Uncategorized

ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី ការកំណត់អត្ដសញ្ញាណ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា នៅខេត្តស្វាយរៀង

ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង រៀបចំសិក្ខាសាលា ស្តីពីការកំណត់អត្ដសញ្ញាណ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជាដែលប្រព្រឹត្តទៅនៅខេត្តស្វាយរៀង ក្រោមអធិបតីភាពរបស់ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្មកម្ម ក្រសួងពាណិជ្ជកម្ម និងលោកសុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមមកពីតំណាង អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង តំណាងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្ត ជាពិសេស លោក លោកស្រីជាម្ចាស់ផលិតករ សិប្បករ សមាគម អាជីវករ ពាណិជ្ជករ សិស្ស/និស្សិតក្នុងខេត្ត។

សិក្ខាសាលានេះមានបទបង្ហាញចំនួន ៤ គឺ៖ ១-យុទ្ធសាស្រ្តជំរុញផលិតផលសក្ដានុពលកម្ពុជាដើម្បីនាំចេញ ធ្វើបទបង្ហាញដោយលោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ២-ការបង្កើនផលិតភាពនិងផលិតកម្មដំណាំកសិកម្ម ដោយលោក ស៊ន វិចិត្រ អនុប្រធាន នាយកដ្ឋាននៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៣-ជីអេស១កម្ពុជា (បារកូដកម្ពុជា) ដោយលោកស្រី យីម ម៉ារី ប្រធានផ្នែកទីផ្សារជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា និង៤-ការចែករំលែកបទពិសោធន៍អាជីវកម្មដោយលោកស្រី ម៉ៅ ស៊ីថា ប្រធានសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង(សាក់/CAC)។ សិក្ខាសាលាស្តីពីការកំណត់អត្ដសញ្ញាណ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា មានគោលបំណងចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពល ព្រមទាំងផលិតផលប្រចាំតំបន់ដែលផលិតនៅតាម បណ្តារាជធានី-ខេត្ដនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ មិនតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏ជាការជំរុញផលិតផលសក្តានុពល និងផលិតផលប្រចាំតំបន់ចូលទីផ្សារក្នុងប្រទេស ក្រៅប្រទេស ទីផ្សារឌីជីថល និងជាស្ពានតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងផលិតករកម្ពុជាជាមួយធុរជន អ្នកនាំចេញ និងពាណិជ្ជករអន្ដរជាតិ ដែលមានបំណងស្វែងរកផលិតផលកម្ពុជាសម្រាប់កិច្ចការពាណិជ្ជកម្ម។

ជាពិសេសដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញក្នុងអំឡុងពេលជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះបញ្ចប់ ស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ការរស់នៅក្នុងកាលៈទេសៈកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ដែលបានដាក់ឱ្យប្រើប្រាស់ដោយ រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះ ខេត្តស្វាយរៀងបានជំរុញដល់វិស័យសំខាន់ៗ ក្នុងនោះវិស័យពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និងសិប្បកម្ម ពិសេសការអភិវឌ្ឍផលិតផលដែលមានសក្តានុពលក្នុងខេត្តឱ្យកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់។ ក្នុងនោះ ផលិតផលសក្តានុពលចំនួន៩មុខ មានការទទួលស្គាល់ពីគណៈកម្មាធិការចលនាភូមិមួយផលិតមួយដែលមានដូចជា ទឹកឃ្មុំព្រៃធម្មជាតិត្រពាំងពិការ ស្រូវស្មាច់កំពង់រោទិ៍ បន្លែសុវត្ថិភាព អំបុកស្រួយឆ្ងាញ់ អំបុក(ស្រីនិច) ស្ករត្នោតម្សៅ កាបូបយួរ និងមួកធ្វើពីអញ្ចូត ក្រម៉ាភូមិដំណាក់កន្ទួត វត្ថុអនុស្សាវរីយ៍កូនសត្វ កាបូបតូចៗជាដើម។ទន្ទឹមនឹងនេះ ម្ចាស់ផលិតផលសក្តានុពលចំនួន៥រូប បានណែនាំ ខ្លួន និងបង្ហាញអំពីសាវតា សហគមន៍ លក្ខណៈពិសេសផលិតផល ទីផ្សារ បញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

តាមរយៈការបង្ហាញនូវផលិតផលទាំងនោះ អង្គសិក្ខាសាលាបានអបអរសាទរនូវការខិតខំប្រែងរបស់ផលិតករ ក្នុងស្រុក ហើយបានជំរុញ លើកទឹកចិត្តដល់ពួកគាត់ ដេីម្បីពង្រីក និងពង្រឹងគុណភាព នវានុវត្តន៍ តាមរយៈការកសាងម៉ាកសញ្ញាសម្គាល់ផលិតផលកម្ពុជា ការដាក់ឈ្មោះម៉ាក/យីហោរបស់ក្រុមហ៊ុន សហគ្រាសឱ្យបាន ត្រឹមត្រូវ រួមជាមួយថ្ងៃខែឆ្នាំផលិត ថ្ងៃខែឆ្នាំផុតកំណត់ បិទស្លាកតម្លៃ លេខបារកូដផលិតផលឱ្យបានច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ព្រមទាំង ឈានចូលទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់បានទទួលនូវព័ត៌មាននិងចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់ សម្រាប់បង្កើនការផលិត ការកែច្នៃ និងប្រាក់ចំណូល បង្កើតឱកាសការងារ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងដើម្បីស្វែងរកឱកាសក្នុងការពង្រីកអាជីវកម្ម និងទីផ្សាររបស់ខ្លួន នាពេលបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាចិត្តរិះរក និងសិក្សាបន្ថែមក្នុងការបង្កើតផលិតផលសក្ដានុពលថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍខេត្ដ និងប្រកួតប្រជែង ជាមួយផលិតផលនាំចូល៕

To Top