Lorenzo Galanti ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី និងសហការី ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ដែលតែងតែផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្ពុជា ជាពិសេសក្នុងបរិការណ៍កូវីដ-១៩ ដែលប្រទេសនេះបានឧបត្តម្ភវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១,០៥៦,០០០ ដូស ដល់កម្ពុជា នាពេលថ្មីៗនេះ។

លោករដ្ឋមន្រ្តី បានជម្រាបជូន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលអនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេស ដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ លើគ្រប់វិស័យ និងថ្មីៗនេះ ឈានទៅដល់ការលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស។

លោករដ្ឋមន្រ្តី បានបន្តថា ខណៈដែលកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្មទី៤ វិស័យពាណិជ្ជកម្មនិងការវិនិយោគ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្រាប់កិច្ចស្វាគមន៍ និងបានទទួលស្គាល់នូវល្បឿននៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ក្នុងនោះដែរ លោកឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ពិព័រណ៍ពិភពលោកនៅទីក្រុងរ៉ូមឆ្នាំ២០៣០ ខាងមុខ។ ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានសូមជូនពរឲ្យសាធារណរដ្ឋអ៊ីតាលី ទទួលបានជោគជ័យ និងការគាំទ្រពីសមាជិកនៃ BIE ចំពោះដំណើរការបោះឆ្នោតខាងមុខ ក្នុងអំឡុងសន្និសីទប្រចាំឆ្នាំរបស់ Bureau International of Expositions នៅឆ្នាំ២០២៣។

លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំ បន្ថែមទៀត តាមរយៈការទាក់ទាញអ្នកវិនិយោគអ៊ីតាលីមកកម្ពុជាដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើកិច្ចសម្រួលពាណិជ្ជកម្ម និងពិនិត្យពីសក្តានុពលដែលកម្ពុជាមាន ដូចជាវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងវិស័យទេសចរណ៍។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី សម្រេចបានប្រមាណ ៣៤៨.៣ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ និង៣៧៥.៣លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ (កំណើន ៧.៧៤%)។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី បានថយមកត្រឹម ៣៣១.៦ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ (ថយចុះ១១.៦៤%) ហើយកើនឡើងវិញបន្តិចបន្ទួចនៅឆ្នាំ២០២១ដែលមានចំនួន ៣៣៤លានដុល្លារអាមេរិក៕

ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក ចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន អចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី នៅកម្ពុជា ស្តីអំពីការផ្សព្វផ្សាយព័ត៌មាន អំពីអចលនទ្រព្យ ដែលកំពុងមានសក្ដានុពល នៅក្នុងប្រទេសកម្ពុជា និងដើម្បីបញ្ជ្រាបព័ត៌មាន អំពីការទិញ-លក់អចលនទ្រព្យ ។

លោក សយ វិចិត្រ អគ្គនាយករង ក្រុមហ៊ុនដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក បានលើកឡើងថា នេះគឺជាការបើកសករាជថ្មី សម្រាប់កិច្ចសហការជាមួយនឹងក្រុមហ៊ុន ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី ដើម្បីពាំនាំនូវព័ត៌មានទីផ្សារចលនទ្រព្យ ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់មិត្តអ្នកអានសារព័ត៌មានដើមអម្ពិល តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យដ៏មានបទពិសោធន៍មួយនេះ។

លោក សង្ឃឹមជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ មិត្តអ្នកអានព័ត៌មានដើមអម្ពិល និងទទួលបាននូវព័ត៌មានថ្មីៗ ស្ដីអំពី អចលនទ្រព្យដូចជា ការទិញលក់ អចលនទ្រព្យ ថែមទៀតផងដែរ។

លោក ឆៃ លីន នាយកក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី បានលើកឡើងផងដែរថា ការចុះអនុស្សរណៈនេះ គឺជាការរួមចំណែកដ៏សំខាន់មួយ ដែលលោកមានកិត្តិយស ក្នុងការធ្វើសហការជាមួយ ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក ដែលឈានមុខគេ នៅក្នុងវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានសម្ដែងនូវសេចក្ដីជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ និងផ្ដល់ផលប្រយោជន៍មិនត្រឹមតែភាគីទាំងពីរទេ គឺបានដល់ដៃម្ចាស់អចលនទ្រព្យ ដូចជា អតិថិជននិងមិត្តអ្នកអាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ជាមួយគ្នានោះដែរ លោក សយ សុភា និពន្ធនាយកសារពត៌មានដើមអម្ពិល ក៏បានអបអរសាទរ ចំពោះការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះផងដែរ ហើយលោក ក៏នឹងប្ដេជ្ញាខិតខំផលិតនូវព័ត៌មានថ្មីៗទៀត ដើម្បីបានជាប្រយោជន៍ដល់មិត្តអ្នកអាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ស្របតាមតម្រូវការជាក់ស្ដែង នៃទីផ្សារអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ការចុះអនុស្សារណៈយោគយល់នេះ គឺជាលើកទី៣ សម្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២ ដែលកាលពីខែមករាកន្លងទៅ យើងបានចុះអនុស្សារណៈយោគយល់គ្នា លើការផ្លាស់ប្ដូរព័ត៌មាន ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានអាមេរិក (USAGM) និងបានចុះហត្ថលេខាជាមួយទីភ្នាក់ងារព័ត៌មានបារាំង ដែលការចុះហត្ថលេខាទាំងពីរនេះ គឺបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការផលិតព័ត៌មាន ដូចជាផ្សព្វផ្សាយព័ត៌មានថ្មីៗ ទាន់ហេតុការណ៏ជុំវិញពិភពលោក របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជូនដល់សាធារណៈជន ក៏ដូចជាមិត្តអ្នកអានជាមណ្ឌលព័ត៌មានដើមអម្ពិល៕

អគ្គនាយិកា ហឬទ័យគ្រឿងអលង្ការ ធ្វើទានដោយចែករំលែក​ គ្រឿងឧបភោគបរិភោគ ដល់ជនទីទាល់ក្រ

ភ្នំពេញ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់រួចរាល់ភ្លាម លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកស្រី នុន ចាន់ពិសី អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំនូវគ្រឿងឧបភោគបរិភោគ នឹងបានចែកជូន ដល់ពលរដ្ឋក្រីក្រមួយចំនួន មកពីសង្កាត់ទួលសង្កែ២ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

ការចែកអំណោយ នូវគ្រឿងឧបភោភបរិភោគ ដល់ជនទីទាល់ក្រ មកពីសង្កាត់ទួលសង្កែ២នេះ ធ្វើឡើងនៅគេហដ្ឋានរបស់ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ ផ្ទាល់ ស្ថិតក្នុងបុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែ២ ខណ្ឌទួលគោក​​ រាជធានីភ្នំពេញ ក្រោមវត្តមាន លោកចៅសង្កាត់ទួលសង្កែ២ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ បានលើកឡើងថា ដោយសារតែ ភរិយា និងក្រុមគ្រួសារទាំងមូលរបស់លោក ចង់ធ្វើបុណ្យធ្វើទាន ជាមួយអ្នកខ្វះខាត ដូច្នេះហើយទើបបានជាថ្ងៃនេះ បាននាំមកនូវគ្រឿងឧបភោគបរិភោគ មកចែកជូនដល់បងប្អូន ប្រជាលពលរដ្ឋដែលខ្វះខាត បើទោះបីជាអំណោយនាពេលនេះ នៅមានកម្រិតនៅឡើយ តែលោកសង្ឃឹមថា អាចជួយសម្រួលដល់ជីវភាពអ្នកទាំងអស់គ្នា ហើយនិងមានការផ្តល់ជូនបែបនេះ ជាបន្តបន្ទាប់នៅថ្ងៃខាងមុខទៀត ។

ជាមួយគ្នានោះ លោកចៅសង្កាត់ បានលើកឡើងថា បើទោះបីអំណោយតិចតួចស្តួចស្តើងក៏ដោយ ក៏យើងអាចដោះស្រាយបានមួយគ្រាដែរ ដូច្នេះហើយសម្រាប់បងប្អូន ដែលបានមកទទួលនាពេលនេះ ត្រូវតែចងចាំ និងដឹងគុណចំពោះអ្នកចែកទាន ។ ចំពោះអំណោយទាំងអស់នេះ សម្រាប់អ្នកមានហើយ​ គេមើលមិនឃើញទេ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតនៅទីនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ ។

ក្នុងនោះដែរ អ្នកមីង ងួន ណែត បន្ទាប់ពីទទួលបានអំណោយ ពីលោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកស្រីហើយនោះ បានសម្តែងនៅអារម្មណ៍សប្បាយរីករាយ រួមទាំងក្តីនឹករលឹកអរគុណ ដល់លោកឧកញ៉ា និងលោកស្រី ដែលបានផ្តល់ ជាអំណោយដល់ខ្លួននាពេលនេះ នឹងបានឲ្យដឹងថា “ខ្ញុំសប្បាយចិត្ត គាត់ធ្វើទានបែបនេះ ខ្ញុំសប្បាយ ព្រោះអីយើងជាអ្នកអត់ មិនថាតិចមិនថាច្រើន គឺជាសទ្ធារបស់គាត់”៕

បណ្តាញ​ទំនាក់ទំនង​សង្គម​ គឺ​ជាគន្លឹះសំខាន់​​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ អំពី​ការ​ការពារ​បរិស្ថាន ​នៅ​កម្ពុជា

ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០២២៖ បណ្តាញ​ទំនាក់​ទំនង​សង្គម ​គឺ​​ជា​​មធ្យោបាយ​ផ្សព្វ​ផ្សាយ​​​ដ៏​​សំខាន់​មួយ​ដើម្បី​​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​ការ​ពារបរិស្ថាន​ទាំង​នៅថ្នាក់​​​​ពិភព​លោក និង​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​អ្នក​​​ធ្វើការងារ​លើ​កិច្ចការ​ការពារ​​បរិស្ថាន។

ថ្លែង​នៅ​ក្នុង​ឱកាសទិវា​ភព​ផែន​ដី​ឆ្នាំ២០២២ អេកូយុវទូត (YEA) ដែល​ជា​សហគមន៍ ​ដែល​មាន​គោល​បំណង​ផ្តល់​អំណាច បំផុស និង​អប់រំ​ប្រជាពលរដ្ឋ​កម្ពុជា​អំពី​របៀប​រស់​នៅ ​កាន់តែ​មាន​​និរន្តរភាព បាន​​បង្ហាញ​អនុសាសន៍ ​មួយ​ចំនួន​អំពី​របៀប​ចូល​រួម​យ៉ាង​ងាយ​ស្រួល ​ក្នុង​ការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ដោយ​ប្រើ ​បណ្តាញ​ទំនាក់ទំនង​សង្គម។ អនុសាសន៍​ទាំង​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «វិនិយោគ​លើ​ភព​ផែនដី​របស់​យើង»។

កញ្ញា វិន ពុទ្ធាលី អ្នក​សម្រប​សម្រួលគម្រោង​ នៃ​អេកូយុវទូត បាន​មាន​ប្រសាសន៍ថា៖ «មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ត្រូវជ​ម្នះ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​មាន​ចលនា​ជា​ច្រើន​លើក​ស្ទួយ​របៀប​រស់​នៅ​បៃតង និង​ការ​បោះ​ចោល​សំរាម​ឱ្យ​បា​នត្រឹម​ត្រូវ​ក៏​ដោយ ក៏​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​នៅតែ​បោះចោល​សំរាម និង​ប្លាស្ទិក​ពាស​វាល​ពាស​កាល។ យើង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​លើ​កិច្ចការ​ពាក់​ព័ន្ធ​នឹង​ការ​យល់ដឹង ពាក់​ព័ន្ធ​នឹង​សំរាម និង​ការ​ផ្លាស់ប្តូរ​ឥរិយាបថ និង​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ក្នុង​សហគមន៍»។

អេកូយុវទូត​​ចាត់​ទុក​ការ​លើក​កម្ពស់​ការ​យល់​ដឹង ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បន្ទាប់​មក​ការ​​ចាត់​វិធានការថា​​​ជា​គន្លឹះ​សំខាន់​​ក្នុង​ការ​ការពារ​បរិស្ថាន​កម្ពុជា។ ពួកគេ​​​ប្រើ​ប្រាស់​ឧបករណ៍​​អនឡាញ ដើម្បី​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ចំណោម​​យុវជន​នៅ​ក្នុង​ទីក្រុង និង​សហគមន៍​ជនបទ ដើម្បី​ជួយ​ពួកគេ​ឱ្យ​ក្លាយ​ជា​គំរូ​អំពី​របៀប​រស់​នៅ​កាន់តែ​មាន​​​សុខដុមរមនា​ជា​​មួយ​​ធម្មជាតិ និង​ឈាន​មុខគេ​ក្នុង​សកម្មភាព​គម្រោង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ផ្ទាល់។

កញ្ញា ពុទ្ធាលី បានបន្ថែមថា៖ «យើង​ជឿ​ជាក់​ថា បណ្តាញ​ទំនាក់ទំនង​​សង្គម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​លើក​ទឹក​ចិត្ត​មនុស្ស​ឱ្យ​ធ្វើ​សកម្មភាព។ វា​ជា​ភ្លែតហ្វម​​​មួយ​សម្រាប់​ពួក​យើង​ដើម្បី​​ចែក​រំលែក​មាតិកា​ និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​យុវជន​ដែល​ចាប់​អារម្មណ៍​ចូល​រួម​ក្នុង​សកម្មភាព​គម្រោង​របស់យើង»។

អេកូយុវទូត ធ្វើ​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​តាម​អ៊ីនធឺណិត​នៅ​លើ​ភ្លែតហ្វម​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ផ្សេងៗ​ដូចជា Facebook គេហទំព័រ​របស់ពួកគេ ដើម្បី​ផ្សព្វផ្សាយ​ទៅ​ដល់​ទស្សនិកជន​​កម្ពុជា​​កាន់​តែ​ច្រើន ផ្តល់​ព័ត៌មាន និង​អំពាវនាវ​ឱ្យ​មាន​សកម្មភាព។ ពួកគេ​ពន្យល់​ថា លំហឌីជីថល​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​​ដើម្បី​រំលេច​​មុំផ្សេងៗ​នៃ​បញ្ហា​បរិស្ថាន និង​ចាប់​យក​រឿងរ៉ាវ​នានា​ដើម្បី​បំផុស​គំនិត​យុវជន​កម្ពុជា។

លើស​ពី​នេះ​ទៀត បណ្តាញ​ទំនាក់ទំនង​សង្គម​ជួយ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​យុវជន​ក្នុង​កម្រិត​​កាន់តែ​​ស៊ី​ជម្រៅ ដែល​បណ្តាញ​ទំនាក់ទំនង​សង្គម​ទំាង​នោះ​មាន​ដូចជា Facebook, Messenger, Instagram, កម្មវិធី​ផ្ញើសារ​ផ្ទាល់ IG, មុខងារ​បង្កើតគ្រុប (Groups) ទំព័រឬ​ផេក (Pages) និង​កម្មវិធី (Events) នៅលើ​ Facebook និង​​ផ្សេងៗ​ទៀត។

ចាប់តាំងពីឆ្នាំ២០១៥មក អេកូយុវទូត​បាន​ដំណើរ​ការ​យុទ្ធនាការ​ឌីជីថល​ផ្សេងៗ​ជាច្រើន រួម​ទាំង​កម្មវិធី​យុវជន​ ដើម្បី​ដាក់កម្រិត​ដល់​ការ​ប្រើ​ប្រាស់​ប្លាស្ទិក របៀប​រស់​នៅ​កាន់តែ​​មាន​និរន្តរភាព​​ជាងមុន និង​ការគាំទ្រសត្វព្រៃ។ ពួកគេ​បាន​បង្កើត​ឧបករណ៍​សិក្សា​រៀនសូត្រ បាន​រៀបចំ​ការ​តាំង​ពិពណ៌ កម្មវិធី​​និទាន​រឿង មហោ​ស្រព​ភាពយន្ត ហើយ​ថែមទាំង​បាន​សហការ​ជា​មួយ KOLs ដែលធ្វើការងារ​លើ​​​កិច្ចការពារ​បរិស្ថានទៀត​ផង ដូចជា Green Lady ជាដើម។

កញ្ញា​បាន​បន្ថែម​ថា៖ «ដំបូង​ អ្នក​ត្រូវ​យល់​អំពី​បរិបទ​សង្គម និង​វប្បធម៌​របស់​ទស្សនិកជន​របស់​អ្នក បញ្ហា និង​ដំណោះស្រាយ​ដែល​អ្នក​កំពុង​ព្យាយាម​ផ្សព្វ​ផ្សាយ បន្ទាប់​មក​អ្នក​អាច​បង្កើត​មាតិកា​​បរិស្ថាន​ប្រកប​ដោយ​ការ​យល់​ដឹងស៊ី​ជម្រៅ និង​ច្នៃប្រឌិត​សម្រាប់​ទស្សនិកជននោះ»។

តើអ្នកអាចស្វែងរកការបំផុសគំនិតនៅទី​កន្លែង​ណា?

មាន​គ្រុប​ផ្សេងៗ​​​ជា​ច្រើន​នៅ​លើបណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា ដែល​ប្រជា​ពលរដ្ឋ​អាច​ចូល​មើល និង​ស្វែង​យល់​អំពី​ការ​ការពារ​បរិស្ថាន ឬ​ចូល​រួម ដូច​ជា MekongWonders.org, Young Eco Ambassador, Green for Future Cambodia, Think PlasticDek Kit, ZeroW ឬ​អង្គការ​អភិរក្ស​​នានាដូចជា WWFWildlife Alliance ជា​ដើម។

ប្រជាជន​កម្ពុជា​ជាង ៤០​ម៉ឺន​នាក់​​ចូលរួម​យ៉ាងហោចណាស់​ក្នុង​គ្រុប​ Facebook មួយ​ដែល​ផ្តោត​លើ​​ការ​​រក​ឃើញ​អ្វីមួយ ការ​ការពារ និង​ការដឹង​គុណ​ដល់​ភព​ផែនដី និង​បរិស្ថាន​របស់​យើង។ លើស​ពី​នេះ មាន​អាជីវកម្ម​ជាង ២៥០​នៅលើ​ Instagram ក្នុងប្រទេសកម្ពុជា ដែល​ពណ៌នាខ្លួន​ឯង​ថាជា​អាជីវកម្ម​មិនប៉ះពាល់បរិស្ថាន។

មនុស្ស​គ្រប់​គ្នា​អាច​បង្ហាញ​ការ​គាំទ្រ​របស់ខ្លួន​ដោយ​ប្រើ​ស្ទីគ័ររបស់ Instagram ស៊ុម​ប្រូហ្វាល់​របស់ Facebook និង​ស្ទីឃ័រ​នៅ​លើ Messenger សម្រាប់​​ទិវា​ភព​ផែនដី។ អ្នក​ប្រើ​ប្រាស់ Facebook អាច​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​អាកាសធាតុរបស់​ Facebook​ ដើម្បី​ស្វែង​យល់​អំពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​ពួកគេ​អាច​ធ្វើបាន និងស្វែង​យល់​បន្ថែម​អំពី​ការ​ការពារ​បរិស្ថាន​សកល និង​ក្នុង​តំបន់។

អ្នក​ប្រើប្រាស់​ក៏​អាច​ទិញ​ទំនិញ​ប្រកប​ដោយ​និរន្តរភាព​​ផងដែរ​តាមរយៈ​ការ​ជ្រើស​រើស​ផលិតផល​មួយ​តឹក​នៅ​លើ​ទីផ្សារ Facebook Marketplace ជំនួស​ឱ្យ​ការ​ទិញ​ផលិតផល​​ថ្មី ហើយ​អ្នក​​គ្រប់​គ្នា​អាច​ប្រើ​ប្រាស់ Facebook Marketplace ដើម្បី​ទិញ​ និង​លក់​របស់​​របរ​​មួយ​តឹក​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​អ្នក​និងនៅទីកន្លែង​ផ្សេង​ទៀត​ ដូចជា​កង់ រុក្ខជាតិ សម្លៀក​បំពាក់ និងរបស់​របរ​ជាច្រើនទៀត៕

ធនាគារ FTB ប្រារព្ធពិធីបើក ការដ្ឋានសាងសង់ ទីស្នាក់ការកណ្តាលថ្មី “FTB Tower”

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសពីការចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា “FTB Tower” នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ដែលបានរៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាមួយផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ អគារ FTB Tower នឹងមានកម្ពស់សរុបចំនួន ២៨ជាន់ ហើយនិងមានជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។

អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។

ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។ ធនាគារFTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនទាំងអស់នៅក្នុងវិស័យធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយនឹងការវិនិយោគសរុបចំនួន១១២ លានដុល្លារអាមេរិក អគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ និងនៅមានចំនួនតិចតួចនៅឡើយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ អគារការិយាល័យកម្រិត A នេះត្រូវបានគូសប្លង់ និងរចនារូបរាងឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas ជាក្រុមហ៊ុនស្ថាបត្យកម្មឆ្នើមកំរិតអន្តរជាតិ និងសាងសង់ឡើងដោយក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China State Construction Engineering ដែលជាប់ចំណាត់ថ្នាក់ទី១៣ ចេញផ្សាយដោយ The Fortune Global 500 ក្នុងឆ្នាំ២០២១។ ការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារទំនើបៗ រួមទាំង បច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម សុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងតំបន់។

សម្រាប់រូបរាងអគារត្រូវបានរចនាឡើងក្នុងគំនិតនាំយកមកនូវអគារទំនើប ដែលរូបរាងអគារជានិមិត្តសញ្ញារបស់ធនាគារFTB មានរូបព្រះព្រហ្ម ហើយក៏ជានិមិត្តរូបមួយដែលបង្ហាញពី ‘ភាពរឹងមាំ និងបំណងប្រាថ្នាអនាគតច្បាស់លាស់’។ អគារFTB Tower ក៏ដើរតួនាទីក្នុងការកំណត់គោលដៅនៃនិរន្តរភាព និងជាអគារការិយាល័យទំនើប ដែលជាការដាក់បញ្ចូលគ្នារវាងវប្បធម៌កម្ពុជា និងស្ថាបត្យកម្មសហសម័យ ។

គម្រោងសំណង់អគារ FTB Tower គ្រោងនឹងប្រើរយៈពេលជិតបីឆ្នាំដើម្បីបញ្ចប់ការសាងសង់ ហើយអគារនេះនឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបង្កើត និងការពង្រីកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ធនាគារផងដែរ។ ក្រៅពីក្លាយជាសាខា និងទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ទីតាំងទំនេរផ្សេងទៀតរបស់អគារក៏នឹងត្រូវបានដាក់ជួលជាការិយាល័យកម្រិត A។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។

ជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលបានកើនឡើងដល់ ១,៧១ពាន់លានដុល្លារអាមេរិក ទំហំឥណទានកើន ១,១៥ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុបកើនឡើងជាង ១,៤ពាន់លានដុល្លារអាមេរិក ធនាគារ FTB បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

FTB Celebrates the Construction of Its New Headquarter at Groundbreaking Ceremony “FTB Tower”

Foreign Trade Bank of Cambodia (FTB) in collaboration with MSNH Investment CO., LTD (MSNH) announces the start of the construction of its new headquarter named “FTB Tower” today at a groundbreaking ceremony held on 22nd, April 2022 and presided over by H.E Chea Sophara, Deputy Prime Minister and Minister of Ministry of Land Management, Urban Planning and Construction. With total gross floor area of 77,593 square meters, FTB tower, when completed, will have 28 floors and dedicated 4 floors at the basement to accommodate car and motorbike parking, and a rooftop helipad for helicopter landing. FTB Tower is located on Lot A, Sangkat Monorom, Khan 7 Makara along Russian Boulevard, near the Peace Palace, the office of the Council of Ministers, at the heart of Phnom Penh business center.

Constructing and owning name rights of the tower ‘FTB Tower’ indicates FTB’s strength and longevity as the first local commercial bank in Cambodia established since 1979. FTB has served the customers and the market for over 40 years, and still continues to strive for the benefits and satisfaction of our customers in this rapidly growing banking industry.

With US$112 million investments, FTB Tower is a Grade A Office Building, one of the few ever currently available in Cambodia. This Grade A Office Building has been designed by Aedas, a well-known global architect firm. It will be built by China Construction Midland (Cambodia) Co., Ltd (CCM), which is the Cambodia subsidiary of China State Construction Engineering ranked 13rd of the Fortune Global 500 in 2021. The tower will be built with the use of the state of the art materials and features including the latest technologies in building automation, fire safety, energy conservation and environmental protection, complied with regional building standard.

For the architectural design concept, the tower design is anchored in the idea of a modern tower which its shape celebrates the FTB Logo with ‘Prum’ as a symbol that represents ‘strength and aspiration’. FTB Tower is setting a benchmark for sustainability, modern and iconic office tower where Cambodia culture meet a contemporary architecture. Set to take almost 3 years to complete the construction, FTB Tower will be the new headquarter of FTB, the prime hub of innovation and creativity in expanding its banking products and services. Other than the space that will be occupied by FTB for its own banking operation, the remaining available parts will be leased out as office space.

As the first commercial bank in Cambodia, a truly local bank trusted since 1979, FTB has played crucial roles in helping to promote and develop the local market and economy through relentlessly providing wide ranges of banking products and services to local customers. With its total assets increasing to US$1.71 Billion, total loan portfolio of US$ 1.15 Billion and total deposit of over US$ 1.4 Billion, FTB is committed to continually helping local customers to achieve further growth and prosperity, and steadily forging ahead with the vision to be the preferred commercial bank in Cambodia.

ក្រសួងទេសចរណ៍៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ២០២២នេះ អាចបង្កើតនូវចំណូល ហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០លានដុល្លារ

ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥,៣៦៧,១១៥ដុល្លារ (ចំណាយទេសចរជាតិប្រមាណ ២៦៤លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ) ។ យោងតាម ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

ក្នុងនោះទេសចរបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស គឺមានទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ស្មើនឹង ៤០% (ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ ២៨%, ជាក្រុម ៥% និងបុគ្គល ៦%) និងទេសចរកម្សាន្តវិលល្ងាច (Same-day visitors) ស្មើនឹង ៦០%។

ទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ចំណាយសរុបប្រមាណ ១៨៦លានដុល្លារ រដែលធ្វើដំណើរជាគ្រួសារចំណាយជាមធ្យមប្រមាណ ១៦១ដុល្លារ/ថ្ងៃ ស្មើនឹង ៤០២ដុល្លារ/trip, ទេសចរជាក្រុមចំណាយជាមធ្យមប្រមាណ ២៩៤ដុល្លារ/ថ្ងៃ ស្មើនឹង ៧៣៥ដុល្លារ/trip, ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ ៤៥ដុល្លារ/ថ្ងៃ ស្មើនឹង ១០៨ដុល្លារ/trip) រីឯទេសចរកម្សាន្តវិលល្ងាច (Same-day Visitors) ចំណាយសរុបប្រមាណ ៧៨លានដុល្លារ (ចំណាយម្នាក់ជាមធ្យមប្រមាណ ២៤ដុល្លារ/ថ្ងៃ)។

ខេត្តដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម (៥៤លានដុល្លារ), ខេត្តព្រះសីហនុ (៤៨លានដុល្លារ), ខេត្តបាត់ដំបង (៣១លានដុល្លារ), ខេត្តសៀមរាប (៣០លានដុល្លារ)។ ប៉ុន្តែបើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០លានដុល្លារ (ជាមួយមេគុណប្រសិទ្ធភាព២)៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត លើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ទុនវិនិយោគប្រមាណ ៨,៦ លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន QMDJ (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៨,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៧កន្លែង។ យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរកម្ពុជា ប្តេជ្ញា អភិវឌ្ឍន៍និងប្រែក្លាយវិស័យវាយនភណ្ឌ ឱ្យក្លាយទៅជា មជ្ឈមណ្ឌលឧត្តមភាព នៃឧស្សាហកម្មកាត់ដេរ នៅអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកឧកញ៉ា គង់ សាង ប្រធានសមាគមនរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហការល្អប្រសើរនេះ ដើម្បីចូលរួមអភិវឌ្ឍន៍ និងប្រែក្លាយវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា ឱ្យក្លាយទៅជា «មជ្ឈមណ្ឌលឧត្តមភាពនៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍ (Centre of Excellence of Garment Industry in South-East Asia)» ។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាស លោក ប៉ាន សូរស័ក្តិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសម្ដែងការអបអរសាទរ ចំពោះលោកឧកញ៉ា គង់ សាង និងសហការី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន អនុប្រធាន ព្រមទាំងសមាជិកគណៈកម្មការប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៣។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនពីកិច្ចសហការយ៉ាងល្អរវាងក្រសួងពាណិជ្ជកម្ម និង GMAC នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ថា GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។

លោករដ្ឋមន្រ្តីបន្តថា GMAC បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងប្រែក្លាយវិស័យនេះ ទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។

លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ព្រមជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំ ចរចារបើកទីផ្សារបន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) ជាដើម។ ជាងនេះទៅទៀត ក្រសួងបាននិងកំពុង សិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ បន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ផងដែរ។

ជាមួយគ្នានេះ លោកឧកញ៉ា គង់ សាង ប្រធានសមាគមនរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ឱកាសឱ្យ លោកឧកញ៉ា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

លោកឧកញ៉ាបានកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយទឹកប្រាក់ចំនួន ៣ ១៥៥លានដុល្លារ ក្នុងនោះ សម្លៀកបំពាក់មានចំនួន ២ ១៣៧លានដុល្លារ (កំណើន ២០%) ស្បែកជើង ៤២១ លានដុល្លារ (កំណើន ៣៣%) និងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន ៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន ១២៨លានដុល្លារ (កំណើន ១១%)៕