ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពអឺរ៉ុប​ សម្ពោធគម្រោងសម្ព័ន្ធមេត្រីភាព​«Twinning» លើកំណែទម្រង់ ការអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា

Date:

សៀមរាប៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤៖ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការ គាំទ្រ កំណែទម្រង់ ការ អប់រំ បច្ចេកទេសកម្រិត មធ្យមសិក្សា ទុតិយភូមិ នៅ កម្ពុជា”។

ស្ថិតក្រោមក្របខណ្ឌនៃគម្រោងថ្មីនេះ មន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការធ្វើកិច្ចការរួមគ្នាជាមួយនឹងមន្ត្រីអប់រំអឺរ៉ុប មកពីប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ក្នុងទម្រង់មួយហៅថា គម្រោងសម្ព័ន្ធមេត្រីភាព “Twinning”។

ព្រះរាជាណាចក្រកម្ពុជា  គឺជា ប្រទេស ដំបូង គេបំផុត នៅទ្វីប អាស៊ី  ដែល ទទួល បាន អត្ថប្រយោជន៍ ពី គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ីហ្កូ   ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា”។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងអាចសម្រិតសម្រាំងប្រព័ន្ធអប់រំរបស់យើង ឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនិងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។

កិច្ចសហការនេះក៏នឹងជួយបណ្តុះបណ្តាល   សមត្ថភាពរបស់សិស្សានុសិស្សយើងឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់  ការវិនិយោគបរទេសនៅកម្ពុជា”។​ គម្រោងនេះចាប់ដំណើរការរហូតដល់ខែសីហា ឆ្នាំ ២០២៧ មានរយៈពេលសរុប ៣៦ ខែ។ 

គម្រោងនេះនឹងធ្វើការសាកល្បងលើកំណែទម្រង់ការអប់រំបច្ចេកទេសនៅកម្ពុជា ដែលបំផុសគំនិតតាមរបៀបអឺរ៉ុប នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួនប្រាំ និងសាកលវិទ្យាល័យចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងការ ជំរុញឱ្យមានការងារធ្វើ ការលើកកម្ពស់បរិយាបន្ន យេនឌ័រ និងការត្រៀមជំនាញរួចជាស្រេច ដើម្បីឆ្ពោះទៅរកនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...