លោក ជា ចាន់តូ ជាប់ចំណាត់ថ្នាក់ ជាថ្នាក់ដឹកនាំ ធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក

Date:

ភ្នំពេញ៖លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ និងបានរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

តាមរយៈហ្វេសប៊ុក ធនាគារជាតិ នៃកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា ការផ្តល់ជូនចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារ ប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយ ព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផល ដែលធនាគារជាតិនៃកម្ពុជា ទទួលបាននាពេលកន្លងមក។

The Banker បានវាយតម្លៃខ្ពស់ថា “ក្រោមការដឹកនាំរបស់ លោក ជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០ កន្លងទៅ។ The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៃចំណូលវិស័យទេសចរណ៍ និងបានទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី”

កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងអាចធ្លាក់ចុះដល់ -១,៩% នៅឆ្នាំ២០២០។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះ និងបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញ ដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។ ការរៀបចំឥណទានឡើងវិញត្រូវបានអនុញ្ញាត រហូតដល់ទៅបីដង ដោយមិនមានប៉ះពាល់ដល់ចំណាត់ថ្នាក់ ឥណទាននោះទេ។ បទប្បញ្ញត្តិបន្ថែមរួមមាន៖ ការកាត់បន្ថយអត្រាការប្រាក់ និងការលើកលែងថ្លៃសេវា ជាដើម។ ការដាក់ចេញនេះបានធ្វើឱ្យឥណទាន មិនដំណើរការស្ថិតក្នុងកម្រិតទាប ២,៥%។

កម្ពុជាក៏បានជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល។ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ បាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើនបើកប្រាក់បៀវត្សរ៍ ជូនបុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។ ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀលនិងប្រាក់ ដុល្លារអាមេរិក តាមរយៈទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូល លេខទូរស័ព្ទរបស់អ្នកទទួលប្រាក់។ ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។

ម៉្យាងទៀត រូបិយវត្ថុជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំង ក្លាផងដែរ សំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារ ប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់តិចជាង១០០ដុល្លារអាមេរិកត្រូវបាន ធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកដែលមាន ទំហំទឹកប្រាក់តូចបានថយចុះជាបណ្តើរៗ៕

Share post:

spot_imgspot_img

Popular

More like this
Related

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...