កម្ពុជាស្នើស៊ុយអែត ជួយជំរុញធុរជន និងវិនិយោគិន មកស្វែងរកឱកាសធុរកិច្ច ខណៈការកែច្នៃគ្រឿងសង្ហារឹម,ការផលិតគ្រឿងបង្គំ និងបន្លាស់យានយន្ត កំពុងមានកំណើនខ្លាំងនៅកម្ពុជា

Date:

ភ្នំពេញ៖ តាមរយៈក្រសួងពាណិជ្ជកម្ម ភាគីកម្ពុជា បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។ នេះបើតាមហ្វេសប៊ុក “ក្រសួងពាណិជ្ជកម្ម”

ក្នុងឱកាសទទួលជួប លោក BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ខណៈដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នាទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនឯកឧត្តមឯកអគ្គរាជទូត ចំពោះបេសកកម្មដ៏មានសារៈសំខាន់នៅកម្ពុជា និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។

ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលក្នុងនោះ លោករដ្ឋមន្រ្ដី បានជម្រាបជូន លោកឯកអគ្គរាជទូត អំពីគោលជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យដោយអនុលោមតាមបទដ្ឋានអន្តរជាតិ និងមានការគិតគូរដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានសំណូមពរលោកឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ ភាគីកម្ពុជា ក៏បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ផងដែរ នូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ។

លោក ជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្ត្រី២នាក់ តាមរយៈអូប័រ GTVC ពីកោះរ៉ុង មកមន្ទីរខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា...

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រចំនួន៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន...

ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។ ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24...