Uncategorized

លោក ប៉ាន សូរស័ក្តិ៖ ការសហការគ្នាល្អ ក្នុងការផ្គត់ផ្គង់និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នឹងធ្វើឱ្យតម្លៃផលិតផល កាន់តែមានស្ថិរភាព

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា ការសហការគ្នាល្អក្នុងការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នឹងបង្កើតឱ្យមានការទុកចិត្តគ្នាក្នុងការធ្វើឱ្យតម្លៃផលិតផលទាំងនេះ នៅក្នុងទីផ្សារកាន់តែមានស្ថិរភាព និងរីកចម្រើនមួយកម្រិតទៀត ។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងផ្សារកសិផលនិងចំណីអាហារ (FOOD AND AGRICULTURE MARKET) និងក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (LYLY FOOD INDUSTRY CO., LTD.) ស្តីពីការផ្គត់ផ្គង់ និងការបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅសណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រសួងពាណិជ្ជកម្មជំរុញ ផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូល ដល់បងប្អូនកសិករផលិត ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ «កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់មានភាពជាក់លាក់ និងនៅមានកម្រិតទាំងបរិមាណ និងគុណភាព ដែលធ្វើឱ្យតម្លៃកសិផលដែលកសិករផលិតបានមិនប្រាកដប្រជា។ ក្រសួងពាណិជ្ជកម្មដែលដឹកនាំប្រតិបត្តិគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ការផលិតនិងទីផ្សារ»។

លោកបន្តថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារកសិផលនិងចំណីអាហារ និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ិនដាសទ្រី ខូ អិល ធីឌី ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅលើទឹកដីសៀមរាបអង្គរនាពេលនេះ គឺជាសមិទ្ធផលមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្នុងការតភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថប្រយោជន៍ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសដ៏មហាឡោរិកនេះ លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ដល់ភាគីហត្ថលេខីទាំងពីរ ត្រូវរក្សាឱ្យបានទាំងបរិមាណនិងគុណភាព និងសហការឱ្យបានល្អ ដើម្បីធានាដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែឱ្យរលូន និងមាននិរន្តរភាព។ ចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងក្នុងដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញ។

ពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមលើមុខទំនិញកសិ-ពាណិជ្ជកម្មដទៃទៀត ព្រមទាំងគាំទ្រដល់ផលិតផល ដែលកសិករផលិតបាន និងជំរុញការផលិតឱ្យមានគុណភាព និងសុវត្ថិភាព។

លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា “ការសហការគ្នាល្អក្នុងការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នឹងបង្កើតឱ្យមានការទុកចិត្តគ្នាក្នុងការធ្វើឱ្យតម្លៃផលិតផលទាំងនេះ នៅក្នុងទីផ្សារកាន់តែមានស្ថិរភាព និងរីកចម្រើនមួយកម្រិតទៀត”។

សូមជម្រាបជូនថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)ខេត្តសៀមរាប បាននិងកំពុងអនុវត្តនៅស្រុកចំនួន០៨ ដែលមានកសិករផលិតចំនួន ១៥០ក្រុម ហើយបានធ្វើការតភ្ជាប់រវាងក្រុមផលិតទៅកាន់ទីផ្សារតាមរយៈអ្នកប្រមូលទិញក្នុងតំបន់ ផ្សារទំនើប និងការបង្កើតឱ្យមានទីតាំងលក់បន្លែផ្សារចុងសប្តាហ៍ ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត និងសហការពីសភាពាណិជ្ជកម្ម មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងដៃគូរពាក់ព័ន្ធ។

ដើម្បីស្វែងរកទីផ្សារបន្ថែមទៀតដល់ក្រុមផលិតដែលមានសក្តានុពល ក្រុមការងារគម្រោង AIMS ពិភាក្សាជាមួយក្រុមហ៊ុន លីលី ហ៊្វូដអ៊ិនដាសទ្រី ដែលមានបំណងស្វែងរកការផ្គត់ផ្គង់ផលិតផលកសិពាណិជ្ជកម្ម សម្រាប់បម្រើឱ្យការកែច្នៃរបស់ខ្លួន។ គម្រោងបានតភ្ជាប់ក្រុមហ៊ុន លីលី ជាមួយផ្សារកសិផលនិងចំណីអាហារ សម្រាប់ផ្គត់ផ្គង់បន្លែក្នុងបរិមាណមួយទៀងទាត់ ហើយផលិតផល មួយចំនួនដែលក្រុមហ៊ុនមានតម្រូវការ និងបានសាកល្បងដាំរួចហើយរួមមាន ផ្លែល្ពៅនិងត្រលាចនៅតាមក្រុមផលិត ដែលក្រុមហ៊ុនមានតម្រូវការប្រមាណជា២តោន ក្នុង១ថ្ងៃ ជាមួយការផ្តល់តម្លៃសមរម្យដែលកសិករអាចទទួលយកបាន ចំណែកផលិតផលសណ្តែកគួរ និងពោតបារាំងវិញ នឹងបន្តធ្វើការសាកល្បងនៅពេលបន្តបន្ទាប់គ្នា៕

To Top