event

ការចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC) និង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA)

ភ្នំពេញ ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និង សម្ព័ន្ធសាហគមន៍កសិកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងរួម ដូចខាងក្រោម៖
១. អិលអូអិលស៊ី នឹងផ្តល់សេវាឥណទានដល់សមាជិករបស់ AC(s) និង UAC(s) ដែលមានតម្រូវការឥណទានដើម្បីប្រើប្រាស់សម្រាប់សង្វាក់ផលិតកម្មកសិកម្ម។
២. អិលអូអិលស៊ី នឹងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សមាជិករបស់ AC(s) និង UAC(s)។

៣. អិលអូអិលស៊ី នឹងផ្តល់សេវាទូទាត់ដល់សមាជិករបស់ AC(s) និង UAC(s) តាមរយៈគណនីបញ្ញើសំចៃ និងការប្រើប្រាស់ iPay Mobile App របស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់សមាជិករបស់ AC(s) និង UAC(s) ក្នុងការទូទាត់ប្រាក់។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលពិធីចុះហត្ថលេខានេះបង្ហាញពីការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាផ្លូវការរវាង អិលអូអិលស៊ី និង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។”

លោកបានបន្តទៀតថា “អិលអូអិលស៊ី និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នឹងមានកិច្ចសហការគ្នាយ៉ាងល្អ ក្នុងដំណើរការផ្តល់ឥណទានដល់សមាជិករបស់ AC(s) និង UAC(s) ប្រកបដោយភាពរលូន និងឆាប់រហ័ស ដើម្បីជួយសម្រួលដល់សមាជិកដែលមានតម្រូវការឥណទានសម្រាប់សង្វាក់ផលិតកម្មកសិកម្មរបស់ខ្លួន។ អិលអូអិលស៊ី នឹងចែករំលែកចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសការគ្រប់គ្រងប្រាក់កម្ចីឱ្យបានត្រឹមត្រូវដល់សមាជិករបស់ AC(s) និង UAC(s) ដើម្បីឱ្យពួកគាត់អាចចាត់ចែងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើនេះដែរ អិលអូអិលស៊ី នឹងផ្តល់សេវាទូទាត់ប្រកបដោយភាពងាយស្រួលដល់សមាជិកទាំងអស់ តាមរយៈគណនីបញ្ញើសំចៃ និងការប្រើប្រាស់ iPay Mobile App របស់ខ្លួន ”។

ក្នុងឱកាសនោះដែរ លោក ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល របស់សម្ព័ន្ធសហគមន៍កសិកម្ម កម្ពុជា (CACA) បានមានប្រសាសន៍ថា “ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលពីធីចុះហត្ថលេខានេះ ពិតជាមានសារៈសំខាន់ណាស់ ចំពោះវិស័យកសិកម្មនៅកម្ពុជា ជាពិសេសសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលសមស្រប ប្រកបដោយការទទួលខុសត្រូវពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ” ។

លោក ឧកញ៉ា បានគូសបញ្ជាក់ថា “ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និង និរន្តរភាព គឺពិតណាស់យើងត្រូវពង្រឹង សមត្ថភាពរបស់សហគមន៍ កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលត្រូវការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ដែលកន្លងមក សម្ព័ន្ធសហគមន៍កសិកម្ម កម្ពុជា បានខិតខំស្វែងរកដៃគូ និងពិភាក្សាគ្នារហូតឈានដល់ការចុះកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន និងស្ថាប័ននានាចំនួន ១២ រួចមកហើយរួមមាន៖ ម្ចាស់ជំនួយ/ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនទីផ្សារ (ទិញ/លក់) ក្រុមហ៊ុនធាតុចូលកសិកម្ម និងអង្គការ ឬសមាគមវិជ្ជាជីវៈដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងគោលបំណងសំខាន់ផ្តោតលើការគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម។ “

អំពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា
សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា “CACA” ត្រូវបានបង្កើតឡើងស្របតាមបទប្បញ្ញត្តិ និងនីតិវិធីច្បាប់ស្តីពីសហគមន៍កសិកម្ម និងបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្នុងគោលបំណង ជាតំណាងស្របច្បាប់នៃ “AC(s)” ឬ “UAC(s)” នៅទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពរបស់ ACs/UACs ហើយរំពឹងថាពួកគេអាចបំពេញបេសកកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គមនៅកម្រិតសហគមន៍បានកាន់តែប្រសើរឡើង ហើយការនេះនឹងរួមចំណែកដល់ការអភិវឌ្ឍនសេដ្ឋកិច្ចរបស់កម្ពុជា។
លើសពីនេះទៀត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នឹងដើរតួរយើងសំខាន់ក្នុងការសម្របសម្រួលដល់ធាតុចូលកសិកម្មដូចជា ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត គ្រឿងចក្រ និងឧបករណ៍កសិកម្ម ប្រេងសាំង និងជាពិសេសជួយសម្រួលដល់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ដូចជា សេវាប្រាក់កម្ចីសម្រាប់សហគមន៍កសិកម្ម ការសន្សំប្រាក់ និងការអប់រំផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការស្វែងរកទីផ្សារសម្រាប់ សហគមន៍កសិកម្ម និងកសិករនៅកម្ពុជា។ CACA ក៏ផ្តល់ការ
បណ្តុះបណ្តាល និងសេវាសវនកម្មផងដែរសម្រាប់សមាជិករបស់ CACA ទាំងអស់។

អំពីអិលអូអិលស៊ី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ មីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ដែលផ្តោតលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនសហគ្រិន និងក្រុមគ្រួសារដែលស្ថិតក្នុងសេដ្ឋកិច្ចពីរ៉ាមីត នូវឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិតរបស់ពួកគេ។

ក្នុងរយៈពេលជាង ២៧ឆ្នាំ នៃការអភិវឌ្ឍន៍ និងការរីកចម្រើនឥឈប់ឈររបស់ខ្លួន អិលអូអិលស៊ី បានពង្រឹងជំហរយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងបានក្លាយខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើនាំមុខគេ ដែលមានសមតុល្យប្រាក់បញ្ញើ ផលប័ត្រប្រាក់កម្ចី និងចំនួនអតិថិជនកម្ចីខ្ពស់ជាងគេលំដាន់ទី៣ ក្នុងប្រទេស។

បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយជូនអតិថិជនរបស់ខ្លួន រួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាភតិសន្យាហិរញ្ញវត្ថុ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត និងសេវាបង់ប្រាក់ ។ល។

Most Popular

To Top