ពិតជាព្រឹត្តិការណ៍មិនធ្លាប់មាន! សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ និងក្រុមកង់ជាថ្រើននៅកម្ពុជា នាំគ្នាជិះកង់ ជាង២០០គីឡូម៉ែត្រ លើផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ

Date:

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាជិះកង់លើផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ២០០គីឡូម៉ែត្រ ក្នុងស្មារតីយុវជន “អរគុណសន្តិភាព” ដឹកនាំដោយក្រុមកង់​ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បាននឹងកំពុងទាញយក ការចាប់អារម្មណ៍​ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជិះកង់ រយៈចម្ងាយឆ្ងាយពីគ្រប់ទិសទី ប្រមាណជា៥០ក្រុម មានដល់ទៅ៣០០កង់ចូលរួម ជិះលើផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា​ ពីថ្ងៃទី៣-៤ កញ្ញា ២០២២ខាងមុខនេះ ។

ថ្លែងឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញព្រឹត្តិការណ៍កីឡាជិះកង់លើផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ២០០គីឡូម៉ែត្រ ក្នុងស្មារតីយុវជន “អរគុណសន្តិភាព” កីឡានាំមកសុខភាព និងមិត្តភាព ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី០៣-០៤ ខែកញ្ញាឆ្នាំ២០២២ លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ រដ្ឋបាលថ្នាក់កណ្តាល នៃសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានឱ្យដឹងថា ការសម្រេចជ្រើសរើសយកផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ សម្រាប់ជិះកង់ ដោយសារផ្លូវនេះជាផ្លូវទី១ សម្រាប់ប្រទេសកម្ពុជា ហើយជាមោទនភាព ដែលក្រុមរបស់លោក បានទទួលការអនុញ្ញាត ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យធ្វើដំណើរ ដើម្បីឈ្វេងយល់ពីភាពរីកចម្រើន ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។

ដោយសារប្រទេសមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យជិះកង់ ក៏ជាផ្នែកមួយ ទទួលបានការចាប់អារម្មណ៍ច្រើន ពីគ្រប់មជ្ឈដ្ឋានទូទៅតែម្តង ។ អ្វីដែលបានជះឥទ្ធិពលល្អ ដល់សង្គមក្នុងព្រឹត្តិការណ៍ការជិះកង់នេះ មិនត្រឹមតែផ្តល់ នូវសុខភាពប៉ុណ្ណោះនោះទេ ពួកគេក៏អាចឆ្លៀត​ឱកាសនេះ រៃអង្គាសថវិកា ដើម្បីជួយដល់ការងារសង្គមផ្សេងៗផងដែរ ។

លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ បានឲ្យដឹងថា “ពួកគេធាក់កង់ដើម្បីសុខភាព ទន្ទឹមនឹងនោះពេលខ្លះ គឺពួកគេគាត់បានឆ្លៀតពេល ធាក់កង់រៃអង្គាសថវិកា ដើម្បីជួយដល់សង្គមផ្សេងៗ កន្លងមក ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង នៅខាងសមាគមពួកខ្ញុំ ក្នុងឱកាសប្រារព្ធខួបលើកទី១១ឆ្នាំ នៃការបង្កើតសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ពួកខ្ញុំ បានរៀបចំកម្មវិធីមួយ នៅខេត្តសៀមរាប គឺពេលនោះ គឺយើងជិះកង់រៃអង្គាស គៀងគររកថវិកា ជួយទ្រទ្រងមន្ទីរពេទ្យគន្ធាបុប្ផា​ ។ ដូច្នេះយើងមិនមែនជិះកង់ ដើម្បីរឹតចំណងមិត្តភាព រវាងអ្នកដែលស្នេហា វិស័យកីឡាជិះកង់ គឺយើងធ្វើការងារជួយទៅដល់សង្គមផងដែរ” ។

លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ បានបន្តថាព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៤៖៤៥ព្រឹកថ្ងៃទី៣ ខែកញ្ញា ហើយមិនត្រឹមតែក្នុងគោលបំណង ដើម្បីសុខភាពនោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយក្នុងស្មារតី យុវជនអរគុណសន្តិភាព ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់ កីឡាជិះកង់ ការស្វែងរកមូលនិធិ សម្រាប់ជួយសង្គម ក៏ដូចជា ដើម្បីស្វែងយល់ពីសក្តានុពល នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងចូលរួមផ្សព្វផ្សយវិស័យទេសចរណ៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកបានបន្ថែមថា ក្រៅពីការជិះកង់មើលពីសក្តានុពល​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ក្រុមរបស់លោក ក៏នឹងបន្តដំណើរដើម្បីជិះកង់ ទៅទស្សនាពីការអភិវឌ្ឍ និងសក្តានុពលនៃការរីកចំរើន នៅក្នុងព្រះសីហនុ ជាមួយនឹងការទៅឱ្យដល់ផ្ទាល់ នៅចំណុច «ខ្មែរធ្វើបាន»ផងដែរ។

ជាមួយគ្នានោះ លោក ហាក់ មោង អ្នកសម្របសម្រួលបច្ចេកទេសជិះកង់ បានឱ្យដឹងថា អ្នកចូលរួមជិះកង់ នឹងត្រូវឈប់សម្រាកចំនួន៤កន្លែង បន្ទាប់ពីចាប់ផ្តើមនៅដើមទី​ នៃភូមិសាស្ត្រ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីឈប់សម្រាកនោះ មាននៅត្រង់គីឡូម៉ែត្រលេខ៦០, គីឡូម៉ែត្រលេខ៩០, គីឡូម៉ែត្រលេខ១២០, និងគីឡូម៉ែត្រលេខ១៥០ មុនដល់គោលដៅចុងទី គឺគីឡូម៉ែត្រលេខ១៨២ និងបន្តឆ្ពោះជិះតាមវិថីនានា នៅក្នុងក្រុងព្រះសីហនុ ដើម្បីចលនាបំផុសទេសចរ។

លោក ហាក់ មោង បានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍ជិះកង់ ក្រុមការងារក៏បានរៀបចំទាំងសម្ភារ និងឧបករណ៍ផ្សេងៗ ដើម្បីធ្វើយ៉ាងសម្រួលដល់អ្នកជិះកង់ទាំងអស់ បានធ្វើដំណើរដោយរលូនល្អ ដោយបានត្រៀមជាក្រុម សម្របសម្រួលឡានពេទ្យ និងក្រុមរៀបចំបើកផ្លូវផ្សេងៗផងដែរ។

ក្នុងនាមជាដៃគូសហការ ក្នុងព្រឹត្តិការណ៍ខាងលើនេះ លោក កែវ សិទ្ធ នាយកផ្នែកលក់ នៃសណ្ឋាគារសុខា ដែលជាក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលចាប់អារម្មណ៍សហការ ក្នុងព្រឹត្តិការណ៍នេះ បានឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោក តែងតែគាំទ្រព្រឹត្តិការណ៍កីឡាកន្លងមក រួមទាំងការចូលរួមគ្រប់វិស័យ ឱ្យតែជាការងារជួយដល់សង្គមផ្សេងៗ ជាក់ស្តែងសម្រាប់កីឡាជិះកង់នេះ គឺជាឱកាសតែម្តងប៉ុណ្ណោះ សម្រាប់អ្នកស្រលាញ់កីឡាជិះកង់ បានជិះលើផ្លូវល្បឿនលឿន ដែលនេះជាអ្វីដែលក្រុមហ៊ុន ត្រូវតែចូលរួម ដែលនេះក៏ជាការជួយជំរុញ ដល់វិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ដែរថា បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹង ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅដើមខែតុលា ឆ្នាំ២០២២នេះ និងអនុញ្ញាត​ ឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះ១ខែ ដោយមិនគិតថ្លៃ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...