CREA អំពាវនាវឲ្យ ពលរដ្ឋ ពិចារណាមុនសម្រេចចិត្ត ទិញដី មិនមានប័ណ្ណ កម្មសិទ្ធិ ច្បាស់លាស់

Date:

ភ្នំពេញ ៖ ទោះបីជាវិស័យអចលនទ្រព្យ នៅកម្ពុជាមានសន្ទុះហក់លោត ឡើងយ៉ាងខ្លាំង នាដើមឆ្នាំនេះក៏ពិតមែន ប៉ុន្តែមួយរយៈចុងក្រោយ ពោលគឺនៅចុងឆ្នាំ២០១៩នេះវិញ ចាប់ផ្តើមស្ងប់ស្ងាត់បន្តិច តែហាងឆេង និងការវិនិយោគដីធ្លី នៅតែរក្សាបានស្ថេរភាព តម្លៃយ៉ាងល្អ ជាពិសេសរាជធានីភ្នំពេញ និងតំបន់ជាយៗ រាជធានីភ្នំពេញតែម្តង ដែលបន្តស្រូបទាញវិនិយោគិន ក្នុងស្រុកឲ្យវិនិយោគលើវិស័យនេះ ប៉ុន្តែនៅតែមានអ្នកបង្កើត ឲ្យមានបញ្ហា ។

ក្នុងនោះ បើតាមលោក ឃាង ពុទ្ធី ដែលជាអ្នកជំនាញក្នុង សមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានគត់សម្គាល់ឃើញថា អ្នកដែលបង្កើតឲ្យមានបញ្ហាដីធ្លី គឺជាអ្នកចង់ចំណេញច្រើនក្នុងការទិញ-លក់ដីគ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ ។ ដូច្នេះលោកបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ឲ្យមានការពិចារណា ឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញដី គ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់។

លោក ឃាង ពុទ្ធី បានលើកឡើង កាលពីពេលថ្មីៗថា “ប្រជាជនដែលជាអ្នកវិនិយោគ ក្នុងស្រុកមួយចំនួន នៅតែមានការទិញលក់ ដីធ្លី ដែលមិនមានប័ណ្ណកម្មសិទ្ធិ ច្បាស់លាស់ ក្នុងតម្លៃថោក ដើម្បីទទួលបានប្រាក់ចំណេញច្រើន ដែលធ្វើឲ្យមានហានិភ័យ និងបង្កើតទៅជាវិបត្តិដីធ្លី” ។

អ្នកជំនាញរូបនេះ បានពន្យល់ថា កាលណាបើអ្នកវិនិយោគ គិតពិចារណាឲ្យបានច្បាស់លាស់ មុននឹង សម្រេចចិត្ត ធ្វើការវិនិយោគ ទិញ-លក់ អចលនទ្រព្យដែលមិនមានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ នោះគឺជាចលករមួយ ជួយជម្រុញដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយបញ្ហា និងជម្លោះដីធ្លី នឹងឈានទៅរកការលុបបំបាត់ទំនាស់ ដីធ្លីដែលធ្វើ ឲ្យវិស័យនេះ នឹងបន្តល្អប្រសើរទៅមុខជានិច្ច ។

ក្រៅពីធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋពាក់ព័ន្ធវិស័យមួយនេះ ឲ្យគិតពិចារណាឡើងវិញ រាល់ការទិញ-លក់ដីធ្លីគ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ ហើយនោះ លោក ឃាង ពុទ្ធី ក៏បានធ្វើការអំពាវនាវផងដែរ ដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមានសមត្ថកិច្ចជួយ ដោះស្រាយ និងពន្លឿនលើនីតិវិធី ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ។

អ្នកជំនាញរូបនេះ ក៏បានលើកឡើងដែរថា “នេះជារឿងល្អ ប្រសិនបើប្រជាពលរដ្ឋយល់ដឹងពីករណីនេះ ជាពិសេសអាចជួយ ដល់រាជរដ្ឋាភិបាលបានច្រើន ព្រោះថាកន្លងមក ប្រជាជន ចេះតែទម្លាក់កំហុសលើរដ្ឋាភិបាល តែការពិតអ្នកវិនិយោគមួយចំនួន នៅតែដើរទិញដីធ្លីដែលមានត្រឹមប័ណ្ណទន់ ឬលិខិតកាន់កាប់ ស្នាក់នៅត្រឹមភូមិ-ឃុំជាដើម ដែលតែងតែមានជម្លោះកើតឡើង” ។

ក្នុងនោះដែរ អ្នកជំនាញដដែរនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានខិតខំប្រឹងប្រែងពន្លឿន ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋទូទាំងប្រទេស ហើយសង្ឃឹមទៀតថា អាចនឹងបញ្ចប់តាមផែនការ ដែលបានគ្រោងទុកក្នុងឆ្នាំ២០២១ តាមការប្រកាសរបស់ក្រសួង ។

បើតាមអ្នកជំនាញរូបនេះ ដើម្បីធ្វើប្លង់ ទន់ ទៅរឹង ចាំបាច់ត្រូវមានឯកសារដូចជា ៖ ច្បាប់ថតចម្លងអត្តសញ្ញណប័ណ្ណ អ្នកស្នើសុំ (បញ្ជាក់ពីស្រុក/ខណ្ឌ ឬផ្តិតមេដៃស្តាំ លើអត្តសញ្ញាណប័ណ្ណថតចម្លង) , សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ផ្តិតមេដៃ) ចំពោះអ្នកនៅលីវ តម្រូវឲ្យមានការបញ្ជាក់ ពីភាពនៅលីវពីមេឃុំ /ចៅសង្កាត់ ។

ដោយឡែកបើពោះម៉ាយ/មេម៉ាយ ត្រូវមានការបញ្ជាក់ពីមេឃុំ /ចៅសង្កាត់ដូចគ្នា និងភ្ជាប់ជាមួយ សំបុត្រមរណៈភាព និងសាលក្រមលែងលះ , ថតចម្លងអត្តសញ្ញាណប័ណ្ណសាក្សី២នាក់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី (ច្បាប់ដើម) ។ បើច្បាប់ដើមនៅធនាគារ ត្រូវថតចម្លង បូកត្រាបញ្ជាក់ពីធនាគារ ឬត្រូវមានលិខិតអនុញ្ញាតពីធនាគារ ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...