Home Blog Page 83

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោថ្មីចំនួន៨ទៀត ក្នុងទំហំទុនជិត៩០លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“ORIENDA INTERNATIONAL HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។

២-“NEW WORLD HEART & VASCULAR HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។

៣-“TRY PHEAP KOH TUNSAY RESORTS CO., LTD” គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។

៤-“GLOBAL PASS BIOTECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣២កន្លែង។

៥-“YURA HARNESS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។

៦-“RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៨កន្លែង។

៧-“TWHQ GARMENTS CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។

៨-“COBEST (CAMBODIA) FIRST GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៥០កន្លែង។ ប្រភព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) កម្ពុជា-កូរ៉េ (CKFTA) ត្រូវបានរដ្ឋសភាកូរ៉េ ផ្តល់សច្ចាប័នរួចរាល់ហើយ

ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗនេះ រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។

តាមរយៈក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា យោងតាមការចុះផ្សាយរបស់ The Korea Times, សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។

គួររំលឹកថា ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ។

បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។

ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕

ព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំរបស់ foodpanda កាន់តែធំក្នុងឆ្នាំ 2022

0

ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។

កង្វះឈាមនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋគឺជាបញ្ហាធំមួយ ដូច្នេះហើយការសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់បានបង្ហាញពីការខ្វល់ខ្វាយ និងការយកចិត្តចំពោះបញ្ហាសង្គមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda។

ក្នុងកម្មវិធីនេះដែរ បុគ្គលិកក្រុមហ៊ុន foodpanda រួមមានភ្នាក់ងារដឹកជញ្ជូនជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការបូមឈាមសម្រាប់យកទៅបរិច្ចាគតាមមន្ទីរពេទ្យរដ្ឋនានា ដើម្បីរក្សាទុកព្យាបាលដល់អ្នកជនរងគ្រោះថ្នាក់ចរាចរណ៍ និង អ្នកជម្ងឺជាច្រើននាក់ផ្សេងទៀត ដែលត្រូវការឈាមចាំបាច់។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន foodpanda ក៏បានលើកកម្ពស់ពីអត្ថប្រយោជន៍របស់សកម្មភាពទំនួលខុសត្រូវសង្គម (CSR) នៃក្រុមហ៊ុននីមួយៗ និង ការយល់ដឹងអំពីសារៈសំខាន់នៃបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិតប្រជាជន

ខ្មែរផងដែរ។

បន្ថែមទៀតនោះ កម្មវិធីផ្តល់ឈាមនេះក៏បានបង្កើនភាពស្និទ្ធស្នាលរវាងបុគ្គលិកក្រុមហ៊ុន foodpanda បានមួយកម្រិតទៀតដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់  foodpanda (KH)  តាមរយៈតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/

គម្រោងវិនិយោគថ្មី៤ទៀត បានអនុម័ត ក្នុងទំហំទុនជិត២៤លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “HOME STYLE LIVING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៦,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៨០កន្លែង។

២- “MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៥០កន្លែង។

៣- “GREEN LINK ELECTRIC CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៥,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១.៥០០កន្លែង។

៤- “RAINBOW LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អរ និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៥,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៧០កន្លែង៕ ប្រភព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

ទ្រូម៉ាន់នី និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រកាសភាពជាដៃគូ ដើម្បីផ្សព្វផ្សាយ ចំណេះដឹងផ្នែកឌីជីថល ហិរញ្ញវត្ថុ ដោយការដកប្រាក់កម្ចី ដោយឥតគិតថ្លៃ តាមរយៈទីភ្នាក់ងារ ទ្រូម៉ាន់នី

0

ភ្នំពេញ ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយ នៅកម្ពុជា ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសភាព ជាដៃគូ ជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយ ចំណេះដឹង ផ្នែកឌីជីថលហិរញ្ញវត្ថុបន្ថែមទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ភាពជាដៃគូនេះ នឹងអាចឱ្យអតិថិជន របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ មកទទួលយកប្រាក់កម្ចី ពីភ្នាក់ងារទ្រូម៉ាន់នី ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ តាមរយៈការអនុញ្ញាតឱ្យអតិថិជនរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារ ទ្រូម៉ាន់នី ក្រុមហ៊ុន ទ្រូម៉ាន់នី បាននិងកំពុងជួយលើក កម្ពស់ចំណេះដឹង ផ្នែកឌីជីថល ហិរញ្ញ វត្ថុតាមរយៈការផ្តល់ សេវាធនាគារដល់អ្នក ដែលមិនប្រើសេវាធនាគារ ឬមិនទាន់មានសេវា ធនាគារ ប្រើប្រាស់នៅកម្ពុជា ។

តាមរយៈការចាប់ដៃគូរួមគ្នា រវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និង ក្រុមហ៊ុន ទ្រូម៉ាន់នី គឺដើម្បីធ្វើយ៉ាងណា ឱ្យការបង់សងប្រាក់កម្ចី កាន់តែមានភាពងាយស្រួល សម្រាប់អតិថិជន ដែលជួយឱ្យចំណេញ ពេលវេលាក្នុងការធ្វើដំណើរ ទៅកាន់សាខា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា ៖ «ឥឡូវនេះអ្នកដែលមានប្រាក់កម្ចី អាចមកយកប្រាក់កម្ចី របស់ពួកគេពីភ្នាក់ងារណាមួយរបស់ ទ្រូម៉ាន់នី នៅទូទាំងប្រទេស ។ តាមរយៈការចាប់ដៃគូរួមគ្នា រវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ទ្រូម៉ាន់នី គឺសង្ឃឹមថា ផ្តល់សេវាកម្មចាំបាច់មួយដល់អ្នក ដែលត្រូវការប្រាក់កម្ចី សម្រាប់តម្រូវការផ្ទាល់ខ្លួន និងពាណិជ្ជកម្ម»។
បណ្ដាសាខា របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បច្ចុប្បន្នមានទីតាំងនៅរាជធានីភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី និងសាខាកំពង់ស្ពឺ។ សាខាពីរទៀត ត្រូវបានរំពឹងថា នឹងបើកនៅឆ្នាំ ២០២៣ខាងមុខ ។

ស្ថាបនិក និងអគ្គនាយិកាប្រតិបត្តិ លោកស្រី ឌិត នីតា មានប្រសាសន៍ថា៖ «តាមរយៈការបង្កើត កិច្ចព្រមព្រៀងនេះ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី យើងសង្ឃឹមថា នឹងធ្វើឱ្យប្រាក់កម្ចី និងការសងប្រាក់កម្ចី កាន់តែងាយស្រួល ដល់អតិថិជនជាច្រើន របស់យើង ។ យើង ក៏កំពុងព្យាយាម លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល ដោយធានាថា ប្រជាជនកម្ពុជាទូទាំងប្រទេស អាចទាញយកអត្ថប្រយោជន៍ ពីសេវាហិរញ្ញវត្ថុ និងផលិតផលកម្ចី និងគំនិតផ្តួចផ្តើមផ្សេងទៀត របស់យើង» ។
កិច្ចព្រមព្រៀងនេះ នឹងចូលជាធរ មាននៅថ្ងៃទី ២៨ ខែកញ្ញា។

ទ្រូម៉ាន់នី គឺ ជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុអន្តរជាតិ ឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុន ផ្ដល់សេវាហិរញ្ញវត្ថុ ឌីជីថល បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំ ជាងគេបំផុត នៅតំបន់អាស៊ី ។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុ ដ៏ពេញនិយមបំផុតមួយ នៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត ។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន ។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ ។

អំពីគ្រឹះស្ថាន ខេមា
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានបង្កើតទ្បើង ក្នុងឆ្នាំ២០០៨ ។ នៅពេលនោះ ខេមា គឺជាប្រតិបត្តិករឥណទានឯកជន ដែលផ្តល់សេវាឥណទាន ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ។ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១០ គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសិទ្ធិពេញលេញ ក្នុងការផ្តល់ឥណទានជូនអតិថិជន។
គិតត្រឹមឆ្នាំ២០២២នេះ ខេមា មានការិយាល័យប្រតិបត្តិការចំនួន ៥ ដូចជា៖ ការិយាល័យប្រតិបត្តិការភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី សាខាកំពង់ស្ពឺ និងសាខាពីរទៀត ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣ ៕

កម្ពុជាទទួលបានភ្ញៀវ សរុបជាង១លាន២សែននាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។

តាមរយៈក្រសួងទេសចរណ៍ Ministry of Tourism, Cambodia បានបញ្ជាក់ថា ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០ (Top 10) សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖* ខេត្តបាត់ដំបង ២១០,១២២នាក់* ខេត្តសៀមរាប ១៤៣,៤៧០នាក់* ខេត្តកែប ១១៦,៧៧៦នាក់* ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់* ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់* ខេត្តកំពង់ចាម ៧៩,៥៧៤នាក់* ខេត្តកំពត ៧៧,៥៤៨នាក់* ខេត្តកណ្តាល ៥៤,៥៤៦នាក់* ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់* ខេត្តប៉ៃលិន ៤៩,៧៤៨នាក់។តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។

ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋបានសម្រុកចូលរាជធានីភ្នំពេញវិញនាល្ងាចថ្ងៃចន្ទម្សិលមិញ ដែលធ្វើឱ្យចរាចរណ៍នៅតាមដងផ្លូវជាតិនានាមានការមមាញឹកខ្លាំង ខណៈប្រជាពលរដ្ឋខ្លះទៀតនឹងបន្តចូលរាជធានីភ្នំពេញនាថ្ងៃនេះទៀត ពិសេសកម្មករ/កម្មការីដែលទទួលបានច្បាប់ឈប់សម្រាកពី៤-៥ថ្ងៃ។

ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍វិញ សង្កេតឃើញថា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី/ខេត្ត និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខសណ្តាប់ធា្នប់នៅតាមដងផ្លូវជាតិ និងទីតាំងសំខាន់ៗ។

ដោយឡែក មន្ទីរទេសចរណ៍គ្រប់រាជធានី/ខេត្តក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព តម្លៃសមរម្យ និងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសបញ្ចៀសការកកកុញខ្លាំងដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក។

សម្រាប់រយៈពេល៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ បើទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទុះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួន៕

ក្រុមហ៊ុន Mingyang Guo Ji គ្រុបឧបត្តម្ថរថយន្ត HONGQI ១គ្រឿងជូនកម្មវិធីប្រឡងសំនៀង ជនពិការពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២

0

ក្រុមហ៊ុន Mingyang Guo Ji គ្រុបបានឧបត្ថម្ភរថយន្តម៉ាក HONGQI HS5 ចំនួន ១ គ្រឿងជូនក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ដើម្បីចូលរួមចំណែកកិច្ចការសប្បុរសធម៌ជាមួយប្រជាជនកម្ពុជា ជាពិសេសជនមានពិការភាព ធ្វើយ៉ាងណាឱ្យកម្មវិធីប្រឡងសំនៀងជនពិការពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះទទួលបានជោគជ័យ។

ពិធីផ្ទេរនិងប្រគល់រថយន្ត HONGQI HS5 បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការក្រុមហ៊ុន Mingyang Guo Ji គ្រុប រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក Zhu Shuai អគ្គនាយកក្រុមហ៊ុន Mingyang Guo Ji គ្រុបបានមានប្រសាសន៍ថា ក្រុមហ៊ុនមានវត្តមាននៅប្រទេសកម្ពុជាតាំងពីខែកុម្ភៈ ឆ្នាំ២០២០ ដោយទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសន្តិភាពនៅកម្ពុជា​ ដូច្នេះក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការតបស្នងសងគុណដល់សង្គមជាតិកម្ពុជា ដែលនេះក៏ជាមូលហេតុសំខាន់មួយដែលជំរុញឱ្យក្រុមហ៊ុនចូលរួមគាំទ្រនិងឧបត្ថម្ភដល់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ។

លោកបញ្ជាក់បន្ថែមថា ក្នុងនាមជាក្រុមហ៊ុនមួយដែលជ្រកក្រោមម្លប់សន្តិភាពនៅកម្ពុជា ក្រុមហ៊ុននឹងខិតខំឱ្យអស់លទ្ធភាពក្នុងការជំរុញការអភិវឌ្ឍលើវិស័យយានយន្តនិងកិច្ចការសប្បុរសធម៌នៅកម្ពុជា។

លោក Li Tao អគ្គនាយកអង្គភាពសារព័ត៌មាន Asia Union Times (AU T    imes) និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់និងដឹកនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍និងជាប្រធានក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ កម្មវិធីប្រឡងលើកនេះកំពុងតែដំណើរការទៅដោយរលូន ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងវគ្គជម្រុះបឋម ហើយនឹងឈានចូលវគ្គប្រឡងជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

លោកបន្ថែមថា ការប្រឡងលើកនេះទទួលបានការគាំទ្រនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម ជាពិសេសដូចជាក្រុមហ៊ុន Mingyang Guo Ji គ្រុបដែលជាសហគ្រាសប្រកបដោយទំនួលខុសត្រូវ ក្រុមហ៊ុនបានផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីប្រឡងលើកនេះ ដោយបានចូលរួមឧបត្ថម្ភរថយន្តម៉ាក HONGQI HS5 ចំនួន ១ គ្រឿងផងដែរ។

លោកសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម ផុស សុវណ្ណ យើងនឹងខិតខំឱ្យអស់លទ្ធភាពដើម្បីញ៉ាំងឱ្យកម្មវិធីប្រឡងសំនៀងនេះទទួលបានជោគជ័យជាមួយលទ្ធផលកាន់តែល្អប្រសើរ។

ឯកឧត្តម ផុស សុវណ្ណ បានថ្លែងថា ការទទួលបានការគាំទ្រនិងឧបត្ថម្ភពីវិស័យឯកជន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញឱ្យកម្មវិធីប្រឡងនេះឈានទៅរកភាពជោគជ័យប្រកបដោយគុណភាព ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់និងគាំទ្ររបស់វិស័យឯកជនចំពោះជនមានពិការភាពនៅកម្ពុជាផងដែរ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ មានប្រសាសន៍ថា រថយន្តម៉ាក HONGQI HS5 ដែលឧបត្ថម្ភដោយក្រុមហ៊ុន Mingyang Guo Ji គ្រុបពិតជាដើរតួសំខាន់ខ្លាំងណាស់សម្រាប់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ ព្រោះវានឹងក្លាយជាចំណែកមួយក្នុងការជួយឱ្យកម្មវិធីអាចដំណើរទៅដោយរលូននិងទទួលបានជោគជ័យ។ លោកសង្ឃឹមថា ក្រុមការងារនឹងប្រើប្រាស់រថយន្តនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជាការឆ្លើយតបទៅម្ចាស់ឧបត្ថម្ភ។

លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុន សហគ្រាសឯកជនជាច្រើនទៀតចូលរួមគាំទ្រនិងឧបត្ថម្ភដល់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ។

កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ សម្រាប់ម្ចាស់ជ័យលាភីលេខ១ទទួលបានប្រាក់រង្វាន់ចំនួន ៥០ លានរៀល លេខ២ទទួលបាន ៣០ លានរៀល លេខ៣ទទួលបាន ២០ លានរៀល។ លេខ៤ លេខ៥ និង លេខ៦ ម្នាក់ៗទទួលបាន ១៥ លានរៀល។ ចំណែកអ្នកធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៦ នាក់ ម្នាក់ៗទទួលបាន ១២ លានរៀល។

បើតាមលោក Zhu Shuai បានឱ្យដឹងថា ក្រុមហ៊ុន Mingyang Guo Ji គ្រុបគឺជាសហគ្រាសផ្តល់សេវាកម្មរថយន្តចម្រុះមួយនៅកម្ពុជា ដែលដើរតួជាតំណាងចែកចាយរថយន្ត HONGQI និង Foton G7 ដែលសុទ្ធសឹងតែជារថយន្តម៉ាកល្បីរបស់ប្រទេសចិន។ ដើម្បីលើកកម្ពស់បទពិសោធន៍ប្រើប្រាស់រថយន្តនិងកាត់បន្ថយការចំណាយលើរថយន្តរបស់អតិថិជន ក្រុមហ៊ុន Mingyang Guo Ji គ្រុបបានផលិតរថយន្តសម្រាប់បំពេញតម្រូវការអតិថិជនកម្ពុជាផ្ទាល់ ដោយផ្តល់នូវការធានាគុណភាពរយៈពេលយ៉ាងវែង គឺ ៥ ឆ្នាំឬស្មើនឹង ១៥ ម៉ឺនគីឡូម៉ែត្រ និងផ្តល់ជូននូវសេវាកម្មថែទាំរថយន្តដោយឥតគិតថ្លៃរយៈពេល ៤ ឆ្នាំឬស្មើនឹង ១០ ម៉ឺនគីឡូម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានសន្យាទិញរថយន្តម៉ាក HONGQI របស់អតិថិជនចូលក្រុមហ៊ុនវិញក្នុងតម្លៃខ្ពស់តាមទីផ្សារ ដើម្បីឱ្យអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍និងភាពងាយស្រួលក្នុងការប្រើប្រាស់រថយន្តម៉ាក HONGQI។

ដោយឡែក ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជានិងស្របតាមបរិបទការពារបរិស្ថាននិងសន្សំសំចៃថាមពលអន្តរជាតិ ក្រុមហ៊ុន Mingyang Guo Ji គ្រុបបានខិតខំនាំចូលនូវបច្ចេកវិទ្យាជឿនលឿន ដោយបានផលិតរថយន្តប្រើប្រាស់អគ្គិសនីម៉ាក EQM5 និង EHS9 ដែលជាប្រភេទរថយន្តអគ្គិសនីដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ។

លោក Zhu Shuai បានគូសបញ្ជាក់ផងដែរថា នាទសវត្សរ៍ឆ្នាំ៦០ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានដឹកនាំមេដឹកនាំនយោបាយនិងធុរកិច្ចកម្ពុជាទៅបំពេញទស្សនកិច្ចនៅរោងចក្រផលិតរថយន្ត HONGQI នាប្រទេសចិនដោយផ្ទាល់។ ក្នុងនាមយើងជាក្រុមហ៊ុនមួយដែលមានវត្តមាននៅកម្ពុជា យើងមានកាតព្វកិច្ចក្នុងការបន្តថែរក្សានិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ ដោយសារកត្តាមិត្តភាពកម្ពុជា-ចិន គួបផ្សំនឹងគុណភាពរថយន្តគួរជាទីទុកចិត្ត បានធ្វើឱ្យរថយន្ត HONGQI ទទួលបានការស្វាគមន៍និងទុកចិត្តខ្ពស់ពីសំណាក់អតិថិជនកម្ពុជា វាក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងមិត្តភាពដ៏ល្អនៃប្រទេសទាំងពីរផងដែរ៕

វត្តមាននៃផលិតផលថ្មីរបស់ក្រុមហ៊ុនសាមសុង បានកំពុងវាយលុកទីផ្សារស្មាតហ្វូនយ៉ាងកក្រើក!!

(ភ្នំពេញ) ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ២០២២៖ Samsung Galaxy A04s ជាស្មាតហ្វូនម៉ូឌែលថ្មីដែលដាក់បង្ហាញរូបរាងនៅលើទីផ្សារជាមួយគុណភាពខ្ពស់..រូបរាងសមសួន ល្អប្រណិត ហើយតម្លៃសមរម្យត្រឹមតែ $169 ជាមួយកាដូថែមជូនទៀតផង! សម្រាប់រាល់ការទិញស្មាតហ្វូន Samsung Galaxy A04s ចាប់ពីថ្ងៃទី នេះដល់ថ្ងៃទី 31 តុលា ឆ្នាំ2022 នឹងមានការថែមជូនកាបូបស្ពាយដ៏ស្រស់ស្អាត១ ភ្លាមៗ..!  

ក្រុមហ៊ុន សាមសុង តែងតែផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវភាពរំភើបរីករាយ និងទំនុកចិត្តជានិច្ច..! អ៊ីចឹងមកមើលលក្ខណៈពិសេសៗរបស់ស្មាតហ្វូនដែលទើបតែមកដល់ក្តៅៗ Samsung Galaxy A04s ម្តងមើលថាអាចធ្វើឱ្យអតិថិជន ឬអ្នកគាំទ្រផលិតផលសាមសុង ជាប់ចិត្តខ្លាំងប៉ុណ្ណាលើកនេះ..! តោះ!! 

**Galaxy A04s៖ 

– អេក្រុងធំ ច្បាស់ រលូត៖ 6.5 អ៊ីង Infinity-V លាតសន្ធឹងពេញផ្ទៃទូរស័ព្ទ 

– ល្បឿនដំណើរការខ្លាំង៖ Exyons 850 (8nm) 

– មេម៉ូរី/ RAM ៖ 3 GB 

– អង្គផ្ទុក/ Storage ៖ 32 GB (អាចបន្ថែមមេម៉ូរីកាត Micro SD រហូតដល់ 1TB) 

– ថាមពលថ្មធំ៖ 5,000 mAh (ប្រើប្រាស់ប្រចាំថ្ងៃបើកលើអេក្រង់ជាប់តាំងពីព្រឹកទល់យប់ក៏មិនទាន់អស់ដែរ) 

– កម្លាំងសាកថ្មបានលឿន៖ (15 W) 

– កាមេរ៉ាក្រោយ 3គ្រាប់៖ Main 50 MP, Macro 2 MP និង Depth 2 MP (អាចថតរូប ឬ វីដេអូ បានច្បាស់ល្អ..ទាំងពន្លឺ និងពណ៌) 

– កាមេរ៉ាមុខ៖ 5PM (ងាយស្រួលថត Selfie ឬ វីដេអូ និងទទួលបានរូបភាពច្បាស់ស្អាត) 

– ដោះសោរ៖ មុខងារស្កេនខ្ចៅដៃដោះសោរលើអេក្រង់ (លឿន និងមានសមត្ថភាពខ្ពស់) 

យ៉ាងណាដែរ..ចំណុចខ្លាំងប៉ុណ្ណឹងជាប់ចិត្តខ្លះទេ…!! បើជាប់ចិត្ត..វឺត វឺតទៅ! ដើម្បីទទួលបានស្មាតហ្វូនដែលមានគុណភាពល្អ តម្លៃសមរម្យ មានមុខងារពិសេសៗ និងមានរាងស្អាតទាក់ទាញ ទំនើបទាន់សម័យ!! ដូច្នេះសូមអតិថិជនទាំងអស់ប្រញាប់រួសរាន់ទាន់មានកម្មវិធីថែមជូនពិសេស!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ក្រុមហ៊ុន SMART AXIATA ផ្តល់ការថែមជូនពិសេសជាច្រើន ហើយរំពឹងថាមានតម្រូវ​ការ​ធំសម្បើម​សម្រាប់ទូរស័ព្ទស៊េរីថ្មី iPhone 14

0

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទឈាន​មុខគេរបស់​ប្រទេសកម្ពុជា រំពឹងថានឹងមានតម្រូវការធំសម្បើមនូវទូរស័ព្ទស៊េរីថ្មី iPhone 14 ជាពិសេសពីសំណាក់​អតិថិជន​រាប់លាន​នាក់​ ដែលកំពុងគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន Smart នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទស៊េរីថ្មី iPhone 14 រួមមាន iPhone 14, iPhone 14 Pro និង iPhone 14 Pro Max ​ដែលជាផលិតផលទទួល បានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា នឹង​មាន​លក់​នៅហាង Smart Shop សាខាមុនីវង្ស សាខា Phnom Penh Center និង សាខា AEON Mall នៅទីក្រុងភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​ត​ទៅ។

ក្នុងនាមជាម៉ាកយីហោរឌីជីថលឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្ដល់សេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន ក្រុមហ៊ុន Smart Axiata មានទំនួលខុសត្រូវក្នុងការនាំយកផលិតផល និងបច្ចេកវិទ្យាថ្មីចុងក្រោយ​សម្រាប់ផលចំណេញរបស់អតិថិជនរបស់ក្រុមហ៊ុន ហើយជាឧទាហរណ៍សម្រាប់​ករណីនេះគឺ ទូរស័ព្ទសេរ៊ីថ្មី iPhone 14។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «យើងពិតជារំភើប ក្នុង​ការ​នាំយកទូរស័ព្ទស៊េរីថ្មី iPhone 14 សម្រាប់អតិថិជនរបស់យើង។ ពួកយើងតែងតែខិតខំផ្តល់ជូនអតិថិជនរបស់យើង​នូវ​គុណភាព និងបច្ចេកវិទ្យាជឿនលឿននៃបណ្តាញទូរស័ព្ទ ក៏ដូចជានាំមកនូវនវានុវត្តន៍ថ្មី និងបច្ចេកវិទ្យាទំនើប ទាន់សម័យ ផលិតផល និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើនសម្រាប់អតិថិជន របស់យើង។ យើង​បន្តពង្រីក​ភាពជាដៃគូអន្តរជាតិជាមួយក្រុមហ៊ុនកំពូលលំដាប់ថ្នាក់ពិភពលោក ដើម្បីធានាថា អតិថិជន របស់​យើង​អាច​ប្រើប្រាស់ និងទទួលបានបទពិសោធបច្ចេកវិទ្យា និងនិន្នាការពិភពលោក​ចុងក្រោយបង្អស់​ដូចជា ទូរស័ព្ទស៊េរីថ្មី iPhone 14 ជាដើម»។

ទំហំ ពណ៌ និង​ តម្លៃលម្អិតរបស់ iPhone 14 ស៊េរីថ្មី មានដូចខាងក្រោមៈ

  • iPhone 14 មាន 3 ពណ៌ គឺពណ៌ស ស្វាយ និងខៀវ ទំហំ 128GB លក់ក្នុងតម្លៃ 998 ដុល្លារសហរដ្ឋអាមេរិក និងទំហំ 256GB លក់ក្នុងតម្លៃ 1,158 ដុល្លារសហរដ្ឋអាមេរិក។  
  • iPhone 14 Pro មាន 2 ពណ៌ គឺពណ៌ខ្មៅ និងស្វាយងងឹត ទំហំ 128GB លក់ក្នុងតម្លៃ 1,258 ដុល្លារសហរដ្ឋអាមេរិក ទំហំ 256GB លក់ក្នុងតម្លៃ 1,398 ដុល្លារសហរដ្ឋអាមេរិក និងទំហំ 512GB លក់ក្នុងតម្លៃ 1,658 ដុល្លាសហរដ្ឋអាមេរិក។  iPhone 14 Pro Max មាន​ 4 ពណ៌ គឺពណ៌ ខ្មៅ ប្រាក់ ស្វាយងងឹត និងមាស ទំហំ 128GB លក់ក្នុងតម្លៃ 1,398 ដុល្លារសហរដ្ឋអាមេរិក ទំហំ 256GB លក់ក្នុងតម្លៃ 1,538 ដុល្លារសហរដ្ឋអាមេរិក ទំហំ 512GB លក់ក្នុងតម្លៃ 1,758 ដុល្លារសហរដ្ឋអាមេរិក និងទំហំ 1TB លក់ក្នុងតម្លៃ 1,998 ដុល្លារសហរដ្ឋអាមេរិក។ 

អតិថិជនអាចទិញទូរស័ព្ទស៊េរីថ្មី iPhone 14 ដោយធ្វើការបង់ប្រាក់ផ្តាច់ភ្លាមៗ ឬធ្វើការបង់រំលស់ប្រចាំខែ។ ហើយអតិថិជនដែលទិញ ទូរស័ព្ទស៊េរីថ្មី iPhone 14 នឹងទទួលបានកាដូរឥតគិតថ្លៃ និងការផ្តល់ជូនពិសេសជាច្រើនដូចជា៖

  • ក្បាលឆ្នាំងសាកថ្មប្រភេទ USB-C
  • ខ្សែសាកថ្ម MagSafe
  • អុីស៊ីម (eSIM) ប្រភេទ Smart Bronze (តម្លៃ 54 ដុល្លារ)
  • ​ទិន្នន័យលេងអុីនធើណែត 4GB ក្នុង​មួយ​ខែ ​រយៈពេល 12 ខែដោយឥតគិតថ្លៃ

លោកស្រី Mila Kusheva ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បាននិយាយថា៖ «ទូរស័ព្ទស៊េរី iPhone 14 គឺជារចនាបទ និងនិន្នាការថ្មីសម្រាប់អតិថិជនក្នុងការបង្ហាញពីភាពស៊ីវិល័យ និងទំនើបរបស់ខ្លួន។ ដូចរាល់ពេលដែល បើកលក់ទូរស័ព្ទ iPhone សេរីមុនកន្លងមកដែរ ពួកយើងតែងតែខិតខំប្រឹងប្រែងត្រៀមខ្លួនយ៉ាងមមាញឹក ដើម្បីនាំយក ផលិតផលលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតមួយនេះ បូករួមនឹងការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនមកជូនអតិថិជនភ្លាមៗបន្ទាប់ពីការបើកលក់ជាផ្លូវការនៅលើពិភពលោក»។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលថ្មីៗចុងក្រោយបំផុតរបស់ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប ទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវា បច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បង បច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្ត លក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្ត បំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធី និរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!