កម្ពុជា-អង់គ្លេស ប្តេជ្ញា ជំរុញការអភិវឌ្ឍវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន

Date:

ភ្នំពញ៖ ភាគីទាំងពីរកម្ពុជា-អង់គ្លេស បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន។យោងតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំអាស៊ាន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី ក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងសហប្រតិបត្តិការក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរាជទូត និងសហការី ក្នុងឱកាសដែលឯកឧត្តមនិងសហការី អញ្ជើញធ្វើទស្សនកិច្ចមកកាន់កម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី-តំបន់ ជាពិសេសផ្តោតលើការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ចំពោះការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ និងឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចទាំងអស់។

លោករដ្ឋមន្ត្រី បង្ហាញជំនឿយ៉ាងមុតមាំថា ការឈានទៅរកប្រក្រតីភាពថ្មី គួបផ្សំជាមួយនឹងសមិទ្ធផលចម្បងៗក្នុងវិស័យពាណិជ្ជកម្មដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រេចបានថ្មីៗនេះ នឹងក្លាយជាកាតាលីករថ្មី ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រេចបាននូវកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរនាពេលអនាគត។

ពាក់ព័ន្ធនឹងភាពជាប្រធានអាស៊ានរបស់កម្ពុជាវិញ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាបានដាក់ចេញ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះការគាំទ្រពីចក្រភពអង់គ្លេសដែលជាប្រទេសដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ដើម្បីអាចចូលរួមជាមួយកម្ពុជា ក្នុងការអនុវត្តសមិទ្ធិផលអាទិភាពសេដ្ឋកិច្ចទាំងអស់ឱ្យបានជោគជ័យជាផ្លែផ្កា ជាពិសេសក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពភាពរវាងអាស៊ាននិងដៃគូសន្ទនា នានារួមមានចក្រភពអង់គ្លេស លើវិស័យកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើពាណិជ្ជកម្មឌីជីថល ការជំរុញសហគ្រិនភាពជាស្ត្រី ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញលើការធ្វើកសិកម្មប្រកបដោយចីរភាព ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យសេវាកម្មពាក់ព័ន្ធដទៃទៀត ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណនិងកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្ដី ចំពោះវឌ្ឍនភាពរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេស ក្នុងការសហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និងកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...