event

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការ​ជា​មួយ Western Union ដើម្បី​ពង្រីក​វិសាលភាព​សេវា​ផ្ញើប្រាក់​អន្តរជាតិ​

ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​ពង្រីក​វិសាលភាព​សេវា​​ផ្ញើ​​​ប្រាក់អន្តរជាតិ​​របស់ខ្លួន​​តាមរយៈ​​កិច្ចសហការ​ជាមួយ​ Western Union ដែលជា​ក្រុមហ៊ុនផ្តល់សេវា​ផ្ញើ​ប្រាក់​​ដ៏​ល្បីឈ្មោះ​​លំដាប់​​ពិភពលោក។ សេវា​ថ្មី​នេះ​កំពុង​ត្រូវ​បាន​ផ្តល់ជូន​ដើម្បី​​ជា​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋកម្ពុជា​នៅទូទាំង​ពិភពលោក។

ក្រុមហ៊ុន ទ្រូម៉ាន់នី ឥឡូវ​នេះ​កំពុង​ផ្តល់ជូន​សេវា​ទទួល​សាច់ប្រាក់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់​ដោយ​ប្រើប្រាស់​សេវា​ផ្ញើ​ប្រាក់អន្តរជាតិ​របស់ក្រុមហ៊ុន​ Western Union។

ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់​នៅ​និង​ធ្វើ​ការនៅក្រៅ​ប្រទេស និង​ធ្វើដំណើរ​ទៅ​​ក្រៅ​ប្រទេស​ អាច​ប្រើ​ប្រាស់​សេវា​ផ្ញើប្រាក់ Western Union នៅ​ទូទាំង​ពិភព​លោក​ដើម្បី​ផ្ញើប្រាក់​មក​កាន់​​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​​នៅឯ​ផ្ទះ​ក្នុងប្រទេស​កម្ពុជា។ ក្រុមគ្រួសារ និង​មិត្តភ័ក្តិ​ខ្មែរ​របស់​ពួកគេ​ឥឡូវ​នេះ​អាច «ដក​ប្រាក់» បញ្ញើ​នេះ​នៅ​ភ្នាក់ងារទ្រូម៉ាន់នី​ដែល​ចូល​រួម​បម្រើ​សេវារបស់ Western Union​ នេះ។

លោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្ម ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​ចំណុច​ជួយ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​​ពិត​ប្រាកដ​មួយ ដោយ​​សារ​​ថា ​ការ​​ផ្តល់​សេវា​​​នេះ​ជា​មួយនឹង​ក្រុមហ៊ុន​ផ្ញើ​ប្រាក់ដ៏ធំ​លំដាប់​​ពិភពលោក នឹង​ពង្រីក​វិសាលភាព និង​​សេវាកម្ម​របស់ក្រុមហ៊ុន​ ទ្រូម៉ាន់នី នៅ​ទូទាំង​ពិភព​លោក ដើម្បី​​ជា​​ប្រយោជន៍​ដល់​​ប្រជាជន​​កម្ពុជា​​ទាំង​​​អស់​​នៅ​បរទេស មិនថា​ពួកគេ​នៅទីកន្លែងណា​នោះទេ»។

ក្រុមហ៊ុន ទ្រូម៉ាន់នី នឹង​ដាក់​ដំណើរ​ការ​សេវា Western Union ជា​មួយ​ភ្នាក់ងារ​​​ចំនួន ១ពាន់​ភ្នាក់ងារ​ដំបូងចាប់ពីថ្ងៃនេះតទៅ ហើយរំពឹង​ថា​នឹង​ដាក់​ដំណើរការ​សេវា​នេះ​ជាមួយ​ភ្នាក់ងារ ១​ពាន់​ភ្នាក់ងារ​ផ្សេងទៀត​ត្រឹម​ឆ្នាំ​២០២៣។

លោក អ៊ាប បូណារ៉ូ  បាន​បន្ថែម​ថា៖ «យើង​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ការ​ប្រើប្រាស់​​សេវា​​នេះ​​ដោយ​​ពលករ​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​ថៃ។ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ដំណើរ និង​ធ្វើការ​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី កូរ៉េ ជប៉ុន និង​​ទីកន្លែង​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភព​លោក​ ក៏​នឹង​អាច​ទទួល​បាន​​ប្រយោជន៍​ផង​ដែរ​ពី​ការដាក់​បន្ថែមសេវា​ថ្មី​នេះ​ទៅ​ក្នុងកញ្ចប់​សេវា​ហិរញ្ញវត្ថុ​របស់​យើងដែរ»។

តាម​រយៈ​ការ​បង្កើត​ខ្លួន​ឯង​ឱ្យ​​ក្លាយ​ជា​ក្រុមហ៊ុន​​ផ្តល់​សេ​វាកាបូប​ប្រាក់​អេឡិចត្រូនិក (E-wallet) ដ៏​ពេញ​និយ​ម​ប្រើ​​ប្រាស់​​នៅ​កម្ពុជា គោល​បំណង​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី គឺ​ដើម្បី​ផ្តល់​សេវា​ដ៏​សំខាន់​មួយ​បន្ថែមទៀតដល់​អ្នក​ដែលកំពុង​រស់នៅ ធ្វើ​ការ ធ្វើអាជីវកម្ម និង​ធ្វើដំណើរ​​នៅ​ក្រៅ​ប្រទេស។

លើស​ពី​នេះទៀត ក្នុងនាមជាស្ថាប័ន​​​ហិរញ្ញវត្ថុ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី ស្ថិត​ក្នុង​តួនាទី​ដ៏សំខាន់​មួយ​ក្នុងការ​គាំទ្រ​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្ន​មាន​វត្តមាន​​នៅ​លើ​ទីផ្សារ​ចំនួន៦ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួមមាន​ប្រទេស​ថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

លោក អ៊ាប បូណារ៉ូ បាន​ឱ្យដឹង​ទៀត​ថា៖ «យើង​ចង់​ធ្វើ​ឱ្យ​ការ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ​មាន​លក្ខណៈ​សាមញ្ញ​​តាម​​ដែល​​អាច​​ធ្វើ​ទៅ​បាន។ នេះ​គឺ​​ជា​​មូលហេតុ​ដែល​យើង​បន្ត​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​​ឱ្យ​ដំណើរការ​​និង​នីតិវិធី​មានភាព​សាមញ្ញ»។

ផ្អែកលើ​បទពិសោធ​កន្លងមក​ក្នុងការ​ផ្តល់ជូន​សេវា​បែបនេះ​នៅទូទាំង​តំបន់​អាស៊ី ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា​នឹងមាន​ការ​ប្រើប្រាស់សេវាថ្មី​នេះច្រើន​ក្នុងអំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិខាងមុខ ​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ និង​ពិធី​បុណ្យអុំទូកជា​ច្រើន៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏​ពេញ​និយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

Most Popular

To Top