ក្រុមហ៊ុន Vietjet ពន្លឿនការពង្រីកជើងហោះហើរជាមួយនឹងការបន្ថែមយន្តហោះ Airbus ថ្មី

Date:

ភ្នំពេញ៖ ថ្ងៃទី០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បន្តការពង្រីកបណ្តាញហោះហើរដ៏រឹងមាំរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ រួមមាន កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CFM ដើម្បីទិញម៉ាស៊ីន LEAP-1B ជាង ៤០០ គ្រឿង និងយន្តហោះ Airbus A321neo ថ្មីចំនួនមួយគ្រឿង។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការធ្វើទំនើបកម្មកងនាវាអាកាសចរណ៍របស់ខ្លួន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួនឆ្ពោះទៅរកការធ្វើប្រតិបត្តិការអាជីវកម្មអាកាសចរណ៍ប្រកបដោយនិរន្តរភាព។

កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងពីរ – ដើម្បីផ្តល់សេវាបច្ចេកទេសម៉ាស៊ីន និងម៉ាស៊ីន – ត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោកEmmanuel Macron នៅវិមាន Élysée។ កិច្ចព្រមព្រៀងទាំងពីរត្រូវបានប្រកាសឡើង ខណៈដែលក្រុមហ៊ុន Vietjet ត្រៀមនឹងបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់ទីក្រុងហាណូយរបស់វៀតណាម ក៏ដូចជាផ្លូវហោះហើរទៅកាន់តតំបន់ផ្សេងៗទៀតនៅទូទាំងអាស៊ី។

Vietjet ពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន CFM ដោយចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ LEAP-1B

ភាពជាដៃគូរបស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន CFM International ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Safran Aircraft Engines និង ក្រុមហ៊ុន GE Aerospace បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តសម្រាប់ការផ្គត់ផ្គង់ម៉ាស៊ីន និងសេវាកម្មបច្ចេកទេសម៉ាស៊ីនជាង ៤០០ LEAP-1B ដែលមានតម្លៃប៉ាន់ស្មានចំនួន ៨ ពាន់លានដុល្លារ ដើម្បីបង្កើនថាមពលដល់យន្តហោះដែលមានទំហំតូច។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Élysée នាថ្ងៃទី ៧ ខែតុលា។

ម៉ាស៊ីននេះ ត្រូវបានបញ្ជាទិញចំនួនពីរលើកដែលបានប្រកាសពីមុនក្នុងឆ្នាំ ២០១៦និង ២០១៨ ហើយយន្តហោះត្រូវបានគេគ្រោងនឹងចាប់ផ្តើមប្រគល់ជូននៅឆ្នាំ ២០២៥។ ប្រភេទម៉ាស៊ីន CFM LEAP ផ្តល់នូវការប្រើប្រាស់ប្រេងឥន្ធនៈតិចជាង ១៥ ទៅ ២០ ភាគរយ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន CO2 ក៏ដូចជាឆេះស្ងាត់ល្អមិនសូវមានសម្លេងរំខាន បើប្រៀបធៀបទៅនឹងម៉ាស៊ីនជំនាន់មុន។

លោក Gaël Méheust ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CFM International បានកត់សម្គាល់ថា “អស់រយៈពេលជាងមួយទសវត្សរ៍ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ VietJet ដើម្បីណែនាំកម្មវិធីជំនួយទាក់ទងនឹងការគ្រប់គ្រងបច្ចេកទេស ការបណ្តុះបណ្តាល និងការកែលម្អប្រសិទ្ធភាពប្រេងឥន្ធនៈសម្រាប់កងនាវាអាកាសចរណ៍ CFM56 របស់ខ្លួន ហើយឥឡូវនេះ ក៏រំពឹងថានឹងបានពង្រីកការអនុវត្តទាំងនេះទៅប្រើម៉ាស៊ីន LEAP-1B ជំនាន់ថ្មី។ យើងមានកិត្តិយសណាស់ ដែលក្រុមហ៊ុន Vietjet បានផ្តល់ទំនុកចិត្តខ្ពស់លើក្រុមហ៊ុន CFM របស់យើង ហើយយើងសូមឆ្លៀតយកឱកាសនេះ ដើម្បីជំរុញពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អក្នុងឆ្នាំនេះក៏ដូចជាទៅថ្ងៃអនាគតផងដែរ។

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានបន្ថែមថា “យើងពិតជាមានគុណតម្លៃ និងមានកិត្តិយសខ្លាំងណាស់ ចំពោះភាពជាដៃគូជាយុទ្ធសាស្ត្រនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនឈានមុខគេលើពិភពលោក ដូចជា ក្រុមហ៊ុន Safran និង CFM បានធ្វើការជាមួយក្រុមហ៊ុន Vietjet ដើម្បីផ្តល់សេវាការធ្វើដំណើរតាមយន្តហោះដែលមានតម្លៃសមរម្យសម្រាប់មនុស្សរាប់លាននាក់ ដែលជំរុញឱ្យមានកំណើនការធ្វើដំណើរនៅក្នុងទីផ្សារអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក រួមទាំងវៀតណាមផងដែរ។ កិច្ចព្រមព្រៀងថ្ងៃនេះ ត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ម៉ាស៊ីនយន្តហោះដែលសន្សំសំចៃប្រេង ដែលជំរុញដល់ការពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាពអាជីវកម្មរបស់យើង។ អ្នកដំណើររបស់យើងនឹងរីករាយជាមួយការហោះហើរកាន់តែមានភាពបៃតង និងមានប្រសិទ្ធភាពជាងមុន»។

ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង ការសហការជាមួយក្រុមហ៊ុន Safranនិងក្រុមហ៊ុន CFM រហូតមកដល់ពេលនេះ បានជួយផ្តល់មិនត្រឹមតែម៉ាស៊ីនយន្តហោះប៉ុណ្ណោះទេ តែក៏ក៏ផ្តល់នូវកៅអីយន្តហោះ ផ្ទៃខាងក្នុងកាប៊ីនដ៏ស្រស់ស្អាត និងការបណ្តុះបណ្តាលការគ្រប់គ្រងម៉ាស៊ីនដល់បុគ្គលិករបស់ Vietjet ទៀតផង។ តាមរយៈសេវាទាំងនេះ វាក៏បង្កើតឱ្យមានបរិក្ខារថែយន្តហោះ រួមទាំបច្ចេកវិទ្យាកម្រិតខ្ពស់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅវៀតណាម ដោយពង្រឹងជំហររបស់ប្រទេសជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ផងដែរ។

ក្រុមហ៊ុន Vietjet ស្វាគមន៍ Airbus A321neo ថ្មី ដែលនឹងត្រូវប្រើក្នុងកងនាវាអាកាសចរណ៍ដែលកំពុងពង្រីករបស់ខ្លួន

នៅអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីសនាថ្ងៃទី ៧ ខែតុលា ក្រុមហ៊ុន Vietjet បានប្រារព្ធការមកដល់នៃការបន្ថែមចុងក្រោយបំផុតនៃកងនាវាអាកាសចរណ៍របស់ខ្លួន គឺយន្តហោះ Airbus A321neo នៅក្នុងពិធីមួយដែលមានការចូលរួមដោយតំណាងជាន់ខ្ពស់មកពីប្រទេសវៀតណាម និងបារាំង។ យន្តហោះថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ដើម្បីពង្រីកកងនាវាអាកាសចរណ៍របស់ខ្លួន និងកែលម្អនិរន្តរភាពតាមរយៈបច្ចេកវិទ្យាសន្សំសំចៃប្រេង។

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “យន្តហោះ Vietjet តាំងបង្ហាញនិមិត្តសញ្ញា ៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម – បារាំង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ផ្សព្វផ្សាយតម្លៃរួមរវាងប្រជាជន និងមិត្តភាពអន្តរជាតិ។ យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Vietjet និងដៃគូបារាំងទទួលបានលទ្ធផលវិជ្ជមាន ដែលវាក៏នឹងជួយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។ ព្រឹត្តិការណ៍ថ្ងៃនេះមានអត្ថន័យពិសេសខ្លាំងណាស់ ព្រោះវាបានបង្ហាញពីភាពជោគជ័យនៃកិច្ចប្រជុំកំពូល Francophonie Summit លើកទី ១៩ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសសមាជិកជិត ១០០ ប្រទេសផងដែរ។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក Benoît de Saint-Exupéry អនុប្រធានប្រតិបត្តិក្រុមហ៊ុន Airbus ផ្នែកលក់ខាងអាជីវកម្មយន្តហោះពាណិជ្ជកម្មបានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូយូរអង្វែងរបស់ក្រុមហ៊ុន Airbus ជាមួយក្រុមហ៊ុនអាកាសចរណ៍ឧស្សាហកម្ម Vietjet និងវៀតណាម។ ការផ្តល់យន្តហោះA321neo មួយគ្រឿងទៀតនេះ គឺជាជំហានសំខាន់ក្នុងការពង្រីកកងនាវាអាកាសចរណ៍ដ៏មានមហិច្ឆតារបស់ Vietjet រួមជាមួយនឹងការបញ្ជាទិញយន្តហោះ A330neo ចំនួន ២០ គ្រឿងនៅឯពិព័រណ៍ Farnborough Airshow របស់ក្រុមហ៊ុន Vietjet នាពេលថ្មីៗកន្លងទៅនេះ។ យើងពិតជាមានមោទនភាព និងទន្ទឹងរង់ចាំការបន្តកិច្ចសហប្រតិបត្តិការ និងភាពជោគជ័យជាមួយក្រុមហ៊ុន Vietjet យូរអង្វែងថែមទៀត។

យន្តហោះជំនាន់ថ្មី A321neo ត្រូវបានរចនាឡើងផ្តោតលើការសន្សំសំចៃប្រេង ជួយកាត់បន្ថយសម្លេងរំខានបានរហូតដល់ ៥០% និងការសន្សំសំចៃប្រេងជាង ២០% និងកាត់បន្ថយការបំភាយឧស្ម័នកាបូន CO₂ បើប្រៀបធៀបទៅនឹងយន្តហោះផ្លូវជំនាន់មុន ដែលការបញ្ជាទិញយន្តហោះនេះ គឺស្របតាមគោលដៅនិរន្តរភាពរបស់ Vietjet ។ ជាមួយនឹងយន្តហោះជាង ១០០ នៅក្នុងកងនាវាអាកាចរណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តពង្រីកផ្លូវហោះហើរអន្តរជាតិរបស់ខ្លួននៅទូទាំងអាស៊ី និងទៅកាន់តំបន់ផ្សេងៗជាច្រើនទៀត ដែលនេះបានរួមចំណែកដល់ការបង្កើតការងារ និងការផ្ទេបច្ចេកវិទ្យានៅក្នុងប្រទេសវៀតណាម។ រហូតមកដល់ពេលនេះ Vietjet បានបញ្ជាទិញយន្តហោះសរុបចំនួន ២០៦ គ្រឿងជាមួយក្រុមហ៊ុន Airbus ។

បន្ទាប់ពីការផ្តល់ជូនយន្តហោះ A321neo នេះ ក្រុមហ៊ុន Airbus នឹងធ្វើការផ្តល់ជូនយន្តហោះថ្មីបន្ថែមទៀតដល់ក្រុមហ៊ុន Vietjet ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៤ ដោយគាំទ្រដល់ផែនការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីជាបន្តបន្ទាប់ និងការបង្កើនប្រេកង់សម្រាប់ទិសដៅពេញនិយមនៅទូទាំងអាស៊ី រួមមានខេត្តសៀមរាប វៀងច័ន្ទន៍ កូឡាឡាំពួរ បាលី តៃណាន ណាហ្គោយ៉ា ប៊ូសាន និងដេហ្គូ។ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរតាមផ្លូវសៀមរាប-ហាណូយ នឹងដំណើរការជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ដោយផ្តល់ជូននូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀត។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។​ ព័ត៌មានបន្ថែមនៅ www.vietjetair.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...