កោះកុង៖ប្រជាកសិករសម្ដែងការសប្បាយចិត្ត ចំពោះការប្រមូលផលពីដំណាំផ្លែទុរេន ឆ្នាំ២០២១នេះទទួលផលបានច្រើន បើធៀបនឹងឆ្នាំ២០២០ ខណៈទីផ្សារលក់ចេញស្រួល ដោយមានឈ្មួញ មកទិញដល់ចំការដោយមិនបាច់នឿយហត់ បេះនិងទៅរកទីផ្សារដោយខ្លួនឯងនោះទេ ទោះបីប្រទេសជួបបញ្ហាកូវិដ១៩ក៏ដោយ។
លោក ណុប នូន អាយុ៥០ឆ្នាំ ជាកសិកររស់នៅ ឃុំតាទៃលើក ស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា ការប្រមូលផលពីផ្លែទុរេនឆ្នាំ២០២១នេះ គាត់ប្រមូលផលបានច្រើន បើធៀបនឹងឆ្នាំ២០២០ ហើយមានទីផ្សារលក់ចេញស្រួល ដោយមានឈ្មួញ មកទិញដល់ចំការដោយមិនបាច់នឿយហត់ បេះនិងទៅរកទីផ្សារដោយខ្លួនឯងនោះទេ។
លោកបន្តថា មុននិងទទួលបានផល ក្រុមគ្រួសារគាត់ក៏មានការនឿយហត់ខ្លាំងណាស់ មិនស្រួលនោះទេ ហើយការដាំដុះនេះយើងក៏មានបច្ចេកទេសខ្លះ និងរៀនតាមការណែនាំ របស់មន្ត្រីជំនាញ កសិកម្មផង ជាពិសេសយើងអនុវត្តន៍ភាពជាក់ស្តែងផង។ ការប្រមូលផលពីផ្លែទុរេនឆ្នាំនេះឃើញថា ម្ចាស់ចំការនិមួយៗប្រមូលផលបានច្រើន លើសឆ្នាំមុនៗគ្រប់ចំការ។ ការប្រមូលផលពីផ្លែទុរេននិងដំណាំផ្សេងៗនេះហើយ ដែលធ្វើឲ្យការរស់នៅរបស់ពួកគាត់មានជីវភាព ធូរធារកាន់តែប្រសើរ។ លោកថា ផ្លែទុរេននៅស្រុកថ្មបាំង មានឈ្មួញមកពីខេត្តកំពត ទិញយកទៅលក់និងចែកចាយបន្តទៅលើទីផ្សាផ្សេងៗទៀត។
លោកបញ្ជាក់ថា ការប្រមូលផលពីផ្លែទុរេន របស់គាត់ឆ្នាំនេះទទួលបានថវិកា១២ម៉ឺនដុល្លារ កើនជាងឆ្នាំមុន ហើយគាត់មានដំណាំចេកបន្ថែមទៀត ក្នុងមួយរដូវចេករបស់ទទួលបាន ថវិកាចំនួន៣ពាន់ដុល្លាបន្ថែមទៀត។
លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង មានប្រសាសន៍ថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកមានសេចក្តីសោមនស្សសប្បាយរីករាយក្រៃលែង ដោយមើលឃើញជីវភាព ប្រជាពលរដ្ឋក្នុងថ្មបាំង ជាមូលដ្ឋានរបស់លោក មានជីវភាពធូរធារក្នុងគ្រួសារនីមួយៗ ដែលបងប្អូនបានទទួលផល្លានុផល ពីដំណាំកសិកម្មផ្សេងៗ ហើយមានទីផ្សារទៀតផង ទោះបីប្រទេសជាតិ កំពង់ជួបបញ្ហាវិប្បត្តិកូវិដ១៩ ក៏ដោយ គឺមានឈ្មញគាត់មកទិញដល់ចំការតែម្តង មិនធ្វើឲ្យពួកគាត់ពិបាកទៅរកទីផ្សារខ្លួនឯងឡើយ។
លោកបន្ថែមថា បើតាមសេចក្តីរាយការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងថ្មបាំងបានថាឆ្នាំនេះ ពួកគាត់ប្រមូលផលពីផ្លែទុរេនបានផលច្រើនជាឆ្នាំមុនៗសឹងតែទ្វេរដង។ ទោះបីគាត់សប្បាយនិងការប្រមូលដំណាំ កសិកម្ម យ៉ាងណាក៏ដោយ ក៏ក្រុមការងាររបស់លោកនៅតែបន្តនិងពន្យល់ឲ្យគាត់ មានការប្រុងប្រយ័ត្នឲ្យខ្ពស់ជានិច្ច ចំពោះហានិភ័យកូវិដ១៩ ជាជំងឺឆ្លងសកល ហើយឲ្យបងប្អូនអនុវត្តន៍ នូវវិធានការ ៣ការពារ.៣កុំ និងស្តាប់តាមការផ្សព្វផ្សាយអបរំ របស់ក្រសួងសុខាភិបាលជាប់ជានិច្ច៕