កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) សម្រេចបាន៨០%ហើយ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៣

Date:

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោង ធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) គិតមកទល់ពេលនេះសម្រេចបាន៨០%ហើយ ដែលគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៣។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ(AC) និងមានសួរច្បារកណ្តាល។

គម្រោងនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតនៅក្នុង កំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង។ដោយឡែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global គិតរហូតមកទល់ពេលនេះសម្រេចបាន៨០%ហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៣។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋក្នុងការជួយថែទាំផ្លូវថ្នល់ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវសូមសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសុំកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឱ្យទឹកហូរលើផ្លូវ នាំឱ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែង លក់ដូរ បង្កឱ្យមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដោយច្បាប់ជាដើម។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមផងដែរសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ប្រុងប្រយ័ត្នដោយសារ ឃើញផ្លូវល្អ ហើយបើកបរលើសល្បឿនកំណត់ដោយមិនដឹងខ្លួន ត្រូវពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត មិនត្រូវប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន និងមិនត្រូវប្រើ ទូរសព្ទនៅពេលបើកបរដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានជម្រាបជូនផងដែរថា៖ បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ របួសពី១០ទៅ១៥ក្នុងមួយថ្ងៃ ខាតបង់ថវិកាជាតិ និងថវិកាឯកជនប្រមាណពី៤០០ ទៅ ៤២០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី បានអំពាវនាវសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ធ្វើឱ្យមានការលំបាកដល់យុទ្ធនាការកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកថវិកាទាំងប្រាក់កម្ចី ទាំងថវិកាជាតិ និងជំនួយឥតសំណងមក កសាងប្រព័ន្ធផ្លូវថ្នល់របស់យើង ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនមានតម្លៃថោក អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញវិនិយោគិនមក ដាក់ទុននៅកម្ពុជា បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើ៕

Share post:

spot_imgspot_img

Popular

More like this
Related

vivo V60 ស្មាតហ្វូនមានសមត្ថភាព កាមេរ៉ាខ្លាំងបំផុតមួយ ក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ 

ភ្នំពេញ កម្ពុជា – ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ – vivo  បានប្រកាសចេញ...

ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មីស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរនិងការពង្រីកបណ្តាញជាសកល

ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025​ - ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។...

ទីក្រុងសានយ៉ា ពន្លឿនការពង្រីកខ្លួនទៅក្នុងទីផ្សារ ទេសចរណ៍អាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់ ផ្លូវអាកាសថ្មី

ភ្នំពេញ ៖ ស្របតាមការណែនាំដើម្បី "បង្កើនធនធានទេសចរណ៍ និងវប្បធម៌ ទាញយកប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ទីក្រុងសានយ៉ា ផ្តោតលើកំណើន ភ្ញៀវទេសចរចូល និង...

ការប្រគល់រថយន្ត ២៥០០ គ្រឿងក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលមួយ និងជាការចាប់ផ្តើមថ្មី

ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ...