Uncategorized

លោក ឆាយ ប្ញទ្ធិសែន ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ សរុបចំនួន ៣៣នាក់ ស្រី ១៤នាក់។

ការជួបសំណេះសំណាលនេះ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ​ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ សរុបចំនួន ៣៣នាក់ ស្រី ១៤នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដោយលោក គឹម វិបុល ប្រធានមន្ទីររួចមក លោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នាពេលកន្លងមក។

លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នាពេលកន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាព របស់ក្រសួងក្នុងអាណត្តិកន្លងមក រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ដើម្បីធានាបាននូវតំបន់ជនបទសមាហរណកម្ម, ការកែលម្អលក្ខខណ្ឌ នៃការរស់នៅ របស់សហគមន៍ជនបទ, ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ និង ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួន គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”។

ជាមួយគ្នានេះ សម្រាប់នីតិកាលថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ចក្ខុវិស័យដ៏មានសារៈសំខាន់គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារ នៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ ដែលប្រែកម្មវិធីអាទិភាពចំនួន ៥។ កម្មវិធីអាទិភាពនេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

មានប្រសាសន៍ក្នុងពីធីសំណេះសំណាលនោះ លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖

១/ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិគំរូនៅក្នុងខណ្ឌជាយរាជធានី ដោយផ្អែកលើសក្ដានុពលសំខាន់ៗ ទៅតាមលក្ខណៈវិនិច្ឆ័យនៃភូមិគំរូ។
២/ ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងខិតខំបង្កើនសមិទ្ធផល និងស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០។
៣/ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនិងប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ ព្រមទាំងចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រជាពលរដ្ឋ ប្រកបដោយសុចរិតភាព។
៤/ មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលរាជធានី, មានកិច្ចសហការល្អអាជ្ញាធរគ្រប់លំដាប់ថ្នាក់, មន្ទីរពាក់ព័ន្ធនានា ព្រមទាំង, អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍជនបទឱ្យកាន់តែល្អប្រសើរឡើង។
៥/ មន្ទីរ ត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់ខ្លួន ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់មហាជន។
៦/ ត្រូវមានឯកភាព សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ, យកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវមានការលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

Most Popular

To Top