រដ្ឋមន្រ្តីកសិកម្ម៖ កសិករអាចរកប្រាក់ចំណូល ពីការដាំទុរេន ប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុង១ហិកតា

Date:

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ថ្លែងថា កសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេន ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។

តាមរយៈហ្វេសប៊ុកលោក វេង សាខុន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះបានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។

លោកបញ្ជាក់ថា “ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេន ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ”។

លោកបន្តថា ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះ ទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់ អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។

លោកបានបញ្ជាក់ថា ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវ ជាមួយនឹងការថែទាំយ៉ាងដិតដល់ ទើបទទួលបានជោគជ័យ។

ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយដូចតទៅ៖

  • រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។
  • បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស។
  • អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែច្រវាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត
  • បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេសមុននិងក្រោយប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារសុវត្ថិភាព ឆ្លើយតមនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។
  • ចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញផលិតកម្មស្របតាមស្ដង់ដារសនិងតម្រូវការទីផ្សារ។
  • លើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។
  • រៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា ដើម្បីគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...