ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣

Date:

ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា​ បានចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជារហូតដល់ ៤៣៨ លានដុល្លារ នេះបើយោងតាមរបាយការណ៍ផលវិជ្ជមាននៃសេដ្ឋកិច្ចសង្គមដែលត្រូវបានធ្វើឡើងស្របជាមួយនឹងការគម្រប់ខួបលើកទី ៣០ របស់ក្រុមហ៊ុននេះ។

របាយការណ៍ «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ហ៊ិននីគែន» ត្រូវបានប្រគល់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកំឡុងជំនួបសម្តែងការគួរសមថ្មីៗនេះពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ របាយការណ៍នេះបានបង្ហាញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មសរុបរបស់ខ្លួនដែលមានតម្លៃ ១៤២ លានដុល្លារសហអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជាផ្នែកមួយនៃការជម្រុញសេដ្ឋកិច្ចក្នុងស្រុកយ៉ាងសំខាន់ក្នុងវិស័យ ការវេចខ្ចប់ ដឹកជញ្ជូន កសិកម្ម ថាមពល ទីផ្សារ និងការវិនិយោគក្នុងស្រុក។

អ្នកផ្គត់ផ្គង់ក្នុងស្រុកមួយដែលទទួលបានអត្ថប្រយោជន៍ពីការចំណាយក្នុងស្រុករបស់ក្រុមហ៊ុន ហ៊ិននីគែន កម្ពុជា គឺក្រុមហ៊ុន OJI Packaging។ លោក Dinith Naveen នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន OJI Packagingបានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង ក្រុមហ៊ុន ហ៊ិននីគែន បានស្វែងយល់ និងបង្កើតដំណើរការអាជីវកម្មរបស់យើងយ៉ាងរលូន ដើម្បីធានាបាននូវលទ្ធផលការងារដែលមានប្រសិទ្ធភាព និងគុណភាពខ្ពស់។ ការរៀបចំអាជីវកម្មដោយរលូនរបស់ពួកគេ និងបុគ្គលិកដែលមានចំណេះដឹងបានធ្វើឱ្យយើងកាន់តែងាយស្រួលក្នុងការសហការជាមួយគ្នា»។

ក្រុមហ៊ុន Geolink Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ដំណោះស្រាយដឹកជញ្ជូន និងភស្តុភារនៅប្រទេសកម្ពុជា ហើយក៏ ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយទៀតដែលបានធ្វើការជាដៃគូដ៏សំខាន់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការផលិតដបដែលអាចប្រមូលត្រឡប់យកមកប្រើប្រាស់វិញបាន។ លោក ឡេង ចំណាន នាយកគ្រប់គ្រងក្រុមហ៊ុន Geolink Group បានមានប្រសាសន៍ថា៖«ក្រុមហ៊ុន ហ៊ិននីគែនបង្ហាញពីការគោរព និងការបើកចំហរនៅក្នុងភាពជាដៃគូដ៏យូរអង្វែងរបស់យើង ហើយបានយកចិត្តទុកដាក់លើកិច្ចសហការយ៉ាងម៉ត់ចត់ ។ឧទាហរណ៍ ពួកគាត់ធានាថា បុគ្គលិក និងអ្នកបើកបររបស់យើងតែងតែមានការិយាល័យ និងកន្លែងសម្រាកនៅក្នុងរោងចក្រ»។

សម្រាប់របាយការណ៍នេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងវិស័យផលិតភេសជ្ជៈ និងវិស័យលក់រាយរបស់កម្ពុជាដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកលក់ដូវនៅតាមហាងលក់ភេសជ្ជៈ និងអ្នកលក់ផ្ទាល់នៅវិស័យបដិសណ្ឋារកិច្ច។ ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន មាននៅក្នុងហាងជាងប្រមាណ ១១០.០០០ ទូទាំងប្រទេសដែលមាន ៩៦ ភាគរយជាហាងលក់ភេសជ្ជៈ។

អ្នកស្រី ចន្ទ្រា ម្ចាស់ហាងលក់ភេសជ្ជៈនៅភ្នំពេញបានមានប្រសាសន៍ថា៖«ក្រុមហ៊ុន ហ៊ិននីគែន ជាដៃគូពិតប្រាកដមួយដែលជួយជម្រុញឱ្យហាងខ្ញុំលក់កាន់តែដាច់។ ផលិតផលរបស់ក្រុមហ៊ុននៅតែមានតម្រូវការខ្ពស់ហើយការធ្វើការជាមួយពួកគេកន្លងមកគឺមានភាពងាយស្រួល។ ក្រុមហ៊ុន ហ៊ិននីគែន មិនត្រឹមតែជាអ្នកផ្គត់ផ្គង់ប៉ុណ្ណោះទេ តែជាក្រុមហ៊ុនមួយដែលជួយគាំទ្រអាជីវកម្មរបស់ខ្ញុំបានកាន់តែរីកច្រើន។ ចាប់តាំងពីខ្ញុំចាប់ផ្តើមលក់ផលិតផល ហ៊ិននីគែន មក ខ្ញុំបានឃើញអតិថិជនកាន់តែច្រើនជាវទំនិញពីហាងខ្ញុំ។ ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនមួយនេះពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយអាជីវកម្មនានាដូចជាអាជីវកម្មរបស់ខ្ញុំឱ្យរីកចម្រើនហើយខ្ញុំពេញចិត្តចំពោះការជួយជ្រុំជ្រែងពីសំណាក់ ក្រុមហ៊ុន ហ៊ិននីគែនណាស់»។

វិស័យមួយទៀតដែលទទួលបានអត្ថប្រយោជន៍ពីការចូលរួមរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺវិស័យកសិកម្ម។ ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន កម្ពុជា បានបន្តកិច្ចសហការជាមួយអង្គការភាពជាដៃគូរដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ការបន្តធ្វើការសហការ និងភាពជាដៃគូនេះនឹងដំណើរការរហូតដល់ខែធ្នូ ឆ្នាំ ២០២៥។ ភាពជាដៃគូនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករដែលជាសមាជិកនៃសហករណ៍កសិកម្ម (ACs) ដែលចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មដំណាំស្រូវ។ សហករណ៍ចំនួន ១០ ក្នុងខេត្តបាត់ដំបង និង ៥ ទៀតក្នុងខេត្តបន្ទាយមានជ័យនឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូនេះទៅដល់កសិករចំនួន ៨៥០ នាក់ដែលក្នុងនោះចំនួន ៥០ ភាគរយជាកសិករ ស្រ្តី និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់កសិករចំនួន ១.២៥០ បន្ថែមទៀតក្នុងរយៈពេល ១៧ ខែ។

លោកស្រី លាវ គីមណា នាយកប្រចាំប្រទេសនៃអង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា (CPSA) បានមានប្រសាសន៍ថា៖ «ភាពជាដៃគូដ៏មានឥទ្ធិពលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាប្រឈមដែលកសិករជួបប្រទះនៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ។ តាមរយៈភាពជោគជ័យកន្លងមករបស់យើង យើងមានបំណងធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងភាពធន់តាមរយៈការបណ្តុះបណ្តាលក្នុងការអនុវត្តអាកាសធាតុប្រកបដោយភាពវៃឆ្លាត និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ជាមួយនឹង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាយើងកំពុងជួយកសិករក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ និងពង្រឹងសហករណ៍កសិកម្មផងដែរ»។

ភាពជាដៃគូថ្មីរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បង្កើតឡើងនៅលើកិច្ចសហការដំបូងនៅខែធ្នូ ឆ្នាំ ២០២២ ជាមួយអង្គការ CPSA ។ ដំណាក់កាលទីពីរនេះ នឹងផ្តោតលើការជម្រុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងគាំទ្រសហគមន៍កសិកម្មក្នុងស្រុក។ គោលដៅចុងក្រោយគឺបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវដែលធន់ ល្អ និងមានតម្លៃខ្ពស់នៅកម្ពុជាដោយផ្តល់អាទិភាពដល់វិធីសាស្រ្តដាំដុះឆ្លាតវៃដោយផ្អែកតាមអាកាសធាតុ និងបរិយាប័ន្នកសិកម្ម។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...