Uncategorized

លោក គួច ចំរើន អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកកម្សាន្ត នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹក​អមស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួម​ ពីលោកអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងឆ្មាំឆ្មេរខេត្តព្រះសីហនុ និងវិស័យឯកជនចូលរួមសិក្សារយៈពេល ៥ថ្ងៃ។

លោកវរនាវីឯក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹក អមស្ថានទូតថៃប្រចាំកម្ពុជា តំណាងឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឪ្យដឹងថា វគ្គបណ្តុះបណ្ដាលការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក ជាចំណុចចាប់ផ្តើម កិច្ចសហប្រតិបត្តិការ រវាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ជាមួយអង្គភាពពាក់ព័ន្ធ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីលើកកំពស់សមត្ថភាពមន្ត្រី អាជ្ញាធរខេត្ត ក្នុងកិច្ច ការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក រួមទាំងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តព្រះសីហនុ ឪ្យកាន់តែរីកចំរើនទៅមុខតទៅ។ លទ្ធផល នៃវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្វឹកបានបញ្ជាក់ថា សិក្ខាកាមគ្រប់រូបមានការតាំងចិត្ត និងឆន្ទះខ្ពស់ក្នុងការសិក្សាហ្វឹកហ្វឺន នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់សិក្ខាកាមក្នុងការទទួលបានចំណេះដឹង សមត្ថភាព និងជំនាញក្នុងកិច្ចការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ចំគោលដៅ និងតាមគោល បំណងរបស់លោក អភិបាលខេត្តព្រះសីហនុ​ ដែលចង់បាននាពេលកន្លងមក។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ បិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ គឺកើតចេញពីជំនួបរវាងខ្ញុំ និងលោក ឈឿតគៀត អាថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើវិស័យទេសចរណ៍ និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និត និងអាចធ្វើការរួមគ្នាលើកិច្ចសហការ ក្នុងវិស័យផ្សេងៗទៀត ដូចជាវិស័យពាណិជ្ជកម្ម ការតាំងពិពរណ៌សុខាភិបាល និងអប់រំជាដើម។ល។

លោកអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រូបង្វឹក និងជំនួយការគ្រូបង្វឹកដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសបង្វឹក និងបង្ហាត់បង្ហាញទាំងទ្រឹស្តី និងលំហាត់ជាក់ស្តែង នៅក្នុងថ្នាក់ និងកន្លែងហ្វឹកហាត់ដល់សិក្ខាកាមឆ្មាំឆ្នេរសមុទ្រចំនួន ២៤នាក់ ក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោកឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ ខ្ញុំមានជំនឿជឿជាក់ថា រយៈពេល ៥ថ្ងៃកន្លងមកនេះ ឆ្មាំឆ្នេររបស់យើងទទួល នូវចំណេះដឹង បទពិសោធន៍ និងការអនុវត្តជាក់ស្តែង អំពីវិធីសាស្ត្រជួយសង្រ្គោះជីវិតមនុស្សខណៈពេលមានគ្រោះ អាសន្ននៅលើផ្ទៃសមុទ្រ។ ស្នើសុំឱ្យសិក្ខាកាមយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលនេះ យកទៅជួយសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ឱ្យមានប្រសិទ្ធភាព។

ថ្លែងអំណរគុណខេត្តចាន់បុរី ដែលកន្លងមក តែងតែបានជួយបណ្តុះបណ្តាល ស្តីពីឆ្មាំឆ្នេររបស់ខេត្តព្រះសីហនុ បានធ្វើការទំនាក់ទំនងរវាងខេត្តទាំងពីរ កាន់តែមានភាពស្និតស្នាលថែមទៀត ពិសេសផ្នែកវិស័យទេសចរណ៍ ថៃមានសមត្ថភាពអភិវឌ្ឍ លើសេវាកម្មទេសចរណ៍ ដោយឡែកកម្ពុជា នៃទស្សវត្តចុងក្រោយជួបនឹងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យមានការរាំងស្ទះ ដល់វិស័យទេសចរណ៍ ក្រោយកម្ពុជាទទួលបានសន្តិភាព ជាង ២០ឆ្នាំ វិស័យទេសចរណ៍ បានជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ កាន់តែល្អប្រសើរ ដោយសារប្រទេសយើងទាំងពីរ ជាប្រទេសសមាជិកអាស៊ាន ក្នុងការជួយជម្រុញលើកទឹកចិត្ត នៃទំនាក់ទំនងទេសចរណ៍ឆ្លងកាត់ ហើយកម្ពុជា និងថៃ ជាប្រទេសដែលមានព្រំដែនគោក ព្រំដែនសមុទ្រជាប់គ្នា ក្នុងការជួយលើកកម្ពស់វិស័យៃទេសចរណ៍ និងការផ្លាស់ប្តូរគ្នាទេសចរណ៍គ្នា ទៅវិញទៅមក ទន្ទឹមនោះយើងក៏ត្រូវពង្រឹងគុណភាព ឆ្មាំឆ្នេរសមុទ្ររបស់យើង ដើម្បីបំរើភ្ញៀវទេសចរណ៍ នៅពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។

លោកមអភិបាលខេត្ត សង្ឃឹមថា ប្រទេសយើងទាំងពីរ នឹងបន្តការគាំទ្រ សេវាជួយសង្គ្រោះ ដើម្បីមានធនធានមនុស្ស បំរើសេវាជួយសង្គ្រោះ ប្រជាជនកម្ពុជា ដែលមកលេងកម្សាន្ត និងអាចជួយសង្គ្រោះ ជនបរទេសផ្សេងៗទៀត ដែលមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ យើងមានភារកិច្ចជួយសង្គ្រោះមនុស្ស នៅលើផ្ទៃទឹក ដោយមិនមានរើសអើងជាតិសាសន៍នោះឡើយ៕

Most Popular

To Top