Uncategorized

ឆមាសទី១ អគ្គ​នាយកដ្ឋាន​គយ​ ប្រមូលចំណូល បានចំនួន៤,៦៩៥.៨ ប៊ីលានរៀល ថយចុះប្រមាណ៨.៩%

ភ្នំពេញ៖អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា (អគរ) បានឲ្យដឹងថា នៅឆមាសទី១ឆ្នាំ២០២១នេះ ចំណូលប្រមូលបានចំនួន ៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ  ថយចុះ ប្រមាណ ៨.៩%  ធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០។ លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន ៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០២១។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អគ្គ នាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា (អគរ) បានប្រារព្ធ កិច្ច ប្រជុំ បូកសរុប ការងារ គយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ ក្រោម អធិបតីភាព  លោកបណ្ឌិត  គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដោយ មាន ការ ចូលរួម ពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និង មន្ត្រីគយនិងរដ្ឋាករ មួយចំនួននៅទូទាំងប្រទេស។

អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា បើគិត តាម ប្រភេទពន្ធនិង អាករ ឃើញថា អាករលើ តម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ ប៊ីលានរៀល (ត្រូវជា ប្រមាណ ៣៧.៨%នៃចំណូលសរុប), អាករពិសេសមាន ១,៧៦៥.០២ ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករ បន្ថែម លើ ផលិតផល ប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករ នាំចេញនិង កម្រៃផ្សេងៗមាន ៩៤.១៣ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

ប្រភពបន្តថា បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២.៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៣១៦.៣ ប៊ីលានរៀល ត្រូវជា ២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,១០១.៩ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២.២ ប៊ីលានរៀល ស្មើនឹង ៦.២%នៃចំណូលសរុប ។

បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្ម អន្តរជាតិក្នុង ឆមាសទី១ ឆ្នាំ ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ មានដូចខាងក្រោម៖

  • ការនាំចេញផលិតផល កាត់ ដេរមានចំនួន ៤,៧២១.៤ លានដុល្លារអាមេរិក កើនឡើង ប្រមាណ ៤០.១ លានដុល្លារអាមេរិក ស្មើនឹង ០.៩%,
  • ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិច ត្រូនិក បង្គុំខ្សែភ្លើង គ្រឿង បន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗ ទៀត) មានចំនួន ១,៨៩៩.៧ លានដុល្លារអាមេរិក កើនឡើង ប្រមាណ ៦៣២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩.៩%។ កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា
  • ការនាំចេញកសិផលមានចំនួន ១,៥៨០.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧.៦ លានដុល្លារអាមេរិក ឬ ៦៤.១៣% ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានចំនួន ១.៦៩ លាន តោន មានតម្លៃ ៤២៥.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,០១៩.៧ ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណជា ២៨៥.១ លានដុល្លារអាមេរិក (២០៣.៥%), ការនាំចេញអង្ករសម្រេចបាន ២៩១.១ ពាន់តោន មានតម្លៃ ២០៤.២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨.១ ពាន់តោន (២១.២%) ឬប្រមាណ ៦០.៥ លានដុល្លារអាមេរិក (២២.៩%) , កៅស៊ូនាំចេញ មានចំនួន ១០២.៨ ពាន់តោន មានតម្លៃ ១៥៧.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥.៦ ពាន់តោន (៧៩.៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣.២%) និងកសិផលផ្សេងទៀតមានចំនួន ៣,៥៩២.៧ ពាន់តោន មានតម្លៃ ៧៩៣.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤១.៩ ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២.៨%)។

ទន្ទឹមនឹង ការងារប្រមូលចំណូលនេះ អគរ ក៏សម្រេច បានលទ្ធផលល្អលើការងារសំខាន់ៗមួយចំនួនទៀត ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដូចជា៖ (១).ការអនុវត្តនូវគោលនយោបាយ និងវិធានការ នានារបស់រាជរដ្ឋាភិបាលក្នុងការទ្រទ្រង់និងស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩, (២). ការ បង្ការ និង បង្ក្រាបអំពើរត់គេចពន្ធ និងពង្រឹងអនុលោមភាព, (៣).ការបន្តលើក កម្ពស់ កិច្ចសម្រួលពាណិជ្ជកម្មនិងកែលម្អបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការងារគយ, និង (៤).ការចូលរួមសកម្មភាពសង្គមនានា និង អនុវត្ត វិធានការ សុខាភិបាលដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាដើម ។

ជាទិសដៅបន្ត ដើម្បីធានា បាន នូវលទ្ធផលល្អប្រសើរ ក្នុងបរិបទ ដែលប្រទេសកម្ពុជា ក៏ដូចជា សាកល-លោកទាំងមូលកំពុងជួបប្រទះនឹង រោគរាតត្បាតកូវីដ-១៩ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានធ្វើការក្រើនរម្លឹកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមមាន៖ (១). ការពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវបន្តពង្រឹង ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ ជាពិសេសការអនុវត្តស្របតាមអភិក្រម ៥ ប្រការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់,  (២). ការលើកកម្ពស់អនុលោមភាព វិស័យឯកជន, (៣).ការពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើសាមញ្ញកម្ម នីតិវិធីគយ និងបន្តពង្រឹង កិច្ចសហការជាមួយវិស័យឯកជន,  (៤).ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើ រត់ពន្ធ, (៥).ការពង្រឹងប្រសិទ្ធភាពការងារចរន្តដែលត្រូវអនុវត្តប្រចាំថ្ងៃ, (៦). ការពង្រឹងការអនុវត្ត យុទ្ធសាស្រ្តបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និង (៧). ការបន្តចូលរួមអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិ បាល ។

លោករដ្ឋមន្រ្តីប្រតិភូ បានណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យ យកចិត្តទុកដាក់ខ្ពស់ ក្នុង ការពង្រឹងការកៀរគរចំណូលប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃ ឆ្លាត ព្រមទាំងប្រើប្រាស់ ឱ្យអស់សក្តានុ-ពល បញ្ញាស្មារតី ដើម្បី ប្រមូលចំណូលឲ្យបានគ្រប់និងលើសផែនការ ហើយទន្ទឹមនឹងនោះត្រូវរក្សាបាននូវនិរន្តរភាព ការងារ និង ប្រកាន់នូវវិធានការអនាម័យបទាំងក្នុងការងារនិងការរស់នៅ ដើម្បីធានាបានសុវត្ថិភាព ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំនិង៣ការពារ។ លោករដ្ឋមន្រ្តីប្រតិភូ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ អគរ ឱ្យបន្តចូលរួមក្នុង ការងារសង្គមក្នុងគ្រាដ៏លំបាកនេះ តាមរយៈការបន្តអនុវត្តយុទ្ធនាការមនុស្សធម៌ ចុះជួយសម្រួលការលំបាករបស់ជនងាយរង គ្រោះ ដូចជា កុមារកំព្រា និងក្រុមជនទីទាល់ក្រ ជាដើម ៕

To Top