Home Blog Page 137

កម្ពុជាផ្សព្វផ្សាយ សក្តានុពលគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍ អន្តរជាតិក្នុងស្រុកនានា ដែលគ្រោងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន

ខេត្តសាន់ស៊ី, ចិន)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាន់ស៊ី បានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិវិថីសូត្រស៊ីអានលើកទី ៤ ឆ្នាំ២០២១ (XSRITE 2021) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៨ ខែកក្កដា ឆ្នាំ ២០២១ នៅស៊ីអានខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ 

តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ ឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា ព្រឹត្តិការណ៍ XSRITE 2021 មានការចូលរួមពីអ្នកទិញ អ្នកលក់ជាតិ-អន្តរជាតិជាច្រើន រួមមាន ស្តង់ពិព័រណ៍ចំនួន ៥០០ ស្តង់ អ្នកលក់ក្នុងស្រុកចំនួន ៣០០ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៣០ ។  ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរជាង ២ ម៉ឺននាក់។ 

ក្នុងនោះ ស្តង់របស់ប្រទេសកម្ពុជាមានទំហំ ៥៤ ម៉ែត្រការ៉េសម្រាប់ផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ តាមការពិនិត្យក្នុងសន្ទុះនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ១០លាននាក់ ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ដែលគ្រោងនឹងបញ្ចប់នាពេលប៉ុន្មានខែចុងឆ្នាំ២០២១ ខាងមុខនេះ។ 

ប្រភពបន្តថា ថ្មីៗនេះដោយមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍នឹងរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ លើប្រធានបទ “អាស៊ាន – សហគមន៍សន្តិភាព និងវាសនារួមគ្នា” ដែលមានគោលបំណងដើម្បីស្តារ និងបើកឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ព្រមទាំងបានប្រកាសអំពីការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ដល់ ១៧ ឧសភា និងថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ នៅកម្ពុជា ប្រធានបទ “កីឡារស់ក្រោមសន្តិភាព”។

ប្រភពបន្ថែមថា នៅថ្ងៃទី ១ នៃព្រឹត្តិការណ៍ពិព័រណ៍នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាន់ស៊ីបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ក្រសួងទេសចរណ៍កម្ពុជា ហើយបន្តទស្សនាការសម្តែងសិល្បៈនានាផងដែរ៕ 

ក្រុមហ៊ុន ទ្រូម៉ាន់នី ពង្រីកសេវា ទូទាត់អគ្គិសនី ដោយមិនគិតថ្លៃសេវា ដល់៧ ខេត្ត/រាជធានី

0

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយ នៅកម្ពុជា កំពុងពង្រីកការផ្តល់ជូនសេវា បង់ថ្លៃអគ្គិសនី ដោយមិនគិតថ្លៃសេវារបស់ខ្លួន រហូតដល់ ៧ខេត្ត/រាជធានី ដើម្បីឱ្យអតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការទូទាត់ថ្លៃអគ្គិសនី។

អ្នកប្រើប្រាស់សេវា របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តកណ្តាល អាចធ្វើការទូទាត់ថ្លៃអគ្គិសនី ជូនអគ្គិសនីកម្ពុជា (EDC) ដោយមិនគិតថ្លៃសេវា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។

ការផ្តល់ជូនសេវា ទូទាត់ថ្លៃអគ្គិសនី “ដោយមិនគិតថ្លៃសេវា” នេះ មានសុពលភាពសម្រាប់ អ្នកដែលទូទាត់ថ្លៃអគ្គិសនីជូន EDC តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តែប៉ុណ្ណោះ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកា ផ្នែកយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ដោយសារការរាតត្បាត ជំងឺកូវីដ-១៩ អ្នកខ្លះបានជួបបញ្ហាប្រឈម ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការផ្តល់ជូនសេវា បែបនេះ យើងសង្ឃឹមថានឹងធ្វើឱ្យជីវិតប្រចាំថ្ងៃ របស់អតិថិជនយើង មានភាពកាន់តែងាយស្រួលខ្លាំង និងចំណាយកាន់តែតិចផងដែរ ដោយសារការលើកលែងថ្លៃសេវា លើការទូទាត់ថ្លៃអគ្គិសនី”។

អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានទទួលបានការ លើកលែងថ្លៃសេវានេះ រួចហើយសម្រាប់ការទូទាត់ ថ្លៃអគ្គិសនីជូន EDC កាលពីឆ្នាំមុននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ បានដាក់បញ្ចូលខេត្តចំនួន៥ បន្ថែមទៀត ទៅក្នុងការផ្តល់ជូនការលើកលែង សេវាថ្លៃទូទាត់អគ្គិសនីនេះ។

លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាផ្នែកដ៏សំខាន់មួយរួចហើយ នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ តាមរយៈការផ្តល់ជូន ការទូទាត់នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងពង្រីកសេវារបស់ខ្លួន ដល់អតិថិជនកាន់តែច្រើន ថែមទៀតនៅទូទាំងប្រទេសកម្ពុជា”។

ចាប់តាំងពីចាប់ផ្តើម ប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុត នៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញ ភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជាដែលមិនទាន់មាន សេវាធនាគារ។ ពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើន ប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ៕

កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពី “និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ ខណៈសេចក្តីថ្លែងការណ៍រនេះ ស្របនឹងផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឆ្នាំ ២០៣០

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ជំហរភាគីកម្ពុជា សូមគាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុង ព្រោះសេចក្តីថ្លែងការណ៍រួម ស្តីពី “និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារនេះ ស្របទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឆ្នាំ ២០៣០។

ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយលោក Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន និងដោយមានការអញ្ជើញចូលរួមផងដែរពីរដ្ឋមន្រ្តីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតមាន ៖ ប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និងវៀតណាម ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ (Sustainable Agriculture Productions and Food System)” លោក​ វេង សាខុន បានថ្លែងអំណរគុណដល់ លោក​ Nogami Kotaro ដែលជាអ្នកផ្តួចផ្តើមរៀបចំសេចក្តីថ្លែងការណ៍រួមនេះឡើង។ សម្រាប់ជំហររបស់ភាគីកម្ពុជា។ 

ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ Nogami Kotaro    មានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសលើសកលលោក និងពិសេសជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារដែលយើងកំពុងប្រឈម។

លោក បានបញ្ជាក់ជូនកិច្ចប្រជុំយ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍រួមនេះមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍  ឲ្យប្រទេសទាំងអស់ក្នុងសកលលោកងាកមកយកចិត្តទុកដាក់មកលើប្រទេសកសិកម្ម ជាពិសេសប្រទេសក្នុងតំបន់ខ្យល់មូសុងព្រោះថាការប្រែប្រួលអាកាសធាតុ គឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសសមាជិកអាស៊ាន។

លោកថា ហេតុដូច្នេះ សេចក្តីថ្លែងការណ៍រួមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មជាមួយប្រទេសសមាជិក ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងការជួយដល់ប្រទេសដែលពឹងផ្អែកលើផលិតកម្មកសិកម្មជាចំបង ទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកទេសកសិកម្មទំនើប។ 

លោកវេង សាខុន បានបញ្ជាក់ថា​ “ក​ម្ពុជាសូមគាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុង ព្រោះសេចក្តីថ្លែងការណ៍រួមនេះស្របទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឆ្នាំ ២០៣០ ដែលបានដាក់ចេញនូវគោលនយោបាយ ៖ ១- ជំរុញផលិតកម្មកសិកម្ម ២- បង្កើនប្រសិទ្ធភាព និងមានភាពប្រកួត ប្រជែង ៣- ការបង្កើនផលិតកម្មកសិកម្មដោយគិតគូរដល់និរន្តរភាពបរិស្ថាន។ ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មដែលបានអញ្ជើញចូលរួម     ក្នុងកិច្ចប្រជុំនេះក៏បានសម្តែងនូវឆន្ទ:គាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះផងដែរ”។ 

បន្ថែមលើនេះលោក Nogami Kotaro ក៏បានបញ្ជាក់ផងដែរថា លោកនឹងថ្លែងសេចក្តីថ្លែងការណ៍រួមស្តីពី “និរន្តរភាពផលិតកសិកម្ម និងប្រព័ន្ធស្បៀងអាហារ” នេះនៅក្នុងកិច្ចប្រជុំត្រៀមមហាសន្និបាតកំពូលពិភពលោក (Pre-Summit on Food System) នៅក្នុងខែកញ្ញា ២០២១ នៅទីក្រុងរ៉ូម ប្រទេសអុីតាលី៕

គណកម្មការសុវត្ថិភាព ផលិតផលអាមេរិក ប្តឹង Amazon ពាក់ព័ន្ធនឹងការលក់ទំនិញ មានផលគ្រោះថ្នាក់

0

បរទេស៖នៅសប្តាហ៍នេះគណកម្មការទទួលបន្ទុក​ កិច្ចការងារសុវត្ថិភាពចំពោះអតិថិជន របស់អាមេរិកបានធ្វើការ ដាក់ពាក្យបណ្តឹងទៅលើ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ថាបានបន្តលក់ផលិតផល ដែលអាចផ្តល់ផលគ្រោះថ្នាក់ នៅលើវេបសាយរបស់ខ្លួន។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមផលិតផលទាំងនោះ ក៏មានទាំងឧបករណ៍ត្រួតពិនិត្យ សារធាតុកាបូនម៉ូណូអុកស៊ីត ដែលមិនដំណើរការ ផងព្រមទាំងខោអាវក្មេងៗជាច្រើនដែលអាចឆាបឆេះ និងជាពិសេសឧបករណ៍ផ្លុំសក់ ដល់ទៅជាង ៤០ម៉ឺនគ្រឿង ​​ដែលអាចបង្កទៅជាការឆក់ ដល់អ្នកប្រើប្រាស់ផងដែរ។

គណកម្មការដដែល បានបញ្ជាក់ដែរថា ពួកគេក៏ធ្លាប់បានបង្ខំឲ្យ Amazon ក្នុងការបញ្ចប់លក់ទំនិញនោះជាច្រើនដង មកហើយនិងស្នើឲ្យក្រុមហ៊ុន ធ្វើការប្រមូលយកទំនិញដែល បានលក់ចេញមកវិញផងដែរ ជាមួយនឹងប្រាក់សំណងពេញលេង ១០០ភាគរយ ប៉ុន្តែមិនបានទទួលលទ្ធផល៕

ប្រែសម្រួល៖ស៊ុនលី

Ford ប្រកាសហៅរថយន្ត ជិត៨០ម៉ឺនគ្រឿង មកវិញក្រោយហេតុការណ៍ បញ្ហាចង្កូត

បរទេស៖ កាលពីថ្ងៃសុក្រសម្សិលមិញនេះ ក្រុមហ៊ុនផលិត រថយន្តអាមេរិក Ford Motor បានប្រកាសក្នុងការហៅត្រឡប់មកវិញ នូវរថយន្ត ប្រភេទ Explorer SUV ប្រមាណជា៧៧៥ ០០០គ្រឿងក្រោយរកឃើញមានករណី របួសដល់ទៅ៦ដង ពាក់ព័ន្ធទៅនឹងបញ្ហាចង្កូត។

ការប្រកាសហៅនេះ ត្រូវបានក្រុមហ៊ុន បញ្ចាក់ទៀតថាធ្វើឡើង សម្រាប់ម៉ូដេលដែលផលិតឡើង ក្នុងចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ដែលសុទ្ធតែ រថយន្តអាចនឹងប្រឈមមុខ ទៅនឹងបញ្ហាចង្កូតខ្ពស់ ជាងម៉ូដេលផ្សេងទៀត។

ក្នុងនោះគេអាចដឹង ទៀតដែរថា រថយន្តប្រមាណជា៦៧៦ ១៥២គ្រឿង​ត្រូវបានហៅមកវិញ ចេញពីទីផ្សារ ក្នុងទ្វីបអាមេរិកខាងជើង ប្រមាណជា៥៩ ៩៣៥គ្រឿង ចេញពីទីផ្សារប្រទេសចិន និងប្រមាណជា៣៨ ៦០០គ្រឿង ចេញពីទីផ្សារប្រទេសផ្សេងៗទៀត លើលោក។

នៅក្នុងសេចក្តីប្រកាស ដដែល Ford ក៏បានប្រកាសហៅរថយន្តម៉ូដែល ឆ្នាំ២០២០-២០២១ប្រមាណជា៤១ ០០០គ្រឿងផងដែរនៃរថយន្ត Lincoln Aviator ដែល បំពាក់ជាមួយនឹងម៉ាស៊ីនដើរ ដោយហ្គាសទំហំ 3.0-liter ផងដែរដោយសារតែបញ្ហាថ្ម របស់រថយន្ត​ ដែលមិនសូវ មានសុវត្ថិភាព៕

ប្រែសម្រួល៖ស៊ុនលី

រសជាតិជីវិត ស្រស់បំព្រង និងប្រណិតភាព នៃការស់នៅ បែបស៊ីវិល័យ មាននៅបុរី សុវណ្ណភូមិ

0

ភ្នំពេញ៖ តើលោកអ្នកប្រាថ្នា ចង់បានរសជាតិជីវិត ដែលពោរពេញទៅដោយ ភាពស្រស់បំព្រង នៃរុក្ខជាតិបៃតង ជាមួយប្រណិតភាព នៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយ បរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និងសុខភាពល្អក្នុងគ្រួសារដែរឬទេ?

មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រម៉ៃទាំងអស់នេះ នឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ។

សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយ នៅលើផ្ទៃដីទំហំ ៣០ហិចតា ដែលមានទីតាំង ស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានខ្យល់អាកាស ធម្មជាតិពីទន្លេសាប និងទន្លេមេគង្គ តំបន់មានសក្តានុពលអភិវឌ្ឍន៏ ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្ម និងគម្រោងលំនៅដ្ឋានធំៗជាច្រើន ក្នុងជាយរាជធានីភ្នំពេញ។

គម្រោងបុរី សុវណ្ណភូមិ មានទីតាំងនៅភាគខាងជើង នៃរាជធានីភ្នំពេញ ហើយស្ថិតនៅក្បែរ ពហុកីឡដ្ឋាន មរតកតេជោ វិមាន ឈ្នះ! ឈ្នះ! ក្លឹបវាយកូនហ្គោល ហ្គាដិន ស៊ីធី និងសួនទឹក ហ្គាដិនស៊ីធី ស្ថិតក្នុងតំបន់ដែលមានការអភិវឌ្ឍ ទៅលើវិស័យអចលនទ្រព្យ ជាច្រើនគួបផ្សំមានបូកបញ្ចូល នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវ៉ាត់ក្រុង គម្រោងបុរី គម្រោង អភិវឌ្ឍន៍ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍដីឡូត៏ ជាច្រើនទៀត។

គម្រោងបុរី សុវណ្ណភូមិ ជាគម្រោងលំនៅឋាន សហគមន៍ធម្មជាតិ បែបបៃតងមួយ ហើយបានផ្តោតសំខាន់ លើប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវគេហដ្ឋាន យ៉ាងប្រណិត ដែលមានគុណភាព សំណង់រឹងមាំ និងរចនាម៉ូដផ្ទះយ៉ាងល្អ រួមទាំងមានបរិយាកាស ផាសុកភាព និងបរិស្ថានហើយទាំងអស់នេះ គឺជាការផ្សាភ្ជាប់ឆ្លើយតប នឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាជន។

សំណួរសួរថា តើហេតុអ្វីបានជាបុរី សុវណ្ណភូមិ គឺជាអចលនទ្រព្យ ដែលយើងទាំងអស់គ្នា គួរតែវិនិយោគ? និយាយឲ្យស្រួលស្តាប់ ហេតុអីបានជាយើងសម្រេចចិត្ត ទិញបុរីសុវណ្ណភូមិ? នោះគឺមកពីចំណុចពិសេសៗ ដូចខាងក្រោម៖

• ជាបុរីដែលសាងសង់ម៉ូដផ្ទះ បែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះ ដែលជាកន្លែងអាចអង្គុយលេង រឺរៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល)
• តម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស
• មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត
• ក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់លម្ហែកាយ
• ជុំវិញបុរី មានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែក ពីផ្លូវចរចរណ៍សរុមប្រវែង ១២៦០ម៉ែត្រ
• គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ
• លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល។

បុរីសុវណ្ណភូមិបានឈានមុខគេ នៅកម្ពុជាលើការប្រើប្រាស់ គោលគំនិតឌីហ្សាញបែបប៉ែកអ៉ឺរ៉ុប គឺ Minimalism ឬ «តិច គឺច្រើន» ដើម្បីសាងសង់នូវផ្ទះ វីឡាទោលជាច្រើនម៉ូដ ដែលមិនទាមទារផ្ទៃដី ធំទូលាយខ្លាំងឡើយ តែមើលទៅស្អាត ទាក់ភ្នែក ហើយមានសល់ដីជុំវិញផ្ទះ ដែលអាចធ្វើសួន ឬដាំដំណាំបានថែមទៀត។ ជម្រើសដ៏ល្អបំផុតសម្រាប់ អ្នកដែលមានចំណូលមធ្យម គឺអាចទិញផ្ទះមួយដ៏សមរម្យស្អាត តម្លៃធូរ ល្មមរស់នៅមួយស្រួល នៅបុរីសុណ្ណភូមិ ។

ទាំងទីតាំង ទាំងតម្លៃ ម៉ូតផ្ទះ គុណភាព ឃើញហើយធានាពេញចិត្តស្ដូក ពិសេសបំផុតគឺតម្លៃដែលអាចល្មមរត់ទៅរួច មិនរងសម្ពាធលើការបង់រំលស់ ឬទិញផ្ដាច់នោះទេ។ ព្រមទាំងមាន ធនាគារ CIMB Plc ជាដៃគូ ដែរផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់ រយៈពេល ២៥ឆ្នាំថែមទៀតផង ម្ចាស់គម្រោងបុរីសុវណ្ណភូមិ បានឲ្យដឹងថា «ក្រោយមានការផ្ទុះឡើង នៃមេរោគកូវីដ ១៩ ខ្ញុំមើលឃើញកាន់តែច្បាស់​ នូវតម្រូវការបងប្អូនខ្មែរយើង ដែលចង់មានផ្ទះរស់នៅ ប្រកបដោយផាសុកភាព ដែលមិនត្រឹមតែជាជម្រកប៉ុណ្ណោះទេ តែជាផ្ទះដែលផ្តល់សុភមង្គល ដល់ក្រុមគ្រួសារ ជួយឲ្យសុខភាពអ្នករស់នៅរឹងមាំ ទាំងផ្លូវចិត្ត និងផ្លូវកាយ»។

លោកថា «ចក្ខុវិស័យរបស់ បុរីសុវណ្ណភូមិ គឺមិនមែនគ្រាន់តែសង់ផ្ទះ សម្រាប់លក់ប៉ុណ្ណោះទេ តែយើងចង់បង្កើតឲ្យមាន នូវសហគមន៍មួយ ដែលរស់នៅហ៊ុមព័ន្ធដោយធម្មជាតិ មានខ្យល់បរិសុទ្ធ តាមផ្ទះមានសួនផ្កា និងសួនបន្លែបៃតងខ្ចី ផ្ទៃដីប្រមាណ ៧ពាន់ម៉ែត្រការ៉េ នឹងត្រូវអភិវឌ្ឍឲ្យទៅជាសួនច្បារ សម្រាប់ដើរហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ មានផ្លូវសម្រាប់ដើរ ឬធាក់កង់ និងសម្រាកលំហែកាយដ៏ពេញលេញមួយ ដែលខ្ញុំជឿជាក់ថានេះ ជាអ្វីដែលបងប្អូនយើង តែងស្រមៃចង់បាន» ។

សូមទស្សនាការលើកឡើង របស់ម្ចាស់គម្រោងពីវិដេអូខាងក្រោម៖

ការផ្លាស់ប្តូរថ្មីនៃរបត់រស់នៅ គ្រួសារកាន់តែមានសុភមង្គល សូមជ្រើសរើសគម្រោងបុរី សុវណ្ណភូមិនៅថ្ងៃនេះ ដើម្បីអនាគតនៃសុភមង្គល និងភាពមនោរម្យនៃការរស់នៅ របស់អស់លោកអ្នក។

ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅ មើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត ៖
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូល ជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi

ឆមាសទី១ អគ្គ​នាយកដ្ឋាន​គយ​ ប្រមូលចំណូល បានចំនួន៤,៦៩៥.៨ ប៊ីលានរៀល ថយចុះប្រមាណ៨.៩%

ភ្នំពេញ៖អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា (អគរ) បានឲ្យដឹងថា នៅឆមាសទី១ឆ្នាំ២០២១នេះ ចំណូលប្រមូលបានចំនួន ៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ  ថយចុះ ប្រមាណ ៨.៩%  ធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០។ លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន ៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០២១។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អគ្គ នាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា (អគរ) បានប្រារព្ធ កិច្ច ប្រជុំ បូកសរុប ការងារ គយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ ក្រោម អធិបតីភាព  លោកបណ្ឌិត  គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដោយ មាន ការ ចូលរួម ពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និង មន្ត្រីគយនិងរដ្ឋាករ មួយចំនួននៅទូទាំងប្រទេស។

អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា បើគិត តាម ប្រភេទពន្ធនិង អាករ ឃើញថា អាករលើ តម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ ប៊ីលានរៀល (ត្រូវជា ប្រមាណ ៣៧.៨%នៃចំណូលសរុប), អាករពិសេសមាន ១,៧៦៥.០២ ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករ បន្ថែម លើ ផលិតផល ប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករ នាំចេញនិង កម្រៃផ្សេងៗមាន ៩៤.១៣ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

ប្រភពបន្តថា បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២.៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៣១៦.៣ ប៊ីលានរៀល ត្រូវជា ២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,១០១.៩ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២.២ ប៊ីលានរៀល ស្មើនឹង ៦.២%នៃចំណូលសរុប ។

បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្ម អន្តរជាតិក្នុង ឆមាសទី១ ឆ្នាំ ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ មានដូចខាងក្រោម៖

  • ការនាំចេញផលិតផល កាត់ ដេរមានចំនួន ៤,៧២១.៤ លានដុល្លារអាមេរិក កើនឡើង ប្រមាណ ៤០.១ លានដុល្លារអាមេរិក ស្មើនឹង ០.៩%,
  • ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិច ត្រូនិក បង្គុំខ្សែភ្លើង គ្រឿង បន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗ ទៀត) មានចំនួន ១,៨៩៩.៧ លានដុល្លារអាមេរិក កើនឡើង ប្រមាណ ៦៣២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩.៩%។ កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា
  • ការនាំចេញកសិផលមានចំនួន ១,៥៨០.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧.៦ លានដុល្លារអាមេរិក ឬ ៦៤.១៣% ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានចំនួន ១.៦៩ លាន តោន មានតម្លៃ ៤២៥.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,០១៩.៧ ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណជា ២៨៥.១ លានដុល្លារអាមេរិក (២០៣.៥%), ការនាំចេញអង្ករសម្រេចបាន ២៩១.១ ពាន់តោន មានតម្លៃ ២០៤.២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨.១ ពាន់តោន (២១.២%) ឬប្រមាណ ៦០.៥ លានដុល្លារអាមេរិក (២២.៩%) , កៅស៊ូនាំចេញ មានចំនួន ១០២.៨ ពាន់តោន មានតម្លៃ ១៥៧.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥.៦ ពាន់តោន (៧៩.៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣.២%) និងកសិផលផ្សេងទៀតមានចំនួន ៣,៥៩២.៧ ពាន់តោន មានតម្លៃ ៧៩៣.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤១.៩ ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២.៨%)។

ទន្ទឹមនឹង ការងារប្រមូលចំណូលនេះ អគរ ក៏សម្រេច បានលទ្ធផលល្អលើការងារសំខាន់ៗមួយចំនួនទៀត ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដូចជា៖ (១).ការអនុវត្តនូវគោលនយោបាយ និងវិធានការ នានារបស់រាជរដ្ឋាភិបាលក្នុងការទ្រទ្រង់និងស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩, (២). ការ បង្ការ និង បង្ក្រាបអំពើរត់គេចពន្ធ និងពង្រឹងអនុលោមភាព, (៣).ការបន្តលើក កម្ពស់ កិច្ចសម្រួលពាណិជ្ជកម្មនិងកែលម្អបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការងារគយ, និង (៤).ការចូលរួមសកម្មភាពសង្គមនានា និង អនុវត្ត វិធានការ សុខាភិបាលដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាដើម ។

ជាទិសដៅបន្ត ដើម្បីធានា បាន នូវលទ្ធផលល្អប្រសើរ ក្នុងបរិបទ ដែលប្រទេសកម្ពុជា ក៏ដូចជា សាកល-លោកទាំងមូលកំពុងជួបប្រទះនឹង រោគរាតត្បាតកូវីដ-១៩ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានធ្វើការក្រើនរម្លឹកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមមាន៖ (១). ការពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវបន្តពង្រឹង ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ ជាពិសេសការអនុវត្តស្របតាមអភិក្រម ៥ ប្រការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់,  (២). ការលើកកម្ពស់អនុលោមភាព វិស័យឯកជន, (៣).ការពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើសាមញ្ញកម្ម នីតិវិធីគយ និងបន្តពង្រឹង កិច្ចសហការជាមួយវិស័យឯកជន,  (៤).ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើ រត់ពន្ធ, (៥).ការពង្រឹងប្រសិទ្ធភាពការងារចរន្តដែលត្រូវអនុវត្តប្រចាំថ្ងៃ, (៦). ការពង្រឹងការអនុវត្ត យុទ្ធសាស្រ្តបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និង (៧). ការបន្តចូលរួមអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិ បាល ។

លោករដ្ឋមន្រ្តីប្រតិភូ បានណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យ យកចិត្តទុកដាក់ខ្ពស់ ក្នុង ការពង្រឹងការកៀរគរចំណូលប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃ ឆ្លាត ព្រមទាំងប្រើប្រាស់ ឱ្យអស់សក្តានុ-ពល បញ្ញាស្មារតី ដើម្បី ប្រមូលចំណូលឲ្យបានគ្រប់និងលើសផែនការ ហើយទន្ទឹមនឹងនោះត្រូវរក្សាបាននូវនិរន្តរភាព ការងារ និង ប្រកាន់នូវវិធានការអនាម័យបទាំងក្នុងការងារនិងការរស់នៅ ដើម្បីធានាបានសុវត្ថិភាព ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំនិង៣ការពារ។ លោករដ្ឋមន្រ្តីប្រតិភូ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ អគរ ឱ្យបន្តចូលរួមក្នុង ការងារសង្គមក្នុងគ្រាដ៏លំបាកនេះ តាមរយៈការបន្តអនុវត្តយុទ្ធនាការមនុស្សធម៌ ចុះជួយសម្រួលការលំបាករបស់ជនងាយរង គ្រោះ ដូចជា កុមារកំព្រា និងក្រុមជនទីទាល់ក្រ ជាដើម ៕

កម្ពុជាគាំទ្រ ការធ្វើកំណែទម្រង់ អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន

ភ្នំពេញ៖ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថា ម្ពុជាគាំទ្រនូវការធ្វើកំណែទម្រង់អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន ក៏ប៉ុន្តែការធ្វើកំណែទម្រង់នេះ ត្រូវផ្តោតនិងគិតគូរជាសំខាន់ផងដែរ ចំពោះរាល់បញ្ហាជាការព្រួយបារម្ភរបស់គ្រប់សមាជិក ជាពិសេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (LDCs)។

ក្នុងកិច្ចប្រជុំជួបពិភាក្សាការងារលើគោលនយោបាយ ពាណិជ្ជកម្មសហភាពអឺរ៉ុប ក្នុងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងទិសដៅអាទិភាពសម្រាប់កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ នៃអង្គការ WTO (MC12)​​ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ជាមួយគណៈប្រតិភូជាន់ខ្ពស់ សហភាពអឺរ៉ុប (EU) ដឹកនាំដោយលោក Ignacio Garcia Bercero មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនៃគណៈកម្មការសហភាពអឺរ៉ុប រួមជាមួយលោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចសហភាពអឺរ៉ុប នៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសថៃ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់ដែលជាតំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន បានជម្រាបជូនអំពីគោលជំហរកម្ពុជាក្នុងការគាំទ្រការស្តារទ្បើងវិញនូវដំណើរការពេញលេញរបស់ប្រព័ន្ធដោះស្រាយវិវាទអង្គការ WTO ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការប្រើប្រាស់យន្តការឯកតោភាគី និងគោលនយោបាយគាំពារនិយម។

លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថា “ម្ពុជាគាំទ្រនូវការធ្វើកំណែទម្រង់អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន ក៏ប៉ុន្តែការធ្វើកំណែទម្រង់នេះ ត្រូវផ្តោតនិងគិតគូរជាសំខាន់ផងដែរ ចំពោះរាល់បញ្ហាជាការព្រួយបារម្ភរបស់គ្រប់សមាជិក ជាពិសេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (LDCs)”។

ជាការឆ្លើយតបលើបញ្ហាវិបត្តិជំងឺឆ្លងរាតត្បាតជាសកល លោកសុខ សុភ័ក្ត្រ បានបញ្ជាក់ អំពីសារៈសំខាន់នៃការបន្តផ្តល់នូវភាពបត់បែន (Flexibilites) និងប្រព្រឹត្តិកម្មពិសេសនិងដាច់ដោយឡែក (Special and Differential Treatment – SDT) ផ្សេងទៀត ដល់ប្រទេស LDCs រួមទាំង    កម្ពុជាផងដែរ ក្នុងពាណិជ្ជកម្មអន្តរជាតិ។ លោកក៏បានជម្រាបជូននូវផែនការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១-២០២៣ សំដៅរក្សានិងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធានារក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

អង្គប្រជុំបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃពាណិជ្ជកម្មអន្តរជាតិក្រោមក្របខ័ណ្ឌអង្គការ WTO គោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ក្នុងការធ្វើកំណែទម្រង់អង្គការ WTO និងទិសដៅអាទិភាព មួយចំនួនសម្រាប់កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ នៃអង្គការ WTO (MC12) ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១ ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងនោះ លោក Ignacio Garcia Bercero មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនៃគណៈកម្មការ EU និងលោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច EU បានជម្រាបជូនអង្គប្រជុំ អំពីទិសដៅអាទិភាពនៃគោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាប់គាំងប្រព័ន្ធដោះស្រាយវិវាទនៃអង្គការ WTO ការកំណត់និងសម្រេចបាននូវសមិទ្ធផលវិជ្ជមានពីកិច្ចប្រជុំ MC12 រួមមានជាអាទិ៍ ការបញ្ចប់ការចរចាកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies) និងការជំរុញការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក (E-Commerce) ជាដើម និងការធ្វើកំណែទម្រង់អង្គការ WTO ឱ្យឆ្លើយតបទៅនឹងបរិការណ៍នៃវិបត្តិជំងឺឆ្លងសកល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies)លោកសុខ សុភ័ក្ត្រ បានជម្រាបជូន អំពីគោលជំហររបស់កម្ពុជាក្នុងគាំទ្របញ្ចប់ការចរចាលើការឧបត្ថម្ភធនវិស័យជលផលឱ្យបានចប់មុន កិច្ចប្រជុំ MC12 ក៏ប៉ុន្តែស្នើសុំឱ្យសមាជិកទាំងអស់ ពិចារណាផ្ដល់ភាពបត់បែនពេញលេញដល់ប្រទេស LDCs ជាពិសេសការឧបត្ថម្ភធនវិស័យជលផលសម្រាប់ការនេសាទខ្នាតតូច ខ្សត់ឧបករណ៍ និងការនេសាទសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ។ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចា E-Commerce ក្រោមក្របខ័ណ្ឌអង្គការ WTO ផងដែរ ហើយបានកត់សម្គាល់ពីការចូលរួមរបស់កម្ពុជា ក្នុងនាមជាអ្នកអង្កេតការណ៍ក្នុងកិច្ចចរចានេះ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងអភិវឌ្ឍច្បាប់ បទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តក្នុងការលើកកម្ពស់វិស័យ E-Commerce នៅកម្ពុជា ផងដែរ។

ភាគី EU បានថ្លែងអំណរគុណគណៈប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ និងបង្ហាញគោលជំហរបន្តគាំទ្រដល់កម្ពុជាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសក្នុងបរិការណ៍នៃជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ និងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច សង្គម និងការបន្តពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធនាពេលខាងមុខ៕

ក្រុមហ៊ុន G.T.V.C ទទួលកក់សំបុត្រ ធ្វើដំណើរតាមផ្លូវទឹក ពីខេត្តព្រះសីហនុ ឆ្ពោះទៅបណ្តាកោះនានា ឲ្យអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រួចរាល់

0

ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ ក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C របស់លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ខេត្តព្រះសីហនុ បានប្រកាស អំពីដំណើរការអាជីវកម្ម ដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រ ដោយទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់តែប៉ុណ្ណោះ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ទៀ​ វិចិត្រ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក (G.T.V.C ) បានអនុញ្ញាតិ ឲ្យអ្នកដែលមានបំណងធ្វើដំណើរតាមផ្លូវទឹក ពីខេត្តព្រះសីហនុ ឆ្ពោះទៅតាមបណ្តាកោះនានា អាចធ្វើការកក់សំបុត្រក្នុងការធ្វើដំណើរ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក។

ដូចបានប្រកាសនេះ ក្រុមហ៊ុន G.T.V.C speedboat Cambodia សំណូមពរដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចាក់វ៉ាកសាំងរួចរាល់ សូមបង្ហាញប័ណ្ណចាក់វ៉ាក់សាំង គ្រប់ពេលធ្វើការទិញសំបុត្រទូក ពីក្រុមហ៊ុន ជាមួយគ្នានោះក្រុមហ៊ុន G.T.V.C  បានថ្លែងអំណរអរគុណជូនភ្ញៀវគ្រប់រូប ចំពោះការគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ 19 នេះជាសកលនេះ ៕

ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊កនៅថ្ងៃទី១៦ ខែកក្កដានេះថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពី ទំព័រហ្វេសប៊ុកផេក ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់មួយចំនួន ដែលផ្តល់ប្រាក់កម្ចីងាយស្រួល ឆាប់រហ័ស ដោយគ្រាន់តែផ្តល់នូវព័ត៌មានបុគ្គល តួរយ៉ាងថតរូបភាពអត្តសញ្ញាណប័ណ្ណ ឬ/និងផ្តល់លេខទូរស័ព្ទ។ល។)។

នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ សូមធ្វើការចែករំលែកនូវហានិភ័យមួយចំនួន ដែលអ្នកអាចនឹងទទួលរងគ្រោះពីកម្ចីអនឡាញខុសច្បាប់ ដូចខាងក្រោម៖

១- ជនខិលខូចអាចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើការលួចចូលគណនីអ៊ីនធឺណិតរបស់អ្នក (តាមរយៈស្នើសុំផ្លាស់ប្តូរលេខសម្ងាត់)

២- ជនខិលខូចអាចប្រើប្រាស់លេខទូរស័ព្ទក្នុងការផ្លាស់ប្តូរលេខសម្ងាត់ និងបញ្ឆោតអ្នកដើម្បីទទួលបានលេខកូដ (PIN) និងធ្វើការគ្រប់គ្រងគណនីអ៊ីនធឺណិតរបស់អ្នក

៣- ជនខិលខូចអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទរបស់អ្នកដើម្បីស្នើសុំកម្ចីពីភាគីទី៣

៤-កម្ចីខុសច្បាប់មួយចំនួននឹងផ្តល់បន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារការប្រាក់ដ៏ច្រើនលើសលប់ និងអាចធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាជំងឺផ្លូវចិត្ត

៥- ជនខិលខូចអាចនឹងបង្ហោះព័ត៌មានរបស់អ្នកជាសាធារណៈ ក្នុងគោលបំណងបង្ខូចកិត្តិយស។ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកបងប្អូនពលរដ្ឋ មេត្តាប្រុងប្រយ័ត្នអំពីព័ត៌មានបុគ្គល តួរយ៉ាងអត្តសញ្ញាណប័ណ្ណ កាតធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ ។ល។