អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវាជ័យជម្នះ ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ

Date:

របបសង្គមរាស្ត្រនិយមរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ត្រូវធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែ មីនា ឆ្នាំ ១៩៧០ បង្កឡើងដោយលោកសេនាប្រមុខ លន់ នល់ និងបក្ខពួក។ ចំណែក ប៉ុល ពត គឺជាមេដឹកនាំម្នាក់ក្នុងចំណោមក្រុមអ្នកតស៊ូទាំងឡាយ ក្នុងរង្វង់កងកម្លាំងខ្មែរក្រហមដែលធ្វើសង្រ្គាមប្រឆាំងជាមួយនឹងលោក លន់ នល់ ដែលបង្កើតរបបសាធារណរដ្ឋខ្មែរ។

ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ត្រូវបានផ្តួលរំលំ ហើយ ប៉ុល ពត ពេលនោះ បានក្លាយជាអគ្គលេខាបក្សដឹកនាំប្រទេស ដែលឋានៈស្មើនឹងនាយករដ្ឋមន្ត្រីក្នុងជំនាន់នោះ។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយប៉ុល ពត រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលធ្វើឱ្យមានមនុស្សស្លាប់ជិត ៣ លាននាក់។ របបដ៏ឃោរឃៅខ្មៅងងឹត ទមិឡឥតសាសនាមួយនេះ ត្រូវបានកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនេះជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដោយសហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានចូលមកជួយរំដោះប្រទេសនិងប្រជាជនកម្ពុជាបានទាន់ពេលវេលា ជួយសង្គ្រោះប្រជាជនស្លូតត្រង់រាប់លាននាក់ពីការសម្លាប់ ដោយទទួលបានជ័យជំនះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។

នេះក៏ដោយសារ កងទ័ពស្ម័ត្រចិត្តរបស់ប្រជាជនវៀតណាម បានឆ្លើយតមទាប់ពេលវេលា តាមការស្នើសុំរបស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ទើបអាចជួយសង្គោះប្រជាជនកម្ពុជាឱ្យរួចផុតពីការសម្លាប់។ បន្ទាប់ពីទទួលបានជ័យជម្នះ កងទ័ពស្ម័គ្រចិត្ត វៀតណាម បានបន្តជួយបណ្តុះបណ្តាល រហូតដល់កងទ័ពកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលបានរត់ទៅបន្តលាក់ខ្លួនតាមព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើសង្គ្រាមនៅតាមព្រំដែល កម្ពុជា-ថៃប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ទើបកងទ័ពស្ម័គ្រចិត្តវៀតណាម សម្រេចចិត្តដកទ័ពចេញពីប្រទេសកម្ពុជាទាំងស្រុងនៅឆ្នាំ១៩៨៩។

ដើម្បីស្វែងរកសន្តិភាពឱ្យទាំងស្រុងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញ និងអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ចាប់ផ្តើមពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៩៩៦ ដល់ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ដើម្បីកម្ចាត់អង្គការចាត់តាំងនយោបាយ និងកម្លាំងយោធាខ្មែរក្រហមទាំងស្រុងកុំឱ្យវិលត្រឡប់មកវិញ។ នយោបាយឈ្នះ-ឈ្នះ នេះមានចំណុចសំខាន់ៗ ចំនួន ៣ គឺទី១ ការធានាដល់អាយុជីវិតនិងសុវត្ថិភាពរបស់អតីតគូបដិបក្ស ទី ២ ការផ្តល់ការងារនិងអាជីពដល់អ្នកដែលបានដាក់អាវុធ និងទី ៣ ការទទួលស្គាល់កម្មសិទ្ធិលើទ្រព្យ ជាពិសេសដីនិងអគារដែលពួកគេកាន់កាប់។

សូមរំលឹកផងដែរថា ប្រទេសកម្ពុជា ដែលពីមុនជាប្រទេសមួយត្រូវទទួលរងការហ៊ុមព័ទ្ធនិងដាក់ឱ្យនៅឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច នាសម័យសង្គ្រាមត្រជាក់ ប៉ុន្តែពេលនេះបានក្លាយជាប្រទេសមួយ ដែលកំពុងធ្វើសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្ម ដោយឈរស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។ ទាំងអស់នេះសរបញ្ជាក់ឱ្យ ឃើញថា ក្រោយថ្ងៃជ័យជម្នះនាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ បាននាំប្រទេសកម្ពុជា ឱ្យសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ឈានទៅរកការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការរបស់ជាតិ។

ថ្លែងក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ – ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥) នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា៖ កម្ពុជាផ្តល់សារៈសំខាន់ ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យនិងគ្រប់កម្រិត ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ការទទួលបានឯករាជ្យគឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់ ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាមកាលពី ៨០ ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអគ្នេយ៍រួមទាំងកម្ពុជាផងដែរ ឱ្យងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម។

សម្តេច ក៏បានគូសរំលេចបន្ថែមទៀតថា៖ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរជាផ្លូវការ នៅឆ្នាំ ១៩៦៧ មក ប្រជាជនកម្ពុជា និង វៀតណាម រក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅនិងភាពជាដៃគូដ៏ល្អប្រសើរ។ ចំណងមិត្តភាពជាប្រពៃណីនេះត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ ដឹកនាំបក្សនិងរដ្ឋាភិបាល វៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន។ ស្របពេលដែលទំនាក់ទំនងដ៏ជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម មានការរីកចម្រើនជាលំដាប់ ប្រទេសទាំងពីរនៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងអតីតកាល។

លោកបញ្ជាក់ថា នោះគឺក្នុងគ្រាដែលប្រជាជនកម្ពុជាបានលះបង់និងគាំទ្រវៀតណាម ក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដីនិងឯករាជ្យរបស់វៀតណាម និង ការលះបង់របស់កងទ័ពស្ម័គ្រចិត្តនិងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និងជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ។ នេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ។

ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើង ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញ ទៅមក ជួយគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និង វិបុលភាពនៅក្នុងតំបន់។ ប្រទេសទាំងពីរបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និង គាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងក្របខ័ណ្ឌអនុតំបន់ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក។

ទាំងនេះសរបញ្ជាក់ឱ្យឃើញថា កម្ពុជា និងវៀតណាម តែងតែឈរប្រកៀកស្មាជាមួយគ្នា ប្រយុទ្ធតស៊ូ ដើម្បីដណ្ដើមឯករាជ្យ និងសុខសន្តិភាពជូនប្រទេស និងប្រជាជនរៀងៗខ្លួន ហើយតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ប្រកបដោយភាពស្មោះត្រង់ ជាពិសេសបំផុតនោះគឺក្នុងគ្រាដែលប្រជាជនកម្ពុជាបានលះបង់ និងគាំទ្រវៀតណាមក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដីនិងឯករាជ្យរបស់វៀតណាម និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំនិងជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍និងជួយកម្ពុជាកសាងប្រទេសឡើងវិញ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ៕

ដោយ៖ អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...