ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនទទួលបានកំណើនទ្វេដងនៃចំនួនគណនីថ្មីនៅឆ្នាំ២០២១។
លើសពីនេះទៀត ប្រតិបត្តិការរបស់អតិថិជនបានកើនឡើងប្រហែល ៤០%ក្នុងរយៈពេលដូចគ្នានេះ។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះបានមើលឃើញការកើនឡើងចំនួនគណនីថ្មី ១០៩ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០។ ចំនួនប្រតិបត្តិការសរុបបានកើនឡើងជិត ១លានប្រតិបត្តិការនៅឆ្នាំ២០២១ ធៀបនឹងប្រតិបត្តិការនៅឆ្នាំ២០២០។
ក្រុមហ៊ុន ទ្រូម៉ាន់នី ជឿជាក់ថា ភាគច្រើននៃកំណើននេះត្រូវបានជំរុញដោយវិធានការសុវត្ថិភាពប្រឆាំងជំងឺកូវីដ-១៩ ដែលកើតមានដោយសារការបង្កើនការធ្វើទីផ្សារផលិតផលឌីជីថលក្នុងអំឡុងពេលរាតត្បាតជំងឺ។
លើសពីនេះទៀត កំណើនអតិថិជននិងកំណើនប្រតិបត្តិការក៏ត្រូវបានរាយការណ៍ផងដែរ ថាគឺដោយសារបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដោយការរឹតត្បឹតការធ្វើដំណើរ ដែលបានរឹតបន្តឹងអ្នកប្រើប្រាស់ឱ្យនៅតែក្នុងសហគមន៍មូលដ្ឋាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានទីតាំងនៅជិតផ្ទះ។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា កំណើនដ៏គួរឱ្យភ្ញាក់ផ្អើលនេះនឹងបន្តកើតមានក្នុងឆ្នាំ២០២២ នេះ ដោយសារប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនស្វែងរកវិធីងាយស្រួលក្នុងការទូទាត់វិក្កយប័ត្រ និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។
លោកស្រី ឃួន ហ្រ្វង់ដារា មានប្រសាសន៍ថា៖ «វាច្បាស់ណាស់ថា ការរាតត្បាតជំងឺពិតជាបានជួយជំរុញឱ្យមានប្រតិបត្តិការឌីជីថលកាន់តែច្រើន។ ទោះជាយ៉ាងណា យើងក៏ត្រូវចាំដែរថា ការណ៍ដែលមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារនៅទូទាំងប្រទេសក៏មានន័យផងដែរថា ក្នុងអំឡុងពេលបិទខ្ទប់ និងការររឹតបន្តឹងការធ្វើដំណើរ ប្រជាពលរដ្ឋអាចមានលទ្ធភាពបន្តទូទាត់វិក្កយបត្ររបស់ពួកគេ និងឆ្លើយតបទៅនឹងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ បើទោះជាពួកគេមិនអាចធ្វើដំណើរបានទូលំទូលាយដើម្បីធ្វើកិច្ចការទាំងនេះក៏ដោយ»។
ក្រុមហ៊ុន ទ្រូម៉ាន់នី ឱ្យដឹងផងដែរថា ក្រៅពីកំណើនដែលជំរុញដោយការរាតត្បាតជំងឺ កំណើនមួយផ្នែកក៏ត្រូវបានជំរុញដោយឧស្សាហកម្មសេវាហិរញ្ញវត្ថុទាំងមូលផងដែរ ដែលបានធ្វើការងាររួមគ្នាដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុអនឡាញ។
លោកស្រី ឃួន ហ្រ្វង់ដារា បានបន្ថែមថា៖ «នៅក្នុងពេលវេលាដូចនេះហើយដែលគ្រឹះស្ថានហិរញ្ញវត្ថុមើលឃើញតម្លៃនៃការមានបច្ចេកវិទ្យាអនឡាញដែលទុកចិត្ត និងអាចពឹងពាក់បាន ព្រមទាំងបណ្តាញទូលំទូលាយនៅទូទាំងប្រទេស។ ក្នុងអំឡុងឆ្នាំ២០២១ ក្រុមហ៊ុន ទ្រូម៉ាន់នី អាចជួយគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនឱ្យបន្តផ្តល់សេវាជូនអតិថិជនរបស់ពួកគេបាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។ ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា ការសហការបែបនេះនឹងបន្កកើតមានក្នុងឆ្នាំ២០២២»។
យោងតាមលោកស្រី ឃួន ហ្រ្វង់ដារា ឆ្នាំ២០២២ អាចមើលឃើញមានការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដោយសារស្ថាប័នមួយចំនួននឹង ស្វែងរកគ្រឹះស្ថានដែលមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប ព្រមទាំងមូលដ្ឋានអតិថិជនដែលមានស្រាប់។ កិច្ចសហប្រតិបត្តិការបែបនេះអាចមានន័យថានឹងមានការកើនឡើងការរួមបញ្ចូលគ្នាដែលកាន់តែប្រសើរឡើងជូនអតិថិជន។
ក្រៅពីកិច្ចសហប្រតិបត្តិការគ្នា ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងរៀបចំផែនការពង្រឹងសេវា និងប្រម៉ូសិនផ្សេងៗ ដើម្បីបង្កើន ជួយសសម្រួលដល់អតិថិជនបន្ថែមទៀត។ ក្រុមហ៊ុនក៏នឹងដាក់បង្ហាញឡូហ្គោថ្មីសម្រាប់កម្មវិធី TrueMoney Wallet និងសេវាថ្មីផ្សេងៗក្នុងត្រីមាសទី២ ឆ្នាំ២០២២ ផងដែរ។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេសដោយមានបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនមានចំនួនជាង ១ម៉ឺនភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទងនឹងហិរញ្ញវត្ថុនៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕


Home›អត្ថបទពាណិជ្ជកម្ម›ទ្រូម៉ាន់នី ទទួលបានកំណើនគណនីអតិថិជនជាង ១០០ភាគរយ នៅឆ្នាំ២០២១ ហើយគ្រោងបង្ហាញឡូហ្គោ TrueMoney Wallet ថ្មី និងសេវាថ្មីៗនៅឆ្នាំ២០២២នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានឱ្យដឹងថា ក្រុម…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





