កម្ពុជា-អង់គ្លេស ប្តេជ្ញា ជំរុញការអភិវឌ្ឍវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន

Date:

ភ្នំពញ៖ ភាគីទាំងពីរកម្ពុជា-អង់គ្លេស បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន។យោងតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំអាស៊ាន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី ក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងសហប្រតិបត្តិការក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរាជទូត និងសហការី ក្នុងឱកាសដែលឯកឧត្តមនិងសហការី អញ្ជើញធ្វើទស្សនកិច្ចមកកាន់កម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី-តំបន់ ជាពិសេសផ្តោតលើការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ចំពោះការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ និងឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចទាំងអស់។

លោករដ្ឋមន្ត្រី បង្ហាញជំនឿយ៉ាងមុតមាំថា ការឈានទៅរកប្រក្រតីភាពថ្មី គួបផ្សំជាមួយនឹងសមិទ្ធផលចម្បងៗក្នុងវិស័យពាណិជ្ជកម្មដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រេចបានថ្មីៗនេះ នឹងក្លាយជាកាតាលីករថ្មី ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រេចបាននូវកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរនាពេលអនាគត។

ពាក់ព័ន្ធនឹងភាពជាប្រធានអាស៊ានរបស់កម្ពុជាវិញ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាបានដាក់ចេញ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះការគាំទ្រពីចក្រភពអង់គ្លេសដែលជាប្រទេសដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ដើម្បីអាចចូលរួមជាមួយកម្ពុជា ក្នុងការអនុវត្តសមិទ្ធិផលអាទិភាពសេដ្ឋកិច្ចទាំងអស់ឱ្យបានជោគជ័យជាផ្លែផ្កា ជាពិសេសក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពភាពរវាងអាស៊ាននិងដៃគូសន្ទនា នានារួមមានចក្រភពអង់គ្លេស លើវិស័យកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើពាណិជ្ជកម្មឌីជីថល ការជំរុញសហគ្រិនភាពជាស្ត្រី ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញលើការធ្វើកសិកម្មប្រកបដោយចីរភាព ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យសេវាកម្មពាក់ព័ន្ធដទៃទៀត ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណនិងកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្ដី ចំពោះវឌ្ឍនភាពរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេស ក្នុងការសហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និងកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ៕

Share post:

spot_imgspot_img

Popular

More like this
Related

ត្រៀមខ្លួនកម្សាន្តឥតឈប់ឈរជាមួយនឹង V60 Lite ថ្មីពី vivo

កម្ពុជា, ខែវិច្ឆិកា ឆ្នាំ២០២៥ — vivo បាននាំមកនូវ V60 Lite ដែលឥឡូវនេះបានបើកឱ្យបញ្ជាទិញជាមុន។...

Vietjet ផ្តល់ជូនប្រូម៉ូសិនពិសេស 11.11 រយៈពេលមួយថ្ងៃសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា៖បញ្ចុះតម្លៃសំបុត្ររហូតដល់ 100%

ភ្នំពេញ៖​ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍Vietjet កំពុងចាប់ផ្តើមអបអររដូវកាលបុណ្យទានយ៉ាងសប្បាយរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនពិសេសដ៏អស្ចារ្យ 11.11។...

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

កម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញ Taobao ស្ថិតក្រោមក្រុមហ៊ុន Alibaba Group បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។...

ក្រុមហ៊ុន Vietjet សម្រេចបាន 97% នៃផែនការអាជីវកម្មប្រចាំឆ្នាំ ជាមួយនឹងកំណើនដ៏រឹងមាំសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៥

ភ្នំពេញ៖​ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥- ក្រុមហ៊ុន Vietjet បានរាយការណ៍ពីកំណើនអាជីវកម្មដ៏រឹងមាំសម្រាប់ត្រីមាសទី...