Uncategorized

កម្ពុជាគាំទ្រ ការធ្វើកំណែទម្រង់ អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន

ភ្នំពេញ៖ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថា ម្ពុជាគាំទ្រនូវការធ្វើកំណែទម្រង់អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន ក៏ប៉ុន្តែការធ្វើកំណែទម្រង់នេះ ត្រូវផ្តោតនិងគិតគូរជាសំខាន់ផងដែរ ចំពោះរាល់បញ្ហាជាការព្រួយបារម្ភរបស់គ្រប់សមាជិក ជាពិសេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (LDCs)។

ក្នុងកិច្ចប្រជុំជួបពិភាក្សាការងារលើគោលនយោបាយ ពាណិជ្ជកម្មសហភាពអឺរ៉ុប ក្នុងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងទិសដៅអាទិភាពសម្រាប់កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ នៃអង្គការ WTO (MC12)​​ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ជាមួយគណៈប្រតិភូជាន់ខ្ពស់ សហភាពអឺរ៉ុប (EU) ដឹកនាំដោយលោក Ignacio Garcia Bercero មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនៃគណៈកម្មការសហភាពអឺរ៉ុប រួមជាមួយលោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចសហភាពអឺរ៉ុប នៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសថៃ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់ដែលជាតំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន បានជម្រាបជូនអំពីគោលជំហរកម្ពុជាក្នុងការគាំទ្រការស្តារទ្បើងវិញនូវដំណើរការពេញលេញរបស់ប្រព័ន្ធដោះស្រាយវិវាទអង្គការ WTO ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការប្រើប្រាស់យន្តការឯកតោភាគី និងគោលនយោបាយគាំពារនិយម។

លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថា “ម្ពុជាគាំទ្រនូវការធ្វើកំណែទម្រង់អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន ក៏ប៉ុន្តែការធ្វើកំណែទម្រង់នេះ ត្រូវផ្តោតនិងគិតគូរជាសំខាន់ផងដែរ ចំពោះរាល់បញ្ហាជាការព្រួយបារម្ភរបស់គ្រប់សមាជិក ជាពិសេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (LDCs)”។

ជាការឆ្លើយតបលើបញ្ហាវិបត្តិជំងឺឆ្លងរាតត្បាតជាសកល លោកសុខ សុភ័ក្ត្រ បានបញ្ជាក់ អំពីសារៈសំខាន់នៃការបន្តផ្តល់នូវភាពបត់បែន (Flexibilites) និងប្រព្រឹត្តិកម្មពិសេសនិងដាច់ដោយឡែក (Special and Differential Treatment – SDT) ផ្សេងទៀត ដល់ប្រទេស LDCs រួមទាំង    កម្ពុជាផងដែរ ក្នុងពាណិជ្ជកម្មអន្តរជាតិ។ លោកក៏បានជម្រាបជូននូវផែនការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១-២០២៣ សំដៅរក្សានិងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធានារក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

អង្គប្រជុំបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃពាណិជ្ជកម្មអន្តរជាតិក្រោមក្របខ័ណ្ឌអង្គការ WTO គោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ក្នុងការធ្វើកំណែទម្រង់អង្គការ WTO និងទិសដៅអាទិភាព មួយចំនួនសម្រាប់កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ នៃអង្គការ WTO (MC12) ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១ ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងនោះ លោក Ignacio Garcia Bercero មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនៃគណៈកម្មការ EU និងលោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច EU បានជម្រាបជូនអង្គប្រជុំ អំពីទិសដៅអាទិភាពនៃគោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាប់គាំងប្រព័ន្ធដោះស្រាយវិវាទនៃអង្គការ WTO ការកំណត់និងសម្រេចបាននូវសមិទ្ធផលវិជ្ជមានពីកិច្ចប្រជុំ MC12 រួមមានជាអាទិ៍ ការបញ្ចប់ការចរចាកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies) និងការជំរុញការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក (E-Commerce) ជាដើម និងការធ្វើកំណែទម្រង់អង្គការ WTO ឱ្យឆ្លើយតបទៅនឹងបរិការណ៍នៃវិបត្តិជំងឺឆ្លងសកល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies)លោកសុខ សុភ័ក្ត្រ បានជម្រាបជូន អំពីគោលជំហររបស់កម្ពុជាក្នុងគាំទ្របញ្ចប់ការចរចាលើការឧបត្ថម្ភធនវិស័យជលផលឱ្យបានចប់មុន កិច្ចប្រជុំ MC12 ក៏ប៉ុន្តែស្នើសុំឱ្យសមាជិកទាំងអស់ ពិចារណាផ្ដល់ភាពបត់បែនពេញលេញដល់ប្រទេស LDCs ជាពិសេសការឧបត្ថម្ភធនវិស័យជលផលសម្រាប់ការនេសាទខ្នាតតូច ខ្សត់ឧបករណ៍ និងការនេសាទសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ។ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចា E-Commerce ក្រោមក្របខ័ណ្ឌអង្គការ WTO ផងដែរ ហើយបានកត់សម្គាល់ពីការចូលរួមរបស់កម្ពុជា ក្នុងនាមជាអ្នកអង្កេតការណ៍ក្នុងកិច្ចចរចានេះ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងអភិវឌ្ឍច្បាប់ បទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តក្នុងការលើកកម្ពស់វិស័យ E-Commerce នៅកម្ពុជា ផងដែរ។

ភាគី EU បានថ្លែងអំណរគុណគណៈប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ និងបង្ហាញគោលជំហរបន្តគាំទ្រដល់កម្ពុជាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសក្នុងបរិការណ៍នៃជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ និងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច សង្គម និងការបន្តពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធនាពេលខាងមុខ៕

To Top