គម្រោងពង្រីកនិងលើកកម្រិត ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ចំណាយថវិកា២១៩.៩១១.០០០ ដុល្លារ

Date:

ភ្នំពេញ៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ២១៩.៩១១.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ថា ការសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន៩០% គិតត្រឹមខែមករា ឆ្នាំ២០២១នេះ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខាងមុខ (មុនកាលកំណត់រយៈពេលមួយឆ្នាំ) ដោយសារមានកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន។

លោកបន្តថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាពនិងវឌ្ឍនភាពនៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ដល់ភាគីសាងសង់ផ្លូវនេះ សំដៅឱ្យការសាងសង់ផ្លូវកាន់តែមានគុណភាពថែមទៀត។

លោកបានបញ្ជាក់ថា “គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩.៩១១.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ”

លោកបន្ថែមថា ការសាងសង់ផ្លូវជាតិលេខ៣ គឺត្រូវតែអនុវត្តតាមស្តង់ដាបច្ចេកទេសសាងសង់ គុណភាពសំណង់ និងស្តង់ដាសុវត្ថិភាព ដោយបំពាក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn) និងស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេសជាដើម ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។ លោកថា ក្រសួងគ្រោងបំពាក់ជញ្ជីងលើជញ្ជីងដែលមានស្រាប់ ដើម្បីឱ្យមានស្ថានីយជញ្ជីងនៅសងខាងផ្លូវទាំងពីរ សំដៅសម្រួលដល់ការធ្វើចរាចរណ៍ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃច្បាប់។

គួររំលឹកថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក) និងដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង៕

Share post:

spot_imgspot_img

Popular

More like this
Related

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក...

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...