event

កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចបាន ៤៥ភាគរយ នៅលើផ្ទៃដីទំហំ៤ហិកតា

ភ្នំពេញ៖ការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត បច្ចុប្បន្នបានសម្រេច ៤៥ភាគរយហើយ ខណៈគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១នេះ នៅលើផ្ទៃដីទំហំ ៤ ហិកតា ជម្រៅ ៤,៥ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាពនិងវឌ្ឍនភាពនៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ដល់ភាគីសាងសង់ផ្លូវនេះ សំដៅឱ្យការសាងសង់ផ្លូវកាន់តែមានគុណភាពថែមទៀត។

លោកបន្តថា ជារួមការសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន៩០% គិតត្រឹមខែមករា ឆ្នាំ២០២១នេះ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខាងមុខ (មុនកាលកំណត់រយៈពេលមួយឆ្នាំ) ដោយសារមានកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន។

លោកសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវជាតិលេខ៣ គឺត្រូវតែអនុវត្តតាមស្តង់ដាបច្ចេកទេសសាងសង់ គុណភាពសំណង់ និងស្តង់ដាសុវត្ថិភាព ដោយបំពាក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn) និងស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេសជាដើម ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

លោកបានបញ្ជាក់ថា ក្រសួងគ្រោងបំពាក់ជញ្ជីងលើជញ្ជីងដែលមានស្រាប់ ដើម្បីឱ្យមានស្ថានីយជញ្ជីងនៅសងខាងផ្លូវទាំងពីរ សំដៅសម្រួលដល់ការធ្វើចរាចរណ៍ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃច្បាប់។

គួររំលឹកថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក) និងដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩.៩១១.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕

Most Popular

To Top