ការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងផលិតភាពនៅកម្ពុជា៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិងអង្គការCIRD សហការគាំទ្រកសិករដំណាំស្រូវ

Date:

បាត់ដំបង៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ – កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ១៤ ខែស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកទេសកសិកម្មឆ្លាតវៃ»។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) ក្នុងគោលបំណងបង្កើនចំណេះដឹងដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងកសាងភាពធន់នឹងបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលទៅដល់ប្រជាកសិករដែលដឹកនាំដោយអ្នកជំនាញផ្នែកកសិកម្មប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាតវៃ។ តាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកទេសទំនើបក្រោមការសហការនេះ កសិករនឹងមានការយល់ដឹងបន្ថែមពីទិន្នផលដំណាំរបស់គាត់ និងសម្របខ្លួនទៅនឹងការវិវត្តនៃលក្ខខណ្ឌបរិស្ថាន។ ការអនុវត្តគម្រោងតាមវិធីសាស្រ្តនេះនឹងជួយដល់កសិករក្នុងការផ្គត់ផ្គង់ស្រូវទៅគ្រួសារជាច្រើននៅទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ផុន អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ ដោយលោកមានប្រសាសន៍ថា៖ «អង្ករគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនយើង។ កសិកររបស់យើងធ្វើការដោយមិននឿយហត់ដើម្បីទ្រទ្រង់វិស័យដ៏សំខាន់មួយនេះ ហើយភាពជាដៃគូរវាង ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា និង CIRD មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រជាកសិកររបស់យើងនូវជំនាញ និងធនធានចាំបាច់ក្នុងវិស័យកសិកម្ម។ តាមរយៈការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ កសិករអាចបង្កើនផលិតភាពរបស់គាត់ ខណៈពេលដែលធានាបាននូវសន្តិសុខស្បៀងអាហាររយៈពេលវែង និងស្ថិរភាពសេដ្ឋកិច្ចសម្រាប់សហគមន៍​។

អង្គការ CIRD ដែលជាដៃគូសំខាន់ក្នុងគំនិតផ្តួចផ្តើមនេះមានជំនាញយ៉ាងទូលំទូលាយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់កម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលក្រោមការស្រាវជ្រាវយ៉ាងជាក់លាក់។ នៅក្នុងគម្រោងនេះ CIRD នឹងដឹកនាំការអនុវត្តវគ្គបណ្តុះបណ្តាលដោយផ្ទាល់ទៅកាន់ប្រជាកសិករនូវការណែនាំជាក់ស្តែង និងអនុវត្តផ្ទាល់តាមតម្រូវការរបស់គាត់។

លោក រ៉ា រតនា ប្រធានកម្មវិធី CIRD បានមានប្រសាសន៍ថា៖ «ដោយមានការគាំទ្រពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងនឹងបន្តគាំទ្រកសិករកម្ពុជាប្រមាណ ៥០០ នាក់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដើម្បីបង្កើនផលិតភាព និងទិន្នផលដំណាំស្រូវ​របស់គាត់។ ឥឡូវនេះ កសិករអាចធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដែលអាចលើកកម្ពស់ជីវភាពរស់នៅ លើកកម្ពស់គុណភាពដំណាំ និងបន្តការពារបរិស្ថានរបស់យើង។ កម្មវិធីបណ្តុះបណ្តាលរបស់យើងផ្តោតសំខាន់លើការលើកកម្ពស់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុកក្នុងរយៈពេលវែងផងដែរ»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តចំពោះមហិច្ឆតារយៈពេលវែងរបស់ខ្លួនចំពោះការ «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗគ្នា រួមទាំងការគាំទ្រផលិតផលក្នុងស្រុក និងកសិករតាមរយៈគម្រោងនិរន្តរភាព។ ជាក់ស្តែង កម្មវិធីមួយនេះបានបញ្ជាក់ពីការរពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ប្រភពធនធានក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងទិដ្ឋភាពកសិកម្មរបស់កម្ពុជា។

លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសហគមន៍កសិកម្មក្នុងស្រុក៖ «ក្រុមហ៊ុន ហ៊ិននីគែន បានចំណាយប្រមាណ​ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនក្នុងទំហំទឹកប្រាក់ ១៤២ លានដុល្លារអាមេរិកទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣ ។ ទំហំទឹកប្រាក់នេះត្រូវបានចំណាយលើផលិតផលក្នុងស្រុកដែលយើងត្រូវការចាំបាច់សម្រាប់ផលិតស្រាបៀរ។ តាមរយៈការវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាព យើងមានគោលបំណងគាំទ្រកសិករកម្ពុជាក្នុងការកសាងអនាគតប្រកបដោយភាពធន់ និងវិបុលភាព។ យើងក៏សង្ឃឹមថានឹងរួមចំណែកដល់ការទទួលស្គាល់ជាបន្តនូវគុណភាពខ្ពស់នៃអង្ករកម្ពុជា ដែលជាប្រភពនៃមោទនភាពដ៏ធំធេងក្នុងស្រុក និងជាសក្ខីភាពនៃឧត្តមភាពកសិកម្មរបស់ប្រទេសជាតិដែលមានវត្តមាននៅលើឆាកអន្តរជាតិ»។

គម្រោង​នេះ​បាន​ទទួល​ការ​ចូល​រួម​​សាទរ​ពី​កសិករ​​ដែល​បានធ្វើការអនុវត្ត​វិធីសាស្រ្តធ្វើកសិកម្មប្រកប​ដោយ​និរន្តរភាព។ អ្នកស្រី លី ធឿត ស្ថិតក្នុងចំណោមកសិករដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ហើយបានមើលឃើញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ទាំងទិន្នផល និងជីវភាពរស់នៅដោយសារចំណេះដឹងដែលទទួលបានពីគម្រោងនេះ។

អ្នកស្រី លី ធឿត បានចែករំលែកបទពិសោធន៍ថា៖ «វគ្គបណ្តុះបណ្តាលនេះមានអត្ថប្រយោជន៍សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ជាមួយនឹងបច្ចេកទេសថ្មីដែលយើងបានសិក្សា យើងមិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែចេះមើលថែទាំដីសម្រាប់ដំណាំស្រូវ និងធនធានរបស់យើងឱ្យកាន់តែប្រសើរឡើងផងដែរ។ ចំណេះដឹងទាំងនេះបានជំរុញឱ្យយើងបានយល់ដឹងកាន់តែច្បាស់អំពីការកសាងអនាគតប្រកបដោយនិរន្តរភាព ដើម្បីគ្រួសារ និងសហគមន៍របស់យើង»។​

នៅពេលដែលវិស័យកសិកម្មរបស់កម្ពុជាមានការវិវឌ្ឍ ការវិនិយោគលើការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពកាន់តែមានសារៈសំខាន់។ អង្ករកម្ពុជាគឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងស្រាបៀរ Anchor និង Tiger ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ ហ៊ិននីគែន​ ខេមបូឌា ក្នុងការគាំទ្រធនធានក្នុងស្រុក ខណៈពេលដែលជំរុញវិស័យកសិកម្មកាន់តែជឿនលឿន និងមាននិរន្តរភាព។ តាមរយៈគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​ និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំងសង្គម និង​ការ​ពិសាប្រកប​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​heinekencambodia.com

អំពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD)
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) គឺជាអង្គការវិជ្ជាជីវៈក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមអ្នកឯកទេសអភិវឌ្ឍន៍​ជនបទមានជំនាញផ្នែកកសិកម្មដែលមានបេសកកម្មប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទក្នុងប្រទេសកម្ពុជាតាមរយៈការកសាងសមត្ថភាព សេវាកម្ម និងការគ្រប់គ្រងអង្គការដែលគាំទ្រដល់ការធ្វើឱ្យជីវភាពនៅតាមជនបទប្រសើរឡើងពីកសិកម្មបែបគ្រួសាេទៅជាកសិកម្មបែបពាណិជ្ជកម្ម និងប្រព័ន្ធកសិកម្មបែបសហគ្រាសដែលស្របជាមួយជីវចម្រុះ និងការអភិរក្សបរិស្ថាន។ CIRD ធ្វើការដោយផ្ទាល់ជាមួយអង្គការកសិករ (FO) និងសហគមន៍មូលដ្ឋានដើម្បីផ្តល់ជាការគ្រប់គ្រង និងបច្ចេកទេស។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រីម្នាក់ជាប្រពន្ធកងទ័ព ពីកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យខេត្ត និងឧបត្ថម្ភ២ពាន់ដុល្លារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន...

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន...

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ...