Uncategorized

ក្រុមហ៊ុន Century 21 Cambodia​ ជួបជុំសមាជិក ជាភ្នាក់ងាររាប់រយនាក់ ក្នុងមហាសន្និបាតរបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោក ​Century21 Cambodia បាននិងកំពុងពង្រីកឳកាសទីផ្សារ ពង្រឹងទំនុកចិត្ត និងកំពុងទាក់ទាញ ការវិនិយោគវិស័យ អចលនទ្រព្យពីសំណាក់ អ្នកវិនិយោគបរទេស។

លោកស្រី Grace Rachny Fong នាយិការក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ ក្នុងមហាសន្និបាតប្រចាំឆ្នាំ លើកទី២នៃគ្រួសារ Century 21 ប្រចាំកម្ពុជាដោយមាន អ្នកចូលរួមជាង៧០០នាក់ និងមានការផ្តល់ពានរង្វាន់ ដ៏សម្បូរបែបដល់សមាជិករួមគ្រួសារ កាលពីរាត្រីថ្ងៃទី៩ ធ្នូកន្លងមកថា ភាគជោគជ័យ នៃការមកដល់របស់ Century21 Cambodia បានធ្វើឲ្យយើងអាចពង្រីក ការិយាល័យបាន២៣ ហើយទិសដៅរបស់យើង នឹងពង្រីកនៅគ្រប់ខ័ណ្ឌទាំងអស់ នៃឆ្នាំ២០២០ និងពង្រីកសមាជិក ជាភ្នាក់ងារ ឲ្យបាន៧០០នាក់ ។

លោកស្រីបន្តថា “ការលក់របស់យើង បាននិងកំពុងកើនឡើង ហើយយើងមាន ជំនឿជឿជាក់ថា វិស័យនេះនឹងបន្តរីកចម្រើន រយៈពេលវែងបន្តទៀត” ។ តាមរយៈវត្តមានរបស់ Century21 Cambodia បានធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពប្រសើរឡើង ហើយការលក់របស់យើង បានបន្តកើនឡើង ដោយសារតែភាពស្មោះត្រង់ ការផ្តល់សេវាកម្ម ប្រកបដោយទំនុកចិត្ត ព្រោះយើងធ្វើការ ដោយបេះដូង ជាមួយអតិថិជន”។

ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២នេះ ត្រូវបានរៀបចំឡើង កាន់តែធំជាងមុន ហើយវត្តមានអ្នកចូលរួម គឺមានទាំងពីសមាជិកគ្រួសារ Century 21 នៅកម្ពុជាទាំង ២៣ ក្រុមហ៊ុន និងពីសមាជិកគ្រួសារ Century 21 ពីសហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េ តៃវ៉ាន់ សឹង្ហបុរី ហុងកុង និង តំណាងស្ថាប័នឯកជនធំៗ ដូចជា ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ និងតំណាងពីធនាគារ។

លោកស្រី Grace Rachny Fong បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់ដៃគូរ សហការណ៍បានស្គាល់ និងប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក ដើម្បីពង្រីកបណ្តាញ ទំនាក់ទំនងពាណិជ្ជកម្ម និងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក។

លោកស្រីបន្តថា “សម្រាប់អ្នកចូលរួម ពីបណ្តាប្រទេសជឿនលឿនជាច្រើន នេះគឺជាលើកទីមួយ ដែលពួកគាត់មកប្រទេសកម្ពុជា”។ កត្តានេះ ឆ្លុះបញ្ចាំងថាពួកគាត់សម្លឹងឃើញ ឱកាសល្អ និងបានដឹងពីសក្តានុពលវិស័យ អចលនទ្រព្យកម្ពុជា ហើយយើងសង្ឃឹមថា ពួកគាត់នឹងមានការស ម្រេចចិត្ត ក្នុងការវិនិយោគនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។

ការទទួលបានពានរង្វាន់ របស់ក្រុមហ៊ុន ជាសមាជិកគ្រួសារ Century 21 នាពេលនេះ គឺឆ្លុះបញ្ជាំងពីការតាំងចិត្តខ្ពស់ របស់ម្ចាស់ក្រុមហ៊ុននីមួយៗ ក្នុងការផ្តល់សេវាកម្ម អចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ទីផ្សារដីធ្លី ខុនដូ បុរី និង ទីផ្សារអចលនទ្រព្យ ផ្សេងទៀត នៅកម្ពុជា។

លោកស្រី Grace Rachny Fong បានបន្ថែមថា “យើងនឹងបន្តរួមសាមគ្គីគ្នា ក្នុងការកសាងទំនុកចិត្ត ដល់ម្ចាស់អចលនទ្រព្យ និង វិនិយោគិនក្នុងវិស័យនេះ តាមរយៈការផ្តល់ជូនសេវាកម្ម អចលនទ្រព្យទាំងមុន និងក្រោយពេលទិញ ប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យកម្ពុជា ប្រកបដោយចីរភាព”។

វិស័យអចលនទ្រព្យកម្ពុជា នឹងបន្តរីកចម្រើន ដោយភាពរឹងមាំ នាពេលខាងមុខទៀត ដោយសារស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនចំនួនប្រជាជន។ តួលេខជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជនសរុបនៅឆ្នាំ ២០១៩ មានចំនួន ១៥,២៨ លាននាក់ គឺកើនឡើង ១៤ ភាគរយពីឆ្នាំ ២០០៨ ដែលមានចំនួន ១៣,៣៩ លាននាក់។ កំណើននេះឆ្លុះបញ្ជាំងថា តម្រូវការផ្ទះ និងអគារពាណិជ្ជកម្មនឹងបន្តកើនឡើង។

យោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៩ សេដ្ឋកិច្ចកម្ពុជា នឹងនៅរក្សាបាន ភាពស្វាហាប់ និងមានកំណើន៧ភាគរយ ក្នុងឆ្នាំ២០១៩។ ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់នៅបន្ត សកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មិនទាន់មានភាពនឿយណាយ នៃការវិនិយោគ លើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំចូលដែកសំណង់ បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។

លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty Co., Ltd ដែលជាសមាជិក ការិយាល័យមួយ របស់ Century 21 Cambodia បានលើកឡើងថា «កំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ ប្រចាំឆ្នាំនឹងជះឥទ្ធិពលល្អ ដល់វិស័យ អចលនទ្រព្យកម្ពុជា ស្របពេលកំណើនចំនួនប្រជាជន និងកំណើន គម្រោងវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា នឹងបង្កើនតម្រូវការ ទីតាំងស្នាក់នៅ ទីតាំងអាជីវកម្ម និងទីតាំងសម្រាប់ផលិតកម្ម»។

លោក Ken Lo បន្តថា ព្រឹត្តការណ៍ដែលប្រមូលផ្តុំ ការជួបជុំមហាគ្រួសារ Century 21 ជាលើកទី២ ដោយមានការផ្តល់ពានរង្វាន់ បញ្ជាក់ពីសមទ្ធិផល របស់សមាជិក នាពេលនេះ ឆ្លុះបញ្ជាំងពីការលើកទឹកចិត្ត និងសាមគ្គីភាពរឹងមាំ ក្នុងចំណោម សមាជិកគ្រួសារ Century 21 ដែលវានឹងរួមចំណែក បង្កើនទំនុកចិត្ត ដល់អតិថិជន។

លោកបញ្ជាក់ថា “វាឆ្លុះបញ្ជាំងថា យើងគឺជាក្រុមហ៊ុន ដែលមានវិជ្ជាជីវៈច្បាស់លាស់ និងជាសមាជិកមួយនៃគ្រួសារ Century 21 ដែលល្បីល្បាញជាងគេ លើពិភពលោក។ វាជាសារដ៏សំខាន់មួយ ទៅដល់ម្ចាស់អចលនទ្រព្យ នៅកម្ពុជា ឲ្យបានដឹង ពីសារៈសំខាន់ នៃក្រុមហ៊ុនភ្នាក់ងារស្របច្បាប់ ដែលមានយីហោ ទទួលស្គាល់ កម្រិតអន្តរជាតិ មានចុះបញ្ជីការត្រឹមត្រូវនៅកម្ពុជា នឹងជាក្រុមហ៊ុនរួមចំណែក យ៉ាងសកម្មដល់ការបង់ពន្ធ និងបង្កើនចំណូលរដ្ឋ”។

យោងតាមទិន្នន័យ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ ២០១៩នេះ ក្រសួងបានអនុម័ត លើគម្រោងស្នើសុំវិនិយោគ លើវិស័យសំណង់ ដែលមានទុនវិនិយោគ សរុបជាង ៨,៧៥ ពាន់លានដុល្លារ គឺកើនឡើង ៦៧ ភាគរយធៀប នឹងរយៈ ១១ ខែដូចគ្នាឆ្នាំ ២០១៨។ ចំពោះក្រុមហ៊ុន ដែលបានចុះបញ្ជី និងមានសុពលភាព កំពុងប្រកបអាជីវកម្ម សាងសង់ និងសិក្សាគម្រោងប្លង់ នៅកម្ពុជាមានចំនួន ១ ០៨១ ក្រុមហ៊ុនក្នុងនេះ មានក្រុមហ៊ុនបរទេសចំនួន៤៨៥ ក្រុមហ៊ុន គឺមកពីប្រទេសចិន កូរ៉េ ជប៉ុន ថៃ វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី បារាំង អាមេរិក អង់គ្លេស ឥណ្ឌូនេស៊ី អូស្រ្តាលី កាណាដា និងប្រទេសជាច្រើនទៀត។

លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា នេះជាកម្មវិធីលើកទី២ហើយ ដែលមហាគ្រួសារ Century 21 Cambodia បានរៀបចំឡើង នៅកម្ពុជា ហើយព្រឹត្តការណ៍លើកនេះ យើងមានអ្នកចូលរួម ដល់ទៅជិត៧០០នាក់ ដែលរួមមានទាំងសមាជិក មហាគ្រួសារ Century 21 Cambodia និង Century 21 អន្តរជាតិ ព្រមទាំងមានការចូលរួម ពីសហគ្រិនប្រចាំកម្ពុជា និងធនាគារជាដៃគូ។ វត្តមានចូលរួម របស់បងប្អូនទាំងអស់គ្នា បានធ្វើឲ្យកម្មវិធីរបស់យើង មានការជួបជុំប្រកបដោយ ភាពសប្បាយរីករាយ”។

ប្រទេសកម្ពុជា ជាប្រទេសទី ៧៥ ដែលក្រុមហ៊ុន លំដាប់ពិភពលោកមួយនេះ បានឈានជើងចូលក្នុងទីផ្សារ ដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យអចលនទ្រព្យ។ ចាប់តាំងពីពេលបើកសម្ពោធ ដំណើរការជាផ្លូវការដំបូង រហូតមកទល់ពេលនេះ យើងមានអាយុកាល ៥ ឆ្នាំហើយ។ ហើយយើងបានបម្រើ សេវាកម្មទិញលក់ ជួល អចលនទ្រព្យគ្រប់ប្រភេទ ដល់បងប្អូនប្រជាជនខ្មែរ និងអ្នកវិនិយោគ មកពីបណ្តាប្រទេសផ្សេងៗ៕

To Top