event

ធនាគារ​ កាណាឌីយ៉ា សហការ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ពង្រីក​សេវាកម្ម​ដក​ប្រាក់ កាន់តែទូលំទូលាយ

ភ្នំពេញ ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា កំពុង​សហការ​គ្នា​​ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា  ដើម្បី​ផ្តល់​សេវា​ដក​ប្រាក់​​​ សម្រាប់​អតិថិជន​នៅ​ទូទាំង​ប្រទេស។

កិច្ចសហការ​ថ្មី​នេះធ្វើឡើងក្នុង​គោល​បំណង​​ធ្វើ​ឱ្យការ​ដក​​​ប្រាក់​​​​ ​​​​កាន់​​តែ​​ងាយ​ស្រួល​សម្រាប់​​អតិថិជន​របស់​ធនាគារ​ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជន​របស់​ធនាគារ​ កាណាឌីយ៉ា​ ​អាច​ផ្ទេរ​ប្រាក់ដោយ​ផ្ទាល់​​ពី​កម្មវិធី​ធនាគារ​ចល័ត​​​របស់ខ្លួន​ទៅ​កាន់​បង​ប្អូន​ក្រុម​គ្រួសារ​​ និងមិត្តភក្តិ ​​ក្រោយ​មក​ ពួកគេ​អាច​ដក​សាច់​ប្រាក់​តាមភ្នាក់ងារ​ទ្រូម៉ាន់នីនៅទូទាំង​ប្រទេស។ ដើម្បី​ដកប្រាក់​នៅតាម​​ភ្នាក់ងារ​ទ្រូម៉ាន់នី អតិថិជន​​ត្រូវ​ប្រើប្រាស់​លេខ​កូដដកប្រាក់ (Cash Pickup Code)។

កិច្ចព្រមព្រៀង​ចុង​ក្រោយ​បំផុត​​រវាង​ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ចូល​ជាធរ​មាន​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២២​ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់គ្នា​រវាង​ភាគី​ទាំងពីរ​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ កាណាឌីយ៉ា។

លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​​ធនាគារ កាណាឌីយ៉ា មាន​ប្រសាសន៍​ថា៖ «វាជា​កិត្តិយស​ដ៏​ធំមួយ​​ដែលយើង​អាច​​​ពង្រីក​​វិសាល​ភាព និង​សេវាកម្ម​របស់​យើង​ជា​មួយ​​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ល្បី​ឈ្មោះ​ដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀង​នេះនឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អតិថិជន​របស់​ធនាគារ កាណាឌីយ៉ា និង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ និង​ពង្រឹងសេវាកម្មហិរញ្ញវត្ថុ​​ឲ្យកាន់តែប្រសើរ​»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «យើង​តែងតែ​ស្វែង​រក​មធ្យោបាយ​នានា ដើម្បី​បង្កើត​ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​​ជា​មួយ​ធនាគារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ឈាន​មុខគេ​បែប​នេះ ដើម្បី​ផ្តល់​សេវាកម្ម​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​ ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀង​នេះ​​ជា​ឧទាហរណ៍​មួយ​​​ទៀត​​ដែល​បង្ហាញ​ពី​របៀប​ដែល​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​ក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត»។

សេវាកម្ម​ថ្មី​នេះ នឹងត្រូវបានដាក់ឲ្យប្រើ​ប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ ភាព​ជា​ដៃគូ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើការ​ទូទាត់​យ៉ាងលឿន និងរហ័ស ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បាគង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

លើស​ពីនេះ​​ទៀត ភា្នក់ងារ​ទ្រូម៉ាន់នី ដែលជា​អតិថិជនរបស់ធនាគារ ​កាណាឌីយ៉ា ឬចង់ក្លាយជាអតិថិជនថ្មីរបស់ធនាគារ កាណាឌីយ៉ា អាច​ទទួលបាន​អត្ថ​ប្រយោជន៍​ពី​សេវា​គ្រប់គ្រង​សាច់ប្រាក់ (ដាក់ប្រាក់ ឬដកប្រាក់)។ ពួកគេ​អាច​ដាក់ប្រាក់ ឬដកប្រាក់ និងគ្រប់គ្រង​លំហូរ​សាច់ប្រាក់​យ៉ាង​ងាយស្រួល​ផងដែរ៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

អំពី​ធនាគារ កាណាឌីយ៉ា ភីអិលស៊ី

ធនាគារ កាណាឌីយ៉ា គឺ​ជា​ធនាគារ​ពាណិជ្ជ​ក្នុងស្រុក ដែល​ផ្តល់​​សេវាកម្ម​ពេញ​លេញ​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​​ចាប់តាំងពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩១មក។ ធនាគារ ​កាណាឌីយ៉ា ​​ត្រូវ​​បាន​​ទទួល​​ស្គាល់​ដោយ និង​ទទួល​បាន​ពាន​រង្វាន់​ពី The Asian Banker ថា​ជា «ធនាគារ​ខ្លាំង​បំផុត​ក្នុង​​ប្រភេទតារាង​តុល្យការ​ក្នុងប្រទេសកម្ពុជា» រយៈពេល ៣ ឆ្នាំ​ជាប់ៗគ្នាចុងក្រោយ​នេះ និងជា «ធនាគារ​ល្អ​បំផុត​ក្នុ​ងប្រទេស​កម្ពុជា» ក្នុង​ឆ្នាំ២០២១។ គិត​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២២ ធនាគារ​ កាណាឌីយ៉ា មាន​សាខា​ចំនួន៦៣ ម៉ាស៊ីនអេធីអឹម​និងស៊ីអអឹម​ចំនួន ៣៧២​គ្រឿង​​នៅ​ទូទាំង​ប្រទេស និង​កម្មវិធីធនាគារ​ចល័ត​ដ៏​ទំនើប​ដែល​​អតិថិជន​​មួយ​​ចំនួ​​នធំ​កំពុងប្រើប្រាស់។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើង៖ https://www.canadiabank.com.kh/ ឬទំព័រ​ហ្វេសប៊ុក៖ https://web.facebook.com/CanadiaBankCambodia

To Top